សម្តេចប៉ាបអធិដ្ឋានសុំសន្តិភាពនៅប្រទេសហៃទី និងសាមគ្គីភាពសកល
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានអធិដ្ឋានជាពិសេសសុំសន្តិភាពនៅក្នុងប្រទេសហៃទី និងមិនភ្លេចជំរុញមេដឹកនាំពិភពលោកអំពីសាមគ្គីភាពជាសកល។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានអធិដ្ឋានសម្រាប់ប្រជាជនហៃទីដែលកំពុងតែបន្តរងទុក្ខដោយសារអំពើហិង្សាកាន់តែអាក្រក់ទៅៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទ្រង់នៅតែរំលេចអំពីទុក្ខសោករបស់ ប្រជាជននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ុយក្រែន និងដែនដីបរិសុទ្ទពោលគឺនៅហ្គាហ្សា។
នៅពេលថ្លែងទៅកាន់គ្រិស្តបរិស័ទនៅទីលានសន្តសិលា សម្តេចប៉ាបបានបង្ហាញនូវហឫទ័យតាមដានដោយការព្រួយបារម្ភ និងចូលរួមរំលែកទុក្ខព្រួយចំពោះវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារនៅបណ្តាប្រទេសនាតំបន់ការីប៊ីន ដែលអំពើហិង្សារីករាលដាលបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សម្តេចប៉ាបបាន អំពាវនាវឲ្យអ្នករាល់គ្នាអធិស្ឋាននិងទូលអង្វរសុំព្រះជាម្ចាស់ដើម្បីឲ្យពិភពលោកអាចរកឃើញមធ្យោបាយ និងដំណោះស្រាយនៅក្នុងការបញ្ចប់អំពើហិង្សាទាំងអស់។
សម្តេចប៉ាបក៏បានលើកទឹកចិត្តដល់មនុស្សគ្រប់រូប ក្នុងការផ្តល់នូវការរួមចំណែករបស់ពួកគេ ដើម្បីសន្តិភាព និងការផ្សះផ្សាជាតិបានចាក់ឫសគល់នៅក្នុងប្រទេស ដោយមានការគាំទ្រជាថ្មីពីសហគមន៍អន្តរជាតិផងដែរ៕