លោកអគ្គអភិបាលហ្វីលីពីនស្នើឲ្យបេសកជនកាតូលិកឌីជីថលអាស៊ី ចេះខ្សឹបប្រាប់សាធារណជនអំពីវត្តមានព្រះយេស៊ូនៅអាស៊ី
លោកអគ្គអភិបាល ជីលបឺត ហ្គាចេរ៉ា (Gilbert Garcera) ប្រធានសភាលោកអភិបាលកាតូលិកហ្វីលីពីនបានស្នើឲ្យក្រុមអ្នកបេសកជនកាតូលិកឌីជីថល និយាយនិងខ្សឹបអំពីវត្តមានរបស់ព្រះគ្រីស្តដល់អ្នកគាំទ្ររបស់ខ្លួនក្នុងទ្វីបអាស៊ី ដោយស្តាប់ គោរពវប្បធម៌ និងនាំសេចក្តីពិតនិងសេចក្តីសង្ឃឹមដល់ពិភពឌីជីថល។
លោកអគ្គអភិបាលបានថ្លែងនៅក្នុងពិធីថ្វាយអភិបូជានៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមបេសកជនកាតូលិកឌីជីថលនៅអាស៊ី កាលពីថ្ងៃទី១១ ខែកញ្ញានៅស្ថានីយវិទ្យុវើរីតាសអាស៊ី នៅទីតំបន់គេហ្សុន (Quezon) ប្រទេសហ្វីលីពីនថា រាល់ចំណងជើងអត្ថបទ រូបថត វីដេអូ ការបង្ហោះ និងរឿងរ៉ាវ សុទ្ធតែឆ្លុះបញ្ចាំងពីការជ្រើសរើស។
លោកបានជំរុញឱ្យអ្នកផ្សព្វផ្សាយ សួរខ្លួនឯងថា តើសំឡេងរបស់នរណាដែលត្រូវបានដាក់បញ្ចូល ហើយសំឡេងរបស់នរណាដែលនៅតែមិនត្រូវបានគេឮ។
លោកបានព្រមានកុំឱ្យចំនួននៃការចុចចូលមើល (clicks) ការចុចចូលចិត្ត (likes) និងអ្នកតាមដាន (followers) មកជំនួសការពិត ជាពិសេសនៅក្នុងបរិបទនៃការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។
លោកបានមានប្រសាសន៍ថា អ្នកផ្សព្វផ្សាយត្រូវផ្ទៀងផ្ទាត់មុននឹងផ្សព្វផ្សាយ ត្រូវស្តាប់មុននឹងវិនិច្ឆ័យ ត្រូវយល់ដឹងមុននឹងបកស្រាយ និងត្រូវផ្តល់បរិបទមុននឹងថ្កោលទោស។
លោកអគ្គភិបាលក៏បានជំរុញឱ្យបេសកជនឌីជីថលស្តាប់ជាពិសេស ជនក្រីក្រ ជនចំណាកស្រុក ជនជាតិដើមភាគតិច យុវជន និងសហគមន៍ផ្សេងទៀតដែលត្រូវបានគេមើលរំលង ឬមិនសូវទទួលបានការយកចិត្តទុកដាក់ ហើយចែករំលែកទស្សនៈរបស់ពួកគេបន្ត។
លោកបានមានប្រសាសន៍ថា មុននឹងយើងនិយាយអំពីមនុស្សម្នាក់ ចូររៀនស្តាប់ពួកគេសិន។
លោកក៏បានអំពាវនាវឱ្យអ្នកផ្សព្វផ្សាយក្លាយជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងទ្វីបអាស៊ីដែលមានភាពចម្រុះ ដោយនិយាយការពិតដោយគ្មានការស្អប់ខ្ពើម ប្រឆាំងនឹងអយុត្តិធម៌ដោយមិនមើលងាយតម្លៃនៃភាពជាមនុស្សរបស់អ្នកដទៃ និងរិះគន់ដោយមិនបំផ្លាញសេចក្តីថ្លៃថ្នូររបស់មនុស្ស។
លោកបានមានប្រសាសន៍ថា រាល់វេទិកាឌីជីថលអាចក្លាយជាឧបករណ៍ទំនើបសម្រាប់ផ្សព្វផ្សាយដំណឹងល្អ។
លោកបានមានប្រសាសន៍ថា សូមឱ្យអ្នករាល់គ្នាបន្តក្លាយជាសំឡេងដែលនិយាយទៅកាន់អាស៊ី ជាសំឡេងដែលស្តាប់អាស៊ី និងជាសំឡេងដែលផ្តល់ក្តីសង្ឃឹមដល់អាស៊ី៕
