លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ទៅអាឡឺម៉ង ដើម្បីប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មុនការឡើងកាន់អំណាចរបស់លោកដូណាល់ ត្រាំ

១១ថ្ងៃ មុននឹងការចាប់ផ្តើមអណត្តិរបស់លោកដូណាល់ ត្រាំ នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃ ទី ៩ ខែមករា លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានជួបសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅប្រទេស​អាឡឺម៉ង់ ដែលជួបប្រជុំគ្នា  ក្រោមការចង្អុលបង្ហាញរបស់សហរដ្ឋអាម៉េរិក​ដើម្បីពិភាក្សាអំពី​ជំនួយ​យោធារបស់ពួកគេ។

កិច្ចប្រជុំនៃក្រុមទំនាក់ទំនងជាដៃគូរបស់ទីក្រុងគៀវ​នៅទីក្រុងរ៉ាំស្តេន ដែលជាមូលដ្ឋានកងទ័ព​អាកាសរបស់សហរដ្ឋអាម៉េរិកនៅមិនឆ្ងាយពីទីក្រុងហ្វ្រេនហ្វ័រ គឺជាការចូលរួមចុងក្រោយ​របស់​រដ្ឋម​ន្រ្តីក្រសួងការពារជាតិអាម៉េរិករបស់លោកចូ បាយឌិន ដែលលោកនឹងត្រូវផ្លាស់ចេញ​ដោយ​មហា​សេដ្ឋី​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលធ្លាប់បានមកទីក្រុងរ៉ាំស្តេន សម្រាប់ការប្រជុំលើកមុនកាល​ពី​ខែកញ្ញា ឆ្នាំ២០២៤ ធ្លាប់បាននិយាយថា គ្រោងមានកិច្ចសន្ទនា​ជាមួយដៃគូ​នៅកម្រិតរដ្ឋមន្រ្តី​ការពារ​ជាតិ និងមេបញ្ជាការយោធា”។

លោកឡយ អូស្ទីន នឹងបើកកិច្ចពិភាក្សានៅពីមុខបេសកជនមកពីប្រទេសប្រមាណ ៥០។ នេះ​គឺ​ជា​ជំនួបលើកទី២៥ នៃក្រុម​ដែលរៀបចំឡើងដើម្បីសម្របសម្រួលផ្តល់សព្វាវុធដល់ទីក្រុង​គៀវ​​ដើម្បី​វាយរុញច្រានការឈ្លាន​ពាន​របស់រុស្ស៊ី។

មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកនឹងប្រកាសអំពីកម្មវិធីជំនួយយោធាថ្មីដែលមានសារ​សំខាន់ខ្លាំង​ចំពោះទីក្រុងគៀវ។

ការវិលត្រឡប់មកកាន់មុខតំណែងរបស់លោកដូណាល់ ត្រាំលើកនេះ ធ្វើឲ្យអ៊ុយក្រែនភ័យ​ខ្លាច​ថា នឹងមានការកាត់បន្ថយដ៏សម្បើមនៃការគាំទ្ររបស់សហរដ្ឋអាម៉េរិក និងការដាក់​សំពាធ​ពី​ប្រធានាធិបតី​ថ្មីដែលទើបជាប់ឆ្នោត ដើម្បីឲ្យទីក្រុងគៀវផ្តល់សម្បទាន​ច្រើនដល់​វ្លាឌីមៀ ពូទីន។

នៅក្នុងបរិបទនៃការអំពាវនាវឲ្យបន្តការសន្យាសម្រាប់អ៊ុយក្រែន លោកឡយ អូស្ទីន បាន​ព្រមាន​ថា ភាពជាអ្នកដឹកនាំរបស់អាម៉េរិក នឹងអាចទទួលការរិះគន់ខ្លាំង។លោកបានថ្លែងថា ៖ “យើងមិន​គ្រាន់​តែបានសុំឲ្យប្រទេសនានាផ្គត់ផ្គង់ជំនួយសន្តិសុខ យើងថែមទាំងបង្ហាញផ្លូវ​ដល់​ពួកគេ​​នៅ​រាល់ករណី អំពីបរិមាណនៃជំនួយសន្តិសុខ ដែល​ពួកគេបានផ្តល់ និង​រយៈ​ពេល​ដែល​ជំនួយ​ទាំងអស់នោះត្រូវបានដឹកទៅដល់អ៊ុយក្រែនផងដែរ”។

ជាច្រើនសប្តាហ៍មកហើយ សំណើរផ្សេងៗ ស្ថិតនៅលើផ្លូវសម្រាប់លក្ខខណ្ឌ​នៃការ​ចរចា​សន្តិភាព​នាពេលអនាគត ដោយសារលោកដូណាល់ ត្រាំ បានសន្យាបញ្ចប់​សង្រ្គាម​ក្នុង​រយៈ​ពេល ២៤ម៉ោង ដោយលោកមិនបញ្ជាក់ថា ធ្វើដូចម្តេចទេ?

អ្វីៗទាំងអស់ គឺមានការព្រួយបារម្ភអំពីលទ្ធភាពនៃការបន្ថយជំនួយសម្រាប់ទីក្រុងគៀវ ដែល​សង្ឃឹម​​អំពី​ការសម្រេចចិត្តដ៏ខ្លាំងក្លាពីមេដឹកនាំថ្មីរបស់អាម៉េរិក។ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ថែមទាំងវាយតម្លៃកាលពីដើមខែមករា ថា ភាពមិនអាចទាយដឹងមុនរបស់លោកដូណាល់ ត្រាំ ប្រហែលអាចជួយបញ្ចប់សង្រ្គាមបាន។

នៅក្រោមអណត្តិប្រធានាធិបតីរបស់លោកចូ បាយឌិន សហរដ្ឋអាម៉េរិក គឺជាអ្នកគំាទ្រដ៏ធំ​បំផុត​​សម្រាប់ទីក្រុងគៀវនៅក្នុងការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលផ្តល់ជំនួយ​យោធាក្នុងទំហំទឹកប្រាក់ ច្រើនជាង ៦៥ពាន់លានដុល្លារ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់​មក មានប្រទេសអាឡឺម៉ង់​ដែលជាអ្នកផ្តល់ជំនួយបន្ទាប់ គឺទឹកប្រាក់ ២៨ពាន់លានអឺរ៉ូ។ ប៉ុន្តែ​វា​នៅ​តែមិនគ្រប់គ្រាន់សម្រាប់ផ្តល់គុណប្រយោជន៍ដាច់ខាតសម្រាប់អ៊ុយក្រែន ដែល​មាន​ការ​​លំបាក​នឹងវាយរុញច្រានទាហានរុស្ស៊ី​ដែលមានចំនួនច្រើនជាង មានជាអាទិ៍នៅក្នុង​ភាគ​ខាង​កើត​​នៃ​​ប្រទេស។

 

Daily Program

Livesteam thumbnail