សន្តអាសនៈត្រៀមសម្រួលការផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

សម្តេច​ប៉ាបហ្វ្រង់ស៊ីស្កូ បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មានការ​ផ្លាស់​ប្តូរ​អ្នក​ទោស​ទាំង​អស់​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលនៅក្នុងកម្មវិធីមួយកាលពីដើមសប្តាហ៍ថា សន្តអាសនៈសូម​ធានា​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ថា ខ្លួនបាន​ត្រៀម​ជា​ស្រេច​ដើម្បី​សម្រួល​រា​ល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​បញ្ហា​នេះ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​របួស​ធ្ងន់ធ្ងរ និងអ្នកមានជំ​ងឺ។

មកដល់ពេលនេះសម្តេចប៉ាប បានបន្តការអំពាវនាវឥតឈប់ឈរលើបញ្ហាសន្តិភាពនៅគ្រប់ទីកន្លែងដោយមានបន្ទូលថា សូមឱ្យយើងបន្តអធិស្ឋានសម្រាប់សន្តិភាពនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា និងទីកន្លែងនានា​។

សម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពសំខាន់ណាស់ ដូច្នេះគ្រប់គ្នាគួរតែស្វះស្វែងរកសន្តិភាព។​

រហូតមកដល់ពេលនេះ រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការដោះលែងអ្នកទោសជាច្រើននាក់មកហើ​យ ប៉ុន្តែក៏នៅមានអ្នកទោសសង្រ្គាមជាច្រើននាក់ទៀតនៅបន្តជាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។

កាលពីខែមករាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សាឡេនស្គី បានអះអាងថា​ទាហានអ៊ុយក្រែនប្រហែល ៣០០០ នាក់ត្រូវបានរំដោះ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយនឹងរុស្ស៊ី៕