លោក ចូ បៃដិន សង្ឃឹមថាសប្តាហ៍ក្រោយ នឹងមានបទឈប់បាញ់នៅហ្គាហ្សា
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់រវាងអ៊ីស្រាអែល និង ហាម៉ាស់នៅហ្គាហ្សានឹងអាចកើតមាននៅសប្តាហ៍ក្រោយ។
ការអត្ថាធិប្បាយរបស់លោក បៃដិន កើតមានចំពេលដែលមានរបាយការណ៍អំពីការរីកចម្រើនមួយចំនួនក្នុងការសន្ទនាដោយប្រយោលដែលមានការពាក់ព័ន្ធនឹងមន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ភាពវិជ្ជមាននេះវានឹងពាក់ព័ន្ធនឹងការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហាររបស់ពួកហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលាកាលពីឆ្នាំមុន។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយទេ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានឲ្យដឹងថា មន្ត្រីក្រុមហាម៉ាសបាននិយាយថា ភាគីទាំងពីរមិនទាន់មានពន្លឺណាមួយទាក់ទងនឹង កិច្ចព្រមព្រៀងបទឈប់បាញ់តាមដែលលោក បៃដិន បានស្នើនោះទេ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហាម៉ាស់នៅតែកំពុងសិក្សាគម្រោងព្រាងដែលនឹងរួមបញ្ចូលការផ្អាករយៈពេល ៤០ ថ្ងៃនៅក្នុងប្រតិបត្តិការយោធាទាំងអស់ និងការដោះដូរជនជាតិប៉ាឡេស្ទីនដែលឃុំខ្លួននៅក្នុងគុកអ៊ីស្រាអែលសម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែល។
នៅកន្លែងផ្សេងទៀត កងកម្លាំងអាកាសអេហ្ស៊ីប បានទម្លាក់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។
ទូរទស្សន៍ក្នុងស្រុកក្នុងទីក្រុងគែរបានដកស្រង់ប្រភពសន្តិសុខដែលបាននិយាយថា យន្តហោះបានទម្លាក់ជំនួយ រួមមានអាហារ និងគ្រឿងបរិក្ខារពេទ្យសម្រាប់ទឹកដីដែលត្រូវបានរារាំង។
ទន្ទឹមនឹងនេះដែរ យន្តហោះរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួនបីលើភូមិមួយនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ដោយបានសម្លាប់អ្នកប្រយុទ្ធ ហេស្បូឡានិងសមាជិកពីរនាក់នៃកងពលតូច al-Quds របស់ប៉ាឡេស្ទីន។
ការវាយប្រហារនេះបានកើតឡើងនៅពេលដែលក្រុមអ្នកប្រយុទ្ធ ហេស្បូឡាបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលនៅលើភ្នំ ដើម្បីសងសឹកចំពោះការទម្លាក់គ្រាប់បែកដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅភាគអាគ្នេយ៍នៃប្រទេសលីបង់៕