រដ្ឋមន្ត្រីឥណ្ឌូនេស៊ី ជំរុញថ្នាក់ដឹកនាំសាសនានៅអាស៊ី ឱ្យប្រើប្រាស់ «ភាសានៃសេចក្ដីស្រឡាញ់»

រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី លោក Nasaruddin Umar បានអំពាវនាវដល់សហគមន៍សាសនានានានៅទូទាំងអាស៊ី ឱ្យទទួលយក «ភាសានៃសេចក្ដីស្រឡាញ់» ធ្វើជាផ្លូវក្នុងការដោះស្រាយជម្លោះ និងពង្រឹងសន្តិភាព ដោយលោកបានលើកឡើងថា ជំនឿសាសនាត្រូវតែជាកម្លាំងសម្រាប់ភាពជាធ្លុងមួយ ជាជាងការបែកបាក់។

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia Jakarta កាលពីថ្ងៃទី ២១ ខែកក្កដា លោក Umar បានមានប្រសាសន៍ថា ការជួបជុំនេះគឺលើសពីការប្រជុំផ្ទៃក្នុងរបស់ព្រះសហគមន៍កាតូលិក។ ផ្ទុយទៅវិញ លោកបានពណ៌នាថាវាជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព ពង្រឹងសាមគ្គីភាព និងកសាងអនាគតមួយដែលកាន់តែមានយុត្តិធម៌ និងបរិយាបន្នសម្រាប់អាស៊ី។

លោកបានមានប្រសាសន៍ក្នុងខណៈពេលស្វាគមន៍លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ  អ្នកបួស និងតំណាងគ្រហស្ថមកពីទូទាំងទ្វីបថា «ការជួបជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីជ្រោមជ្រែងសន្តិភាព ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រជាជន និងកសាងអនាគតសម្រាប់អាស៊ីមួយ ដែលកាន់តែមានសន្តិភាព យុត្តិធម៌ និងបរិយាបន្ន»។

លោក Nasaruddin បានបន្ថែមថា ភាពសម្បូរបែបនៃវប្បធម៌ ភាសា និងសាសនារបស់អាស៊ី គឺជាកម្លាំងផង និងជាការទទួលខុសត្រូវផង។ ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា ទ្វីបនេះកំពុងប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញ រួមមានជម្លោះប្រដាប់អាវុធ ការបែកបាក់សង្គម ភាពជ្រុលនិយមខាងសាសនា វិសមភាព ការប្រែប្រួលអាកាសធាតុ ការ អន្តោប្រវេសន៍ និងការរីកចម្រើនយ៉ាងរហ័សនៃបញ្ញាសិប្បនិម្មិត (AI)។

លោកបានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះមិនអាចដោះស្រាយបានតាមរយៈតែខាងនយោបាយ ឬសេដ្ឋកិច្ចនោះឡើយ។ លោកបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ជម្លោះ និងខ្វែងគំនិតគ្នាអាចដោះស្រាយបានតាមរយៈភាសាសាសនា ពោលគឺភាសានៃសេចក្ដីស្រឡាញ់»។ «សេចក្ដីស្រឡាញ់បង្រៀនពីក្តីអាណិតអាសូរ ការយល់ចិត្ត និងសមត្ថភាពទទួលយកភាពខុសគ្នា ដោយមិនបង្កើតឱ្យមានការស្អប់ខ្ពើម»។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំសាសនាមានកាតព្វកិច្ចធានាថា ជំនឿសាសនានៅតែជាប្រភពនៃឯកភាព កិច្ចសន្ទនា និងការផ្សះផ្សា។ លោកបានចង្អុលបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីជាគំរូមួយចំពោះ​ការរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្នុងចំណោមសហគមន៍ចម្រុះ។

នៅលើកោះជាង ១៧,០០០ កោះរបស់​ឥណ្ឌូនេស៊ី ក្រុមចម្រុះជាតិសាសន៍​រាប់រយ និងប្រពៃណីសាសនាជាច្រើន ប្រទេសនេះបានខិតខំលើកកម្ពស់ភាពចម្រុះធ្វើជាប្រភពនៃកម្លាំងជាតិ។ ដើម្បីជាឧទាហរណ៍នៃការប្តេជ្ញាចិត្តនោះ លោក Nasaruddin បានរំលឹកអំពីការចុះហត្ថលេខាលើ «សេចក្តីប្រកាស Istiqlal» ក្នុងឆ្នាំ ២០២៤ ដោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ  និងថ្នាក់ដឹកនាំសាសនាឥស្លាម ព្រមទាំងការសាងសង់ «រូងភ្នំមិត្តភាព» ដែលភ្ជាប់វិហារឥស្លាម Istiqlal ក្នុងក្រុងហ្សាការតា និងវិហារកាតូលិក ព្រះជាម្ចាស់​លើព្រះនាងម៉ារីឡើងស្ថានបរមសុខ។

លោកបានមានប្រសាសន៍ថា «ឥណ្ឌូនេស៊ីប្រាថ្នាចង់បង្ហាញពិភពលោកថា ភាពចម្រុះនៃសាសនា និងវប្បធម៌អាចត្រូវបានអបអរសាទរដោយសន្តិវិធី និងក្លាយជាប្រភពដើមកម្លាំងរួមគ្នា»។ ដោយយោងទៅលើប្រធានបទមហាសន្និបាត FABC ដែលមានចំណងជើងថា «ការត្រាស់ហៅឱ្យមានការកែប្រែបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងអ្នកកសាងស្ពាននៅអាស៊ី»។

លោក Nasaruddin បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់ព្រះសហគមន៍ចំពោះ​ការរួមដំណើរជាមួយគ្នា​ គឺស្របគ្នាយ៉ាងខ្លាំងទៅនឹងប្រពៃណីយូរលង់របស់ឥណ្ឌូនេស៊ី គឺ musyawarah ដែលមានន័យថា ការពិគ្រោះយោបល់ដើម្បីកសាងភាពស៊ីចង្វាក់គ្នា និង gotong royong គឺជា​ការជួយគ្នាតាមបែបសហការ ដែលទាំងពីរនេះជួយលើកកម្ពស់កិច្ចសន្ទនា ការចូលរួម និងកិច្ចសហប្រតិបត្តិការដើម្បីប្រយោជន៍រួម។

លោកបានសម្តែងក្តីសង្ឃឹមថា មហាសន្និបាតនេះនឹងពង្រឹងកិច្ចសន្ទនារវាងសាសនា និងសាសនា ពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងបំផុសគំនិតច្នៃប្រឌិតថ្មីៗសម្រាប់សន្តិភាពនៅទូទាំងអាស៊ី។ លោកបានមានប្រសាសន៍ថា «សូមឱ្យទីក្រុងហ្សាការតាក្លាយជាទីកន្លែងដែលគំនិតថ្មីៗសម្រាប់សន្តិភាពត្រូវបានចាប់កំណើត។ សូមឱ្យការជួបជុំនេះពង្រឹងចំណងមិត្តភាពរវាងបងប្អូន ហើយសូមឱ្យអាស៊ីបន្តបង្ហាញពិភពលោកថា ភាពចម្រុះគឺជាប្រភពនៃកម្លាំង មិនមែនជាការបែកបាក់នោះទេ»៕

Daily Program

Livesteam thumbnail