សន្តអាសនៈមិនគាំទ្រសេណារីយូរឿងបញ្ជូនទ័ពទៅជួយអ៊ុយក្រែន
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអសនៈបានថ្លែងថា អន្តរាគមន៍យោធារបស់សហភាពអឺរ៉ុបនៅអ៊ុយក្រែនគឺ ជារឿង«គួរឱ្យភ័យខ្លាច»។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាទស្សនៈរបស់លោកកាឌីណាល់ ក្រោយពេលដែលមានការលើកឡើងដោយលោកអេម៉ានូអែល ម៉ាក្រុង ( Emanuel Macron) ប្រធានាធិបតីបារាំង ដែលថាអឺរ៉ុបអាចបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែន។
លោកកាឌីណាល់បាននិយាយកាលពីរសៀលថ្ងៃអង្គារថា «វាជាសេណារីយ៉ូដ៏គួរឱ្យភ័យខ្លាច» ព្រោះវានឹងនាំមកនូវការកើនឡើងកំដៅដែលយើងតែងតែព្យាយាមជៀសវាងតាំងពីដំបូងមក។
លោក កាឌីណាល់ បានបន្ថែមថា មធ្យោបាយល្អបំផុតគឺ ការស្វែងរកវិធីដើម្បីធ្វើឱ្យភាគីទាំងពីរចាប់ផ្តើមនិយាយ និងពិភាក្សាគ្នា។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថា «ខ្ញុំជឿថាប្រសិនបើយើងនិយាយគ្នា ដំណោះស្រាយនឹងរកឃើញ»។
លោកកាឌីណាល់បានបន្តថា ការដែលលោកម៉ាក្រុងនិយាយបែបនេះវាអាចដោយសារតែ សង្រ្គាមពីរឆ្នាំកន្លងមកនេះ នៅតែគ្មានដំណោះស្រាយ នៅតែគ្មានព្រំដែនដែលត្រូវបញ្ចប់ ហើយក៏គ្មានដំណោះស្រាយ គ្មានការចរចារ។
មកដល់ពេលនេះ សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តដោយគ្មានដឹងថ្ងៃបញ្ចប់ខណៈដែលសង្រ្កាមនេះ បានអូសបន្លាយជាង២ឆ្នាំរីឯគ្រោះមហន្តរាយនិងការភិតភ័យដោយសង្រ្គាមនៅតែលងពលរដ្ឋរាល់ថ្ងៃ៕