ប្រធានចាត់ការទូទៅរបស់RVA ជំរុញឲ្យបេសកជនកាតូលិកឌីជីថល ចែករំលែករឿងរ៉ាវក្នុងសហគមន៍

បូជាចារ្យ ហ្វែលម៉ា ហ្វីល  បានមានប្រសាសន៍ថា បេសកជនឌីជីថលកាតូលិកគួរតែទាញយកផលប្រយោជន៍ពីប្រព័ន្ធអនឡាញ ដើម្បីប្រាប់រឿងរ៉ាវដែលបង្កប់នៅក្នុងជីវិត វប្បធម៌ និងបទពិសោធន៍របស់សហគមន៍មូលដ្ឋាន។
លោកឪពុក ហ្វែលម៉ា ហ្វីល (Fr. Felmar Fiel, SVD) បានចែករំលែកបទពិសោធន៍របស់លោកក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីនិទានរឿងរ៉ាវអំពីមនុស្ស សហគមន៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលកិច្ចពិភាក្សាជាក្រុម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

បូជាចារ្យ ហ្វែលម៉ា ហ្វីល (Fr. Felmar Fiel, SVD) ដែលជាប្រធានចាត់ការទូទៅ​របស់​វិទ្យុវើរីតាសអាស៊ី  បានមានប្រសាសន៍ថា បេសកជនឌីជីថលកាតូលិកគួរតែទាញយកផលប្រយោជន៍ពីប្រព័ន្ធអនឡាញ ដើម្បីប្រាប់​រឿងរ៉ាវដែលបង្កប់នៅក្នុងជីវិត វប្បធម៌ និងបទពិសោធន៍របស់សហគមន៍មូលដ្ឋាន។

ថ្លែងក្នុងកិច្ចប្រជុំសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ ក្នុងតំបន់​គេហ្សុន​នៅប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១១ ខែកញ្ញា ដែលជាកិច្ចប្រជុំប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា នៅសាលប្រជុំសម្តេចប៉ាប​យ៉ូហានប៉ូលទី​២ (Pope John Paul II Auditorium) លោកឪពុក ហ្វែលម៉ា បានរំលែកពីប្រវត្តិរបស់លោកក្នុងនាមជាអ្នកសរសេរ ប្លុក (blogger) អ្នកផ្សាយតាមវិទ្យុ និងជាបូជាចារ្យនៃក្រុម ឌីវីនវឺដ (Divine Word) មកពីកោះមីនដាណាវ (Mindanao)។

ចាប់ផ្តើមពីការផ្សាយតាមវិទ្យុក្នុងទីក្រុងសេប៊ូ (Cebu) ក្នុងឆ្នាំ២០១៤ រហូតដល់ការបង្កើតមាតិកាឌីជីថល​ដោយមានការតាំងចិត្តខ្ពស់ លោកឪពុក ហ្វែលម៉ា បច្ចុប្បន្នកំពុងផលិតមាតិកាជាភាសាអង់គ្លេសតាមរយៈវិទ្យុ​វើរីតាសអាស៊ី និងវេទិកាជាភាសាសេប៊ូណូ (Cebuano) ដែលផ្តោតលើវប្បធម៌ និងប្រវត្តិសាស្ត្រហ្វីលីពីន។

លោកបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយដំណឹងល្អតាមប្រព័ន្ធឌីជីថលគឺលើសពីការបង្កើតត្រឹមតែសម្ភារៈសាសនាសុទ្ធសាធទៅទៀត វាទាមទារឱ្យមានការទទួលស្គាល់ និងចែករំលែករឿងរ៉ាវដែលមានរួចជាស្រេចនៅក្នុងសហគមន៍មូលដ្ឋាន។

យុទ្ធសាស្ត្រនេះជួយឱ្យទស្សនិកជនមើលឃើញការពិតប្រចាំថ្ងៃរបស់ពួកគេឆ្លុះបញ្ចាំងនៅក្នុងកិច្ចទំនាក់ទំនងរបស់ព្រះសហគមន៍កាតូលិក ព្រមទាំងណែនាំបទពិសោធន៍ទាំងនោះដល់ទស្សនិកជនទូលំទូលាយជាងមុន។

តាមរយៈការសម្របសម្រួលមាតិកាឱ្យត្រូវទៅនឹងក្រុមគោលដៅជាក់លាក់ លោកឪពុក ហ្វែលម៉ា បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីទៅដល់គ្រីស្តបរិស័ទ​កាតូលិក អ្នកមិនមែនកាតូលិក និងបុគ្គលមកពីជំនឿផ្សេងទៀត ខណៈពេលដែលការឆ្លុះបញ្ចាំងរបស់លោកនៅលើបណ្តាញ YouTube គឺសំដៅដល់​ទស្សនិកជនជាកាតូលិក។

ប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន ដែលជាប្រទេសមានកោះជាង ៧,០០០ និងមានភាសាជាច្រើនព្រមទាំងវប្បធម៌ក្នុងតំបន់ដាច់ដោយឡែកពីគ្នា ការប្រើប្រាស់ភាសាសេប៊ូណូរបស់លោកអនុញ្ញាតឱ្យលោកភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជននៅភាគកណ្តាលប្រទេសហ្វីលីពីន និងកោះមីនដាណាវ តាមរយៈភាសាប្រចាំថ្ងៃរបស់ពួកគេ។

ជាចុងក្រោយ សន្និបាតបានលើកឡើងថា អ្នកផ្សព្វផ្សាយសាសនាឌីជីថលអាស៊ីគួរតែផ្តល់អាទិភាពដល់ការស្តាប់សហគមន៍មូលដ្ឋាន និងស្វែងរកបញ្ហារឿងរ៉ាវពាក់ព័ន្ធ ជាជាងការពឹងផ្អែកតែលើរឿងរ៉ាវដែលមកពីទីឆ្ងាយ ឬវប្បធម៌ដទៃ។ តាមរយៈការធ្វើបែបនេះ វេទិកាឌីជីថលអាចការពារភាសា វប្បធម៌ និងបទពិសោធន៍របស់មនុស្សក្នុងមូលដ្ឋាន ព្រមទាំងអាចប្រកាសជំនឿយ៉ាងមានប្រសិទ្ធភាពតាមរយៈជីវិតពិតរបស់ប្រជាជន និងសហគមន៍ដែលព្រះសហគមន៍បម្រើ៕

khmer popup image