បេក្ខជន៩៧នាក់ ទទួលពិធីត្រាស់ហៅពីលោកអភិបាលភូមិភាគកំពង់ចាម
ក្នុងសប្តាហ៍ទី១នៃរដូវអប់រំពិសេស លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមធ្វើពិធីត្រាស់ហៅ បេក្ខជន៩៧នាក់កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅព្រះវិហារសន្តយ៉ូហានបាទីស្ត ប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅ ភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។
បេក្ខជនទាំងនេះ នឹងទទួលពិធីជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។
ក្នុងធម្មទេសនា លោកអភិបាលសិលា សួន ហង្សលី បានណែនាំបេក្ខជនទាំងអស់ ឱ្យប្រុងស្មារតីដោយត្រូវដឹងថា ពេលយើងជ្រមុជទឹកហើយ យើងក៏នឹងជួបការល្បួងដូចព្រះយេស៊ូដែរ ប៉ុន្តែសូមឲ្យយើងឈ្នះការល្បួង ដោយមានព្រះយេស៊ូជាគំរូ ជាកម្លាំងនិងជាទីពឹងរបស់យើង។ ដូច្នេះ នៅក្នុងរដូវសែសិបថ្ងៃនេះ សូមឲ្យយើងគិតថា តើយើងកំពុងរស់នៅក្នុងវាលរហោស្ថាន ដើម្បីឲ្យយើងកែប្រែចិត្តគំនិត វិលមករកសេចក្ដីល្អវិញ។
នៅក្នុងគម្ពីរ ព្រះយេស៊ូនៅវាលរហោស្ថានរយៈពេល៤០ថ្ងៃ ពេលនោះព្រះអង្គអត់ទទួលទានអាហារ ក្រោយមកមារល្បួង ហើយព្រះយេស៊ូបានឈ្នះការល្បួង។ លោកអភិបាលបញ្ជាក់។
ក្នុងរដូវអប់រំពិសេសដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ដែលមានរយៈពេល៤០ថ្ងៃ ជាពេលវេលាគ្រីស្តបរិស័ទត្រូវរិះគិតនិងកែប្រែចិត្តគំនិត រិះគិតព្រះបន្ទូល អធិដ្ឋាន តមអាហារនិងចែកទានដល់អ្នកក្រីក្រ។
លោកអភិបាលភូមិភាគកំពង់ចាម មានប្រសាសន៍ទៀតថា ការកែប្រែចិត្តគំនិត គឺកែប្រែពីអំពីអាក្រក់ទៅអំពើល្អ កែប្រែនូវអ្វីដែលយើងធ្លាប់រស់នៅពិបាកជាមួយអ្នកដទៃ ពិបាកជាមួយខ្លួនឯង និងពិបាកជាមួយព្រះជាម្ចាស់ ឲ្យយើងកែប្រែឲ្យរស់នៅបានល្អប្រសើរជាមួយគ្នាឡើងវិញ។
លោកអភិបាលហង្សលី បានបញ្ជាក់ដល់បេក្ខជនទាំងអស់ថា ពេលណាយើងជ្រមុជទឹក មានន័យថាយើងបានផ្លាស់ប្តូរជីវិតរបស់យើងយ៉ាងធំ យើងត្រូវបញ្ឈប់គោរពអ្នកតា ឈប់កាប់ក្របីកាប់គោដើម្បីសែន ផ្លាស់ប្រែពីជំនឿចាស់របស់ខ្លួនមកកាន់ជំនឿថ្មីតាមរបៀបព្រះយេស៊ូ។
លោកបញ្ជាក់ថា ក្នុងជីវិតជាក្រីស្តបរិស័ទមិនងាយស្រួលឡើយ គឺត្រូវជួបនូវការលំបាក ដូចលោកលោកណូអេ មានគេសើច គេឆ្ងល់ ហេតុអ្វីយើងត្រូវជឿលើព្រះយេស៊ូនេះ។ ដូច្នេះ មានតែមនុស្សដែលទទួលការបំភ្លឺពីព្រះជាម្ចាស់ ដែលសម្រេចចិត្តដើរតាមផ្លូវមួយ ដើម្បីទទួលការសង្គ្រោះ។
លោកអភិបាលបានសំណូមពរដល់បេក្ខជនឲ្យចេះថែរក្សាជំនឿឲ្យបានរឹងមាំ និងសូមឲ្យបងធម៌ និងគ្រីស្តបរិស័ទនៅតាមព្រះសហគមន៍នីមួយៗ រស់នៅជាគំរូដល់ពួកគាត់ និងជួយណែនាំឲ្យពួកគាត់មានជំនឿរឹងមាំផង។
បេក្ខជនទាំង៩៧នាក់ បានជួបជុំគ្នាមុនមួយថ្ងៃនាពេលរសៀល ដើម្បីទទួលការអប់រំណែនាំពីលោកអភិបាលសិលា សួន ហង្សលី អំពីអគ្គសញ្ញាជ្រមុជទឹក និងការរស់នៅជាគ្រីស្តបរិស័ទដែលមានរយៈពេល១ម៉ោងពេញ បន្ទាប់មកក៏មានពិធីអធិដ្ឋានតាមបែបតេហ្សេ ដើម្បីជួយឲ្យពួកគាត់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់និងត្រៀមខ្លួនសម្រាប់ពិធីត្រាស់ហៅ។
លោក ណាម ស៊ីចិន អាយុ២៤ឆ្នាំ មកពីព្រះសហគមន៍ដាក់ដាំក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកបានស្គាល់ព្រះសហគមន៍តាំងពីកុមារភាប ហើយបានទទួលការអប់រំជំនឿនៅកំពង់ចាមបាន២ឆ្នាំ។ អ្វីដែលលោកចាប់អារម្មណ៍នោះគឺការអប់រំជំនឿនាំឲ្យជីវិតរបស់គាត់ផ្លាស់ប្តូរ។
លោកថា ពេលដែលស្គាល់ព្រះសហគមន៍ និងព្រះយេស៊ូ ជួយឲ្យជីវិតប្រសើរជាមុន រាល់ពេលអស់កម្លាំង ឬបាក់ទឹកចិត្ត អស់សង្ឃឹម គាត់តែងតែអធិដ្ឋានទៅព្រះជាម្ចាស់ នាំឲ្យមានកម្លាំង និងក្តីសង្ឃឹមឡើងវិញ។
ស៊ីចិនបានបន្តថា៖ «ពេលដែលក្លាយជាគ្រីស្តបរិស័ទខ្ញុំនឹងនាំឲ្យមិត្តភក្តិ និងអ្នកជិតខាងស្គាល់ព្រះយេស៊ូដូចខ្ញុំដែរ។»
បេក្ខជន៩៧នាក់ដែលមកពីព្រះសហគមន៍រលៀក៣នាក់ បុសខ្នុរ៥នាក់ មេមត់៣នាក់ ក្តុលលើ១៥នាក់ កំពង់ចាម៤នាក់ ព្រៃវែង៤នាក់ អ្នកលឿង៩នាក់ កអណ្តើក៣នាក់ រតនគិរី៤នាក់ កែវសីមា១៥នាក់ និងប៊ូស្រា៣៣នាក់។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលព្រះសហគមន៍កាតូលិកនៅភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បានត្រាស់ហៅបេក្ខជនចំនួន១៨៥នាក់ ចំណែកលោកអភិបាលអេនរីគេ ហ្វីការេដូ នៃភូមិភាគបាត់ដំបងបានត្រាស់ហៅបេក្ខជនចំនួន៦១នាក់ ដែលនឹងត្រូវទទួលអគ្គសញ្ញាជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ៕
ដោយ៖ លោក ម៉េង ភីឡុង