សម្តេចប៉ាបអំពាវនាវឱ្យមេដឹកនាំប៉េរូការពារសន្តិភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ

សម្តេចប៉ាបឡេអូទី១៤ បានអំពាវនាវឱ្យមេដឹកនាំនយោបាយនៅក្នុងប្រទេសប៉េរូ ការពារឱ្យបាននូវសេចក្តីថ្លៃថ្នូរ សិទ្ធិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែមានវត្តមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ វ៉ាទីកង់ញូវ (Vatican News) បានរាយការណ៍ថា នេះជាសាររបស់សម្តេចប៉ាបឡេអូ នៅពេលទ្រង់មានបន្ទូលទៅកាន់អាជ្ញាធររដ្ឋាភិបាល និងសមាជិកនៃគណៈទូតនានានៅទីក្រុងលីម៉ា (Lima) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចប៉ាបឡេអូបានរំលឹកពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ទ្រង់ជាមួយប្រទេសនេះ ដែលទ្រង់ធ្លាប់បានចំណាយពេលជាងពីរទសវត្សរ៍ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា និងជាអភិបាលនៅក្នុងព្រះសហគមន៍នៅទីនោះផ្ទាល់។

នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់ទ្រង់នៅប្រទេសប៉េរូ ដែលធ្វើឡើងនៅរោងមហោស្រពជាតិ (Gran Teatro Nacional) ក្នុងរដ្ឋធានីនោះ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ការវិលត្រឡប់មកកាន់ទីនេះវិញ មានអត្ថន័យពិសេសបំផុតសម្រាប់ទ្រង់។ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទ្រង់បានចែករំលែកជីវិតជាមួយពួកគេ បានស្តាប់កង្វល់របស់ពួកគេ និងបានរៀនសូត្រពីជំនឿរបស់ពួកគេ។ ទ្រង់បានរំលឹកដល់ក្រុមគ្រួសារនានាដែលបានស្វាគមន៍ទ្រង់ឱ្យចូលលេងក្នុងផ្ទះរបស់ពួកគេ ហើយបានទទួលទានអាហារជាមួយគ្នា និងធ្វើឱ្យទ្រង់មានអារម្មណ៍ថាទ្រង់គឺជាសមាជិកម្នាក់នៅក្នុងគ្រួសាររបស់ពួកគេ។

សម្តេចប៉ាបឡេអូមានបន្ទូលថា៖ «ថ្ងៃនេះ ខ្ញុំយល់ច្បាស់ថា ផ្នែកខ្លះនៃទឹកដីនេះនៅតែស្ថិតនៅក្នុងចិត្តរបស់ខ្ញុំ ហើយរឿងរ៉ាវជីវិតរបស់ខ្ញុំ ក៏ជាផ្នែកមួយដែលជារបស់អ្នករាល់គ្នាដែរ»។

ដោយងាកទៅនិយាយអំពីភាពចម្រុះផ្នែកវប្បធម៌ និងភាសានៅក្នុងប្រទេសប៉េរូ សម្តេចប៉ាបឡេអូ បានសង្កត់ធ្ងន់ថា ឯកភាពជាតិកើតឡើងនៅពេលដែលប្រពៃណី និងអត្តសញ្ញាណផ្សេងៗគ្នាត្រូវបានគេគោរព ហើយមនុស្សគ្រប់គ្នាចូលរួមចំណែកដើម្បីផលប្រយោជន៍រួម។

ទ្រង់បានមានបន្ទូលថា សេចក្តីស្រឡាញ់ចំពោះមាតុភូមិ មានន័យថាជាការប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ទទួលបានសេចក្តីថ្លៃថ្នូរ និងមានឆន្ទៈក្នុងការធ្វើការដើម្បីសុខុមាលភាពរបស់ពួកគេ។ ទ្រង់បានបន្ថែមថា សេវាសាធារណៈ និងជីវិតបែបប្រជាធិបតេយ្យ គួរតែនាំមនុស្សដែលមានជំនឿ និងទស្សនៈខុសៗគ្នាឱ្យមកជួបជុំគ្នា តាមរយៈវាសនាជាតិរួមមួយ។

Daily Program

Livesteam thumbnail
khmer popup image