មរណសាក្សីជាគ្រឹះ ជាកម្លាំង និងជាសក្ខីកម្មនៃសន្តិភាពសម្រាប់យើង

មរណសាក្សីជាគ្រឹះ ជាកម្លាំង និងជាសក្ខីកម្មនៃសន្តិភាពសម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ "មរណសាក្សី" ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។

ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ បាត់ដំបង និង​កំពង់ចាម នាថ្ងៃទី​១៨ ខែ​មីនា​កន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា នេះ​ជា​ពេលដ៏មានអត្ថន័យបំផុតសម្រាប់សហគមន៍ បន្ទាប់ពីបានខិតខំប្រមូលចងក្រងប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់ និងការលះបង់។

បេក្ខភាព​មរណសាក្សីទាំង​១២​រូប គឺ​បាន​បូជាជីវិតក្នុងអំឡុងពេលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា នៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៩០។ លោកអភិបាល​បន្ថែម​ថា «ការតស៊ូរបស់​ពួកគាត់​ បាន​បង្កើត​ផល​ផ្លែ​ និងជា​កម្លាំង​សម្រាប់ជំនាន់ថ្មីៗ ដើម្បីឱ្យព្រះសហគមន៍របស់យើងបន្តរស់នៅលើមូលដ្ឋានគ្រឹះរបស់​ក្រុមគ្រីស្តទូត។»

នៅក្នុងពិធីនេះ ក៏មានវត្តមានយ៉ាងពិសេសពីសំណាក់សាក្សីរស់ដែលធ្លាប់ស្គាល់មរណសាក្សីដោយផ្ទាល់ពី​ភូមិភាគទាំងបី។ លោកអភិបាលអូលីវីយ៉េ បានរំឮកថា៖ «យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗកាលពី ៥០ ឆ្នាំមុន។ ព្រះសហគមន៍របស់យើងជានៅក្មេងខ្ចី ដែលបានចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញនៅឆ្នាំ៩០ ក្រោយពេលលោកអេមីល និងលោកអ៊ីវ បានត្រឡប់មកវិញ»

ទោះបីជាមានភាពរីករាយក្នុងការបញ្ចប់សំណុំរឿងមរណសាក្សីក៏ដោយ ក៏លោកអភិបាលបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលចំពោះការត្រៀមបិទអារាមកាមែល (បងស្រីសម្ងាត់) នាពេលឆាប់ៗខាងមុខ ដែលជាសញ្ញានៃការផ្លាស់ប្តូរ និងការលាគ្នា។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ក្នុងជីវិតគ្រីស្តបរិស័ទ ព្រះជាម្ចាស់តែងមានសញ្ញា និងព្រះបន្ទូលផ្សេងៗគ្នា ដើម្បីនាំផ្លូវយើងឱ្យឈានទៅមុខជានិច្ច។

ការបញ្ចប់ការស៊ើបអង្កេតរយៈ​ពេល​ជាង​១០ឆ្នាំ​នេះ មិនត្រឹមតែជារឿងរ៉ាវអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃសហគមន៍កាតូលិកកម្ពុជា។ ឯកសារទាំងនេះ​ នឹងត្រូវបញ្ជូនទៅកាន់បុរីវ៉ាទីកង់ ដើម្បីពិនិត្យ និងទទួលស្គាល់ជាផ្លូវការនូវភាពជា "មរណសាក្សី" នៃអ្នកបម្រើព្រះជាម្ចាស់ទាំងនោះ ដែលជាមោទនភាពដ៏ធំធេងសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល។

លោក​អភិបាល​រំលឹកថា នេះ​ជាពេល​វេលា​ដែលយើងត្រូវ​អរព្រះគុណព្រះជាម្ចាស់​ និងបន្តធ្វើដំណើរនៅលើទឹកដីកម្ពុជា​ «ដើម្បីផ្តល់សក្ខីភាពដែលយើងបានទទួលពីមរណសាក្សីថា ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះជាម្ចាស់ជាព្រះអម្ចាស់នៃសន្តិភាព និងព្រះជាម្ចាស់គឺជាជីវិតអស់កល្បជានិច្ច»៕

 

ស៊ីអេសស៊ី

Tags