លោកអភិបាល Maralit ៖ មហាសន្និបាត ស្វែងរកផ្លូវអនុវត្តជាក់ស្តែងសម្រាប់ Synodality ក្នុងតំបន់អាស៊ី

លោកអភិបាល Marcelino Antonio "Junie" Maralit Jr. នៃប្រទេសហ្វ៊ីលីពីន មានប្រសាសន៍ថា មហាសន្និបាតពេញអង្គលើកទី ១២ នៃសភាអភិបាលអាស៊ី (FABC) មានគោលបំណងឈានផុតពីការពិភាក្សា ហើយផ្តល់ការណែនាំជាក់ស្តែងសម្រាប់ការអនុវត្ត "ការួម​ដំណើរជាមួយគ្នា" នៅទូទាំងតំបន់អាស៊ី។

កាឌីណាល់ និងលោកអភិបាលជាង ១២០ អង្គមកពីទូទាំងទ្វីប បានជួបជុំគ្នានៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា សម្រាប់មហាសន្និបាតរយៈពេលមួយសប្តាហ៍នេះ ក្រោមប្រធានបទ «ការអំពាវនាវឱ្យមានការផ្លាស់ប្តូរចិត្តគំនិតបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅក្នុងតំបន់អាស៊ី»

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២០ ខែកក្កដា លោកអភិបាល Junie ដែលជាអ្នកនាំពាក្យផ្លូវការនៃមហាសន្និបាត មានប្រសាសន៍ថា ការជួបជុំនេះគឺ "លើសពីជំនួបរបស់លោកអភិបាល"។

លោកបានបន្ថែមថា៖ «វាជាពេលដ៏សំខាន់មួយសម្រាប់ក្រុមលោកអភិបាល​នៅអាស៊ីជួបជុំគ្នា ក្នុងការអធិស្ឋានរួមគ្នា ស្ដាប់គ្នាទៅវិញទៅមក រិះគិត​ឈ្វេងយល់ និងស្វែងរកវិធីថ្មីៗក្នុងការប្រកាសដំណឹងល្អនៅក្នុងតំបន់ដែលមានភាពរស់រវើក និងសម្បូរបែបបំផុតមួយនៅក្នុងពិភពលោក»។

លោកអភិបាល Junie មានប្រសាសន៍ថា មហាសន្និបាតនេះកើតឡើងនៅក្នុងខណៈពេលដ៏សំខាន់នៃដំណើររបស់ព្រះសហគមន៍បន្ទាប់ពីខួប​៥០ឆ្នាំ​FABC ឯកសារក្រុងបាងកកឆ្នាំ២០២៣ ឯកសារចុងក្រោយនៃស៊ីណូដាលស្តីពីភាពរួមដំណើរជាមួយគ្នាឆ្នាំ២០២៤ ឆ្នាំមហាករុណាទិគុណ​នៃក្តីសង្ឃឹមឆ្នាំ ២០២៥ និងការចាប់ផ្តើមអភិបាលកិច្ច​របស់សម្តេចប៉ាប ឡេអូ ទី ១៤។

លោកបានសង្កត់ធ្ងន់ថា មួយ​សប្តាហ៍​នៃ​កិច្ច​ប្រជុំនេះនឹងក្លាយជា "បទពិសោធន៍ស៊ីណូដាលដ៏ពិតប្រាកដ" ដោយផ្តោតលើការអធិស្ឋាន ការស្តាប់ និងការពិចារណារួមគ្នា ជាជាងគ្រាន់តែពិភាក្សាអំពីតែលើទ្រឹស្តី។

អ្នកចូលរួមនឹងចូលរួមក្នុងពិធីអរព្រះគុណ ការិះគិត​អំពីផ្លូវ​វិញ្ញាណ កិច្ចសន្ទនាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ កិច្ចប្រជុំតាមតំបន់ និងការពិភាក្សាតាមតុ។ ការពិចារណារបស់ពួកគាត់នឹងផ្តោតលើរបៀបដែលព្រះសហគមន៍អាច​ផ្លាស់ប្តូរចិត្តគំនិតបែបស៊ីណូដាល ព្រមទាំងក្លាយជាអ្នកកសាងស្ពាននៅក្នុងទ្វីបមួយដែលសម្បូរទៅដោយវប្បធម៌ចម្រុះបែប និងសាសនា ភាពក្រីក្រ ជនភៀសខ្លួន ជម្លោះ បញ្ហាបរិស្ថាន និងការផ្លាស់ប្តូរសង្គមយ៉ាងឆាប់រហ័ស។

លោកអភិបាល Junie បានឱ្យដឹងថា លទ្ធផលសំខាន់នៃមហាសន្និបាតនេះ គឺការរៀបចំឯកសារសំខាន់ៗចំនួនពីរ។ ទីមួយ គឺឯកសារចុងក្រោយដែលត្រូវបានបង្កើតឡើងជា "សៀវភៅមគ្គុទេសបង្ហាញទិស" ស្តីពីភាពរួមដំណើរជាមួយគ្នានៅអាស៊ី ដើម្បីណែនាំព្រះសហគមន៍ក្នុងស្រុកក្នុងការអនុវត្តដំណើរការស៊ីណូដាល។ ទីពីរ គឺសារផ្ញើជូនព្រះសហគមន៍កាតូលិកនៅអាស៊ី ដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទកាតូលិកនៅទូទាំងតំបន់ ឱ្យបន្តដំណើរនៃការផ្លាស់ប្តូរបែបស៊ីណូដាលនេះ។

ព្រឹត្តិការណ៍សំខាន់ៗនៃមហាសន្និបាត រួមមាន៖ ការចូលរួមរបស់កាឌីណាល់ Oswald Gracias ក្នុងនាមជាបេសកជនពិសេសរបស់សម្តេចប៉ាប ឡេអូទី១៤។  ការណែនាំ​ផ្លូវ​វិញ្ញាណ​ដោយ​ ​កាឌីណាល់ Luis Antonio Tagle។ និង​មាន​បទបង្ហាញពី​ កាឌីណាល់ Mario Grech ស្តីពីការអនុវត្តស៊ីណូដាល និងសារវីដេអូពីសម្តេចប៉ាប ឡេអូ ទី ១៤។

មហាសន្និបាតនឹងបញ្ចប់ដោយពិធីអភិបូជា នៅអាសនៈ​វិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ​ (Cathedral of Our Lady of the Assumption) ក្នុងទីក្រុងហ្សាការតា បន្ទាប់មកមានការទស្សនកិច្ចទៅកាន់វិហារឥស្លាម Istiqlal ដែលនៅជិតនោះ។ អ្នកចូលរួមនឹងដើរឆ្លងកាត់ "រូងភ្នំមិត្តភាព" (Friendship Tunnel) ដែលតភ្ជាប់រវាងព្រះវិហារកាតូលិក និងវិហារឥស្លាម ជាសញ្ញាសម្គាល់នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការសម្រុះសម្រួលសាសនា និងជាការអំពាវនាវរបស់មហាសន្និបាតឱ្យព្រះសហគមន៍ក្លាយជាអ្នកកសាងស្ពាននៅក្នុងតំបន់អាស៊ី។

លោកអភិបាល Junie បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាការជួបជុំនេះនឹងពង្រឹងសក្សីភាពរបស់ព្រះសហគមន៍ចំពោះការរួមរស់ជាធ្លុងមួយ ការចូលរួម និងបេសកកម្ម ព្រមទាំងបំផុសគំនិតគ្រីស្តបរិស័ទកាតូលិកនៅទូទាំងតំបន់អាស៊ី ឱ្យក្លាយជាស្ពាន និងជាអ្នកកសាងស្ពាននៅក្នុងគ្រួសារ សហគមន៍ ប្រទេសជាតិ និងរវាងប្រជាជនដែលមានវប្បធម៌ និងសាសនាខុសៗគ្នា»៕

 

Daily Program

Livesteam thumbnail