សម្តេចប៉ាបលុបចោលកម្មវិធីចូលរួមកិច្ចប្រជុំអន្តរជំនឿដើម្បីសន្តិភាពនៅអាស៊ីស៊ី
ដោយសារតែការគោរពតាមយោបល់របស់ក្រុមវេជ្ជបណ្ឌិតដែល តម្រូវឱ្យ ទ្រង់សម្រាកច្រើនក្រោយពេលវះកាត់ សម្តេចប៉ាប ឡេអូ ទី១៤ បានសម្រេចមិនចូលរួមកិច្ចប្រជុំអន្តរជំនឿស្តីអំពីសន្តិភាពពិភពលោកនៅទីក្រុងអាស៊ីស៊ី ប្រទេសអ៊ីតាលី ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះឡើយ។
ការិយាល័យព័ត៌មាននៃ បរិសុទ្ធអាសនៈ បានប្រកាសកាលពីថ្ងៃសុក្រថា សម្តេចប៉ាបនឹងមិនយាងដំណើរទៅកាន់ទីក្រុងអាស៊ីស៊ីនោះទេ។ ការសម្រេចចិត្តនេះធ្វើឡើងតាមការណែនាំរបស់ក្រុមវេជ្ជបណ្ឌិត ដែលតម្រូវឱ្យទ្រង់រក្សាពេលវេលាសម្រាកបន្ថែមទៀតសម្រាប់ការជាសះស្បើយ បន្ទាប់ពីទ្រង់បានទទួលការវះកាត់សួតកាលពីពេលថ្មីៗនេះ។
សម្តេចប៉ាបគ្រោងយាងចូលរួមកិច្ចប្រជុំអំពី «សន្តិភាពដោយគ្មានអាវុធ និងការលុបបំបាត់អាវុធ» ដែលរៀបចំឡើងដោយសហគមន៍ សន្តអេជីឌីយ៉ូ (Sant’Egidio) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងឱកាសខួបលើកទី៤០ នៃទិវាអធិស្ឋានពិភពលោកដើម្បីសន្តិភាព ដែលផ្តួចផ្តើមឡើងដោយសម្តេចប៉ាប យ៉ូហាន ប៉ូល ទី២ នៅទីក្រុងអាស៊ីស៊ី កាលពីឆ្នាំ១៩៨៦។
ការិយាល័យព័ត៌មាននៃ បរិសុទ្ធអាសនៈ បានបញ្ជាក់ថា ដើម្បីជួយដល់ដំណើរការជាសះស្បើយ បន្ទាប់ពីការវះកាត់ទ្រូងកាលពី ថ្ងៃអង្គារ សប្តាហ៍មុន សម្តេចប៉ាបនឹងមិនអាចចូលរួមកិច្ចប្រជុំស្តីពី «សន្តិភាពដោយគ្មានអាវុធ និងការលុបបំបាត់អាវុធ» នៅទីក្រុងអាស៊ីស៊ី នៅថ្ងៃទី២៧ ខែតុលា ដូចដែលបានគ្រោងទុកនោះទេ។
ជំនួសឱ្យ ការបង្ហាញវត្តមានរបស់ទ្រង់ សម្តេចប៉ាបនឹងផ្ញើសារមួយដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះគណៈកម្មការរៀបចំ ថ្នាក់ដឹកនាំ និងតំណាងមកពីនិកាយគ្រិស្តសាសនាផ្សេងៗ សាសនាដទៃទៀត ក៏ដូចជាអ្នកចូលរួមផ្សេងទៀតផងដែរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សម្តេចប៉ាបនៅតែជឿជាក់យ៉ាងមុតមាំថា ការសន្ទនាដែលកើតចេញពី «ស្មារតីនៃទីក្រុងអាស៊ីស៊ី» ព្រមទាំងការស្វែងរកពាក្យពេចន៍ និងកាយវិការនៃសន្តិភាព គឺជាធនធានដ៏មានតម្លៃនៅក្នុងសម័យកាលដែលពោរពេញដោយជម្លោះនាពេលបច្ចុប្បន្ន។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការពិនិត្យតាមដានដោយការថតកាំរស្មីអ៊ិច (X-ray) នៅតំបន់ទ្រូងរបស់សម្តេចប៉ាប បានបញ្ជាក់ថា ដំណើរការជាសះស្បើយរបស់សម្តេចប៉ាបក្រោយការវះកាត់គឺមានភាពល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យរបស់ទ្រង់បានណែនាំមិនឱ្យធ្វើដំណើរតាមឧទ្ធម្ភាគចក្រដូចដែលបានគ្រោងទុកនោះទេ ដោយចាត់ទុកជាវិធានការប្រុងប្រយ័ត្នមួយ ដោយសារពេលវេលាដែលបានកន្លងផុតទៅចាប់តាំងពីការវះកាត់មកនោះ នៅមានរយៈពេលខ្លីនៅឡើយ។
សម្តេចប៉ាប ឡេអូ បានទទួលការវះកាត់កាលពីថ្ងៃទី១៣ ខែតុលា ដើម្បីកាត់យកផ្នែកខាងក្រោមនៃសួតខាងស្តាំចេញ។
