លោកអភិបាល៖ គ្រីស្តបរិស័ទ គឺត្រូវអធិដ្ឋាន ស្រឡាញ់ និង បម្រើ

លោកអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​ត្រាស់ហៅ​បេក្ខជន​ចំនួន​១៨៥នាក់​ក្នុងភូមិភាគ​របស់លោក​ ក្នុងសប្តាហ៍ទី១​នៃ​រដូវ​អប់រំពិសេស ​ ដើម្បី​ឲ្យពួកគាត់​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ព្រះយេស៊ូមានព្រះជន្មរស់ឡើង​វិញ​ដ៏រុងរឿង​ខាង​មុខនេះ។

បេក្ខជន​ទាំងនោះ​មក​ពី​មណ្ឌល​សកម្មភាព​ចំនួន​១០ ក្នុងនោះរួមមាន ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាងត្បូង ភ្នំពេញថ្មី​ តាខ្មៅ កំពត តាកែវ ព្រះសីហនុ ផ្លូវ​ដ៏វិសុទ្ធ មេគង្គ និង​បាសាក់។

កម្មវិធី​នេះ​បាន​ធ្វើ​ពេញមួយថ្ងៃ កាលពីថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​ភ្នំពេញថ្មី នារាជធានីភ្នំពេញ ​ចាប់​ផ្តើម​ដោយមាន​សំណាក់ធម៌​ណែនាំពេញ​មួយព្រឹកពី​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អំពីតួនាទី​ជាគ្រីស្តបរិស័ទ និង​កិច្ចការងារ​ដែល​ត្រូវ​អនុវត្តប្រចាំថ្ងៃ ហើយ​ពេលរសៀល​មាន​ហាត់សម និង​ពិធីត្រាស់ហៅ​យ៉ាង​ឱឡារិកពីលោកអភិបាល។

ក្នុង​សំណាក់ធម៌​នេះ លោក​អភិបាល ពន្យល់អំពី​អគ្គសញ្ញា​ជ្រមុជទឹក គឺអ្នក​ទទួល​ពិធីនេះ ទទួលដង្ហើម​ថ្មី​នៅក្នុង ព្រះវិញ្ញាណ។  លោក​ថា៖ «បងប្អូនមានសំណាង ដោយសារបានទ​ទួលបទពិសោធ​ធ្វើ​ជា​មនុស្ស​ថ្មី ដែលមានលក្ខណៈ​ដូច​ព្រះជាម្ចាស់​ដែល​ពោរពេញ​ដោយក្ដីស្រឡាញ់។»

លោកអភិបាល​អូលីវីយ៉េ បាន​បង្ហាញ​ចំណុច​៣​សំខាន់ៗ ដើម្បី​អាច​ក្លាយជា​គ្រីស្តបរិស័ទ​សកម្ម​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ  ហើយ​ត្រូវ​ចារិក​ពាក្យទាំងនេះក្នុង​ជីវិត​ គឺ​អធិដ្ឋាន ស្រឡាញ់ និង​បម្រើ។

លោក​ថា គឺ​ត្រូវ​អធិដ្ឋាន​ដូច​ព្រះយេស៊ូ ទោះ​បី​ស្ថិត​នៅក្នុងការលំបាក សប្បាយ ឬទុក្ខព្រួយ ហើយ​ត្រូវ​អធិដ្ឋាន​ដោយ​មាន​ពេលកំណត់​​ទាក់់​ទង​ជា​មួយ​ព្រះជាម្ចាស់ជានិច្ច។ អធិដ្ឋាន​ដូច​ព្រះនាង​ម៉ារី ដោយ​អធិដ្ឋានក្នុង​ចិត្ត និង អរគុណព្រះជាម្ចាស់ជានិច្ច។ អធិដ្ឋាន​ដោយ​ថ្វាយបង្គំ​ដូច​ពួកហោរាចារ្យ ទោះមានឋានៈខ្ពស់ តែទៅរកព្រះយេស៊ូ និង ថ្វាយបង្គំព្រះឱរសដែលទន់ខ្សោយ​។

ជាមួយ​គ្នានេះ លោកអភិបាល​បាន​ជំរុញ​ឲ្យ​បេក្ខជន​ដែល​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹកទាំង​អស់ ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះជាម្ចាស់  គឺត្រូវ​មក​ព្រះវិហារ។ លោក​ថា «យើង​ជាពន្លកថ្មី ត្រូវ​សម្រេច​ចិត្ត​មក​ព្រះវិហារ​រាល់អាទិត្យ។  យើង​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះសហគមន៍ គឺ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។»

លោក​អភិបាល​បញ្ជាក់ថា យើងត្រូវ​ធ្វើ​ជាគ្រីស្ត​បរិស័ទ​សកម្ម  មិនត្រឹមតែ​ទៅ​វិហារ​អធិដ្ឋាន តែត្រូវ​បម្រើ​ដោយ​បញ្ចេញ​សកម្មភាព។ លោក​បាន​រំលឹកថា ក្នុង​ព្រះសហគមន៍​មាន​ក្រុម​បម្រើ​ជា​ច្រើន​ ដូចជា ពិធីបុណ្យ សង្គហៈ អប់រំជំនឿ កាយឫទ្ធិ រៀបផ្កា ធ្វើម្ហូប សម្អាតវិហារ។ល។ «សំខាន់​យើង​ត្រូវ​យល់​ថា យើង​ជាអ្នក​បម្រើ​ដោយ​ចិត្ត​ស្រឡាញ់។»

ក្នុងនោះដែរ លោកអភិបាល ជំរុញ​ឱ្យ​លោកបូជាចារ្យ​ក្នុង​មណ្ឌលសកម្មភាព​ទាំងអស់ ធ្វើ​ពិធីនា​នា​ឱ្យ​​​បេក្ខជន  និង ស្នើ​សុំ​ឱ្យ​ពួកគេ​តម​អាហារ​មួយថ្ងៃ​នៅរាល់ថ្ងៃសុក្រក្នុង​រដូវអប់រំពិសេស​នេះ​។

ការ​តម​អាហារ​ប្រៀបដូច​ជា​យើង​បាន​ចូលក្នុ​ងវាលរហោស្ថាន​ជាមួយ​ព្រះយេស៊ូ កន្លែង​ដែល​គ្មាន​ទឹកគ្មានមនុស្ស មានតែដីខ្សាច់ ធាតុអាកាស​ក្ដៅ និងសត្វតិរច្ឆាន ជាកន្លែងពិបាក តែ​ព្រះយេស៊ូ​នៅដើម្បី​​ភ្ជាប់ទំនាក់ទំនង​រវាងព្រះអង្គ​​និងព្រះបិតា​នៅក្នុងភាពស្ងៀមគ្មានអ្វីរំខាន តែត្រូវ​តស៊ូដោយអត់អាហារ ជម្រះចិត្តគំនិត​ជាមួយព្រះជាម្ចាស់។ 

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ តែង​ប្រារព្ធ​ពិធី​ត្រាស់ហៅ​បេក្ខជន​ឲ្យ​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ឬ​ហៅ​ថា​ ជំហានទី​២នេះ នៅ​​សប្ដាហ៍​ទីមួយនៃរដូវអប់រំពិសេស។

ម្យ៉ាងទៀត លោកអភិបាល​រំលឹក​ថា ការ​ចូលរួម​របស់​មណ្ឌលសកម្មភាពទាំងដប់ ដោយ​​មានគ្រូអប់រំជំនឿ បងធម៌ និងលោកបូជាចារ្យ​មួយចំនួន ជាសញ្ញាសម្គាល់ថា ព្រះសហគមន៍​​កំពុងមានជីវិតនិង​​រីកចម្រើន។ លោកថា «យើងគឺជាក្រុមពិសេស គឺជាថ្ម​ដែល​មាន​ជីវិត ដោយសារព្រះសហគមន៍របស់យើងពីមួយថ្ងៃទៅមួយថ្ងៃសម្ដែងធម៌មេត្តាករុណាផង ការអធិដ្ឋានផង និងបម្រើផង។»

យុវ័ន មីកាអែល លាក់​ លឿន អាយុ​២០ឆ្នាំ ជានិស្សិត​ឆ្នាំ​ទី៣ មកពីមណ្ឌលសកម្មភាព​តាកែវ ឲ្យដឹងថា គាត់​បាន​ស្គាល់ព្រះសហគមន៍​​តាម​រយៈ​ក្រុម​កុមារ​កាយឫទ្ធិ ក្នុង​ភូមិរបស់​គាត់​នៅ​គិរីវង់​ខេត្ត​តាកែវ។ លឿន​និយាយថា ក្នុងរយៈ​ពេលនេះ ​គាត់នឹង​ខិតខំ​តម​អាហារក្នុង​រយៈ​ពេល​៤០ថ្ងៃនេះ និង​រៀបចំ​ខ្លួន​ដើម្បី​ក្លាយជាគ្រីស្តបរិស័ទ និង​បម្រើ​ព្រះសហគមន៍​តាម​អំណោយទាន​របស់​ខ្លួន​មាន​។​ សព្វថ្ងៃនេះ លឿន​កំពុង​ចូលរួម​ក្នុង​ក្រុម​ចម្រៀង​របស់​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន​នារាជធានីភ្នំពេញ។​

យុវតី​លឿង លីណា អាយុ​២៣​ឆ្នាំ មកពី​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ឲ្យដឹងថា​នាង​ស្គាល់ព្រះសហគមន៍​តាំងពី​ឆ្នាំ​២០១៩ តាម​រយៈ​សាលា​បណ្តុះបណ្តាលវិជ្ជា​ជីវៈ​ដុនបូស្កូ​នាទីក្រុងភ្នំពេញ។ លីណា​មកពី​ក្រុម​គ្រួសារ​ពុទ្ធ​បរិស័ទ​បាន​ឲ្យដឹង​ទៀតថា ឪពុកម្តាយ​របស់​គាត់​ មិន​​ចង់​ឲ្យ​មកទទួល​ពិធីនេះ​ទេ​ ប៉ុន្តែ​នាង​ព្យាយាមពន្យល់​អំពី​បំណង​របស់​ខ្លួន និង​ការ​សិក្សា​អំពី​ជំនឿ​ក្នុង​រវាង​​​៣-៤ឆ្នាំកន្លងទៅ ដែល​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត​នឹង​ជីវិត​ជាគ្រីស្តបរិស័ទ​។​ ​

យុវតីរូបនេះ​បាន​ឲ្យដឹងថា ជីវិត​របស់នាងក្រោយ​​ពេល​ស្គាល់​ព្រះជាម្ចាស់​គឺ​មិន​​ឯកោទៀតឡើយ។ លីណា៖ «ពីមុន​ពេល​យើង​អត់សប្បាយចិត្ត អត់មានអ្នកណាគេ​នៅជាមួយយើងទេ ប៉ុន្តែ​ឥឡូវ ទោះបី​យើង​អត់សប្បាយចិត្ត​តែ​ងតែមានព្រះជាម្ចាស់​នៅ​ជាមួយយើង​និង​លើក​ទឹកចិត្ត​។»

លីណា​ប្រាប់ទៀតថា នាង​នឹង​ព្យាយាម​ធ្វើ​សកម្មភាព​បង្ហាញ​ជំនឿថ្មី​ទៅ​អ្នក​នៅ​ជុំវិញខ្លួន ជា​ពិសេស​​អំពី​របៀប​រស់នៅ​ជា​គ្រីស្តបរិស័ទ​។

ក្នុងពិធីត្រាស់ហៅ លោក​អភិបាល​​បាន​ហៅ​ឈ្មោះ​របស់​បេក្ខជន​ម្នាក់ម្តងៗ ​​ឲ្យ​មក​ខាង​មុខ​អាសនៈ អមដោយ​បងធម៌​របស់​ពួកគេផង ហើយ​លោកបាន​លាប​ប្រេង​លើ​ដៃ​របស់​ពួកគេម្នាក់ៗ និង​ផ្តល់នូវ​កន្សែង​ពណ៌ស្វាយ​ដែល​ពួកគេត្រូវ​បំពាក់​នៅ​រៀង​រាល់​​ពេល​មក​ព្រះវិហារ​រហូត​ដល់​ថ្ងៃបុណ្យ​ជ្រមុជទឹក។

ក្នុងឆ្នាំ​២០២៣​កន្លងទៅ ព្រះសហគមន៍​បានធ្វើ​​អគ្គសញ្ញាជ្រមុជទឹកដល់​មនុស្ស​ពេញវ័យ និងកុមារ​សរុបប្រហែល៣៩៧ ​ ដោយក្នុងនោះ​ភូមិភាគ​បាត់ដំបងមាន​ចំនួន​ ១៦៧នាក់ (មនុស្ស​ពេញវ័យ​ចំនួន​៦០នាក់ និង​កុមារចំនួន​១០៧នាក់)  ភូមិភាគ​កំពង់ចាម មាន​ចំនួន១២៦នាក់ (ពេញវ័យចំនួន១០៤នាក់ កុមារចំនួន​២២នាក់) និង​ភូមិភាគ​​ភ្នំពេញ​​ ទិន្នន័យកំពុងដំណើរការ ដោយដឹង​ថា​កាលពី​ពិធីត្រាស់ហៅ​បេក្ខជន​ក្នុងភូមិភាគ​ភ្នំពេញ ដោយ​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ​នាពីថ្ងៃទី២០ កុម្ភៈ​ មាន​​បេក្ខជន​ពេញ​វ័យចំនួន​១០៤នាក់។

ព្រះសហគមន៍​កាតូលិក​នៅ​ទូទាំង​ប្រទេសកម្ពុជា មាន​គ្រីស្តបរិស័ទ​សរុប​ប្រមាណ​២ម៉ឺននាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​១៦លាននាក់៕

 

អត្ថបទ​ដោយ៖ កែវ កញ្ញា