កាឌីណាល់តាគ្លេ ស្នើឲ្យបេសកជនកាតូលិកឌីជីថលអាស៊ី សូមទុកឱ្យព្រះយេស៊ូក្លាយជាអ្នកជះឥទ្ធិពលដ៏ខ្លាំងក្លាបំផុតសម្រាប់អ្នក
កាឌីណាល់លូវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) បានអំពាវនាវដល់បេសកជនឌីជីថលកាតូលិកមកពីបណ្តាប្រទេសនានាទូទាំងទ្វីបអាស៊ី អនុញ្ញាតឱ្យព្រះយេស៊ូក្លាយជាអ្នកមានឥទ្ធិពលដ៏ខ្លាំងក្លាបំផុតនៅក្នុងជីវិតរបស់ពួកគេ ដើម្បីឱ្យវត្តមាន និងការងារអនឡាញរបស់ពួកគេអាចក្លាយជាសាក្សីដ៏ពិតប្រាកដម្នាក់សម្រាប់ដំណឹងល្អ។
នៅក្នុងសារជាវីដេអូដែលត្រូវបានបញ្ចាំងក្នុងអំឡុងពេលកម្មវិធីស្វាគមន៍នៃសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា នៅសាលមហោស្រពសន្តសម្តេចប៉ាបយ៉ូហានប៉ូលទី២នៅវិទ្យុវើរីតាសអាស៊ី កាឌីណាល់តាគ្លេ បានរំលឹកដល់ប្រតិភូជាង ១០០ រូបថា ដោយពួកគេថា វាជារឿងល្អក្នុងការផ្តល់ឥទ្ធិពលដល់អ្នកដទៃទៅលើរឿងល្អៗ ជាពិសេសដើម្បីធ្វើជាសាក្សីអំពីព្រះយេស៊ូ។
សន្និបាតរយៈពេលបួនថ្ងៃនេះ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកញ្ញា មានប្រធានបទ «ពីអ្នកមានឥទ្ធិពលទៅជាសាក្សី សម្រាប់ធ្វើដំណើររួមគ្នាដើម្បីបេសកកម្មឌីជីថលនៅអាស៊ី»។ កម្មវិធីនេះបានប្រមូលផ្តុំបេសកជនកាតូលិកឌីជីថល អ្នកផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម ដើម្បីគិតគូរអំពីតួនាទីរបស់ពួកគេនៅក្នុងបេសកកម្មប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ក្នុងបរិយាកាសឌីជីថល។
លោកកាឌីណាល់បានលើកឡើងថា មនុស្សត្រូវបានគេបញ្ចុះបញ្ចូល ឬទទួលឥទ្ធិពលជារៀងរាល់ថ្ងៃដោយកត្តាជាច្រើន ហើយលោកបានជំរុញឱ្យបេសកជនឌីជីថលយកចិត្តទុកដាក់ចំពោះឥទ្ធិពលទាំងឡាយណាដែលចូលរួមសហការក្នុងជីវិតរបស់ពួកគេ។
លោកកាឌីណាល់បញ្ជាក់ថា សំណូមពររបស់ខ្ញុំចំពោះអ្នករាល់គ្នា បេសកជនឌីជីថលទាំងឡាយ សូមឱ្យមានការប្រុងប្រយ័ត្នថា តើអ្វី និងនរណាដែលកំពុងផ្ដល់ឥទ្ធិពលដល់អ្នក។
លោកបានបញ្ជាក់ថា ឥទ្ធិពលមិនមែនចាប់ផ្តើមចេញពីបុគ្គលដែលព្យាយាម ឲ្យមានឥទ្ធិពលលើអ្នកដទៃនោះទេ។ ដត្រង់ចំណុចនេះលោកបានបន្ថែមថា «អ្នកមានឥទ្ធិពលគ្រប់រូបសុទ្ធតែធ្លាប់ទទួលឥទ្ធិពលមកមុន នឹងពួកគេអាចមានឥទ្ធិពលលើអ្នកដទៃ»។
សម្រាប់បេសកជនកាតូលិកឌីជីថល អ្វីដែលសំខាន់នោះគឺ ព្រះយេស៊ូគ្រីស្តដែលត្រូវស្ថិតនៅចំកណ្តាលនៃដំណើរការរបស់ឥទ្ធិពលនោះ។
«វាគឺជាការអធិស្ឋានរបស់យើងដែលថា អ្នកនឹងអនុញ្ញាតឱ្យព្រះយេស៊ូ តាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណរបស់ព្រះអង្គ ក្លាយជាឥទ្ធិពលដ៏ធំមួយនៅក្នុងជីវិត និងទស្សនៈរបស់អ្នក»។ លោកកាឌីណាល់បន្ថែមថា បេសកជនឌីជីថលអាចផ្តល់សាក្សីដ៏ពិតប្រាកដដល់អ្នកដទៃបាន លុះត្រាតែពួកគេផ្ទាល់បានជួបប្រទះនូវឥទ្ធិពលផ្លាស់ប្តូរជីវិតពីព្រះយេស៊ូ ហើយអ្នកនឹងនាំមកនូវសាក្សីដ៏ពិតប្រាកដ និងស្មោះត្រង់ដល់អ្នកដទៃ ដែលនឹងផ្តល់ឥទ្ធិពលដល់ពួកគេផងដែរ។
លោកកាឌីណាល់បានជំរុញឲ្យបេសកជនទាំងអស់អធិដ្ឋាននិងសិក្សាស្រាវជ្រាវឲ្យបានល្អ ដើម្បីឱ្យព្រះយេស៊ូ និងពន្លឺរបស់ព្រះអង្គបានចាំងបំភ្លឺឡើង ដោយការជ្រើសរើសរបស់យើងដែលជាបេសកជន ដាក់ព្រះយេស៊ូជាអ្នកមានឥទ្ធិពលសម្រាប់យើង៕
