ឯតទគ្គកម្ម មនុស្សជិត ៧៦លាននាក់ ភៀសខ្លួននៅជុំវិញពិភពលោក
យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលផ្សព្វផ្សាយកាលពីថ្ងៃអង្គារដោយអង្គភាពស៊ើបអង្កេតស្ថានភាពភៀសខ្លួនក្នុងប្រទេស បានឲ្យដឹងថា ជម្លោះនៅស៊ូដង់ នៅហ្គាហ្ស៉ា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានជំរុញឲ្យមនុស្សជាច្រើនភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេ ដែលឈានដល់ ៧៥,៩លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៣។
អង្គការក្រៅរដ្ឋាភិបាលនេះ បានបញ្ជាក់ថា តួលេខនេះតំណាងឲ្យការកើនឡើង ៥០% ក្នុងរយៈពេល៥ឆ្នាំ។ អង្គការក៏បានដាក់តួលេខទាំងមូលគឺ ៧១,១ លាននាក់ នៅត្រឹមដំណាច់ឆ្នាំ ២០២២។
យោងតាមដៃគូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិសម្រាប់ការភៀសខ្លួន (OIM) បានឲ្យដឹងថា មនុស្សជិត ៤៧លាននាក់ គឺជាជនភៀសខ្លួនថ្មី ឬធ្វើចលនានៅក្នុងផ្ទៃក្នុងប្រទេស ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំតែមួយ។ OIM ក៏បានបញ្ជាក់អំពីភាពបន្ទាន់ក្នុងការការពារជនភៀសខ្លួនក្នុងប្រទេស និងបង្ការការភៀសខ្លួននាពេលអនាគតផងដែរ។
នៅក្នុងសេចក្តីប្រកាសមួយ នាយិការងនៃ OIM លោកស្រី អ៊ូហ្គោជី ដានីញ៉ែ បានថ្លែងថា នៅខណៈដែលភពផែនដីកំពុងក្លាយជាចំណីនៃជម្លោះ និងមហន្តរាយ ចំនួនដ៏មហាសាល នៃជនភៀសខ្លួន បង្ហាញអំពីរឿងរ៉ាវនៃការហែកហួរគ្នា។
អំពើហិង្សា និងជម្លោះ គឺជាអ្នកទទួលខុសត្រូវដ៏សំខាន់នៃការភៀសខ្លួនដោយបង្ខំ ដែលមានមនុស្សចំនួន ៦៨,៣ លាននាក់ នៅខណៈដែលគ្រោះមហន្តរាយតម្រូវឲ្យភៀសខ្លួន ៧,៧ លាននាក់ ដែលរត់គេចចេញពីកន្លែងដើម និងរើទីលំនៅទៅកន្លែងថ្មី។
អង្គភាពឃ្លាំមើល បានបញ្ជាក់ថា ជាមួយនឹងមនុស្សចំនួន ៩,១ លាននាក់ ភៀសខ្លួននៅក្នុងខាងក្នុងប្រទេស ប្រទេសស៊ូដង់មានចំនួនមនុស្សច្រើនបំផុតដែលបានភៀសខ្លួន ដែលមិនដែលធ្លាប់បានកត់ត្រាទេកន្លងមក នៅក្នុងប្រទេសតែមួយ ចាប់តាំងពីឆ្នាំ២០០៨ និងបន្ទាប់ពីមានការចាប់ផ្តើមរាប់ចំនួនមក។ ចំណែក ស្ថានភាពនៅតំបន់ហ្គាហ្សា មានមនុស្ស ៣,៤ លាននាក់ ត្រូវជា ១៧% នៃចំនួនសរុប បានភៀសខ្លួនក្នុងអំឡុងពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។
ជាសរុបចំនួនមនុស្សដែលភៀសខ្លួន ដោយសារហិង្សា និងជម្លោះ បានរីកធំដល់ ២២,៦ លាននាក់ ក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ។
មហន្តរាយធម្មជាតិបន្តធ្វើឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០២៣ មហន្តរាយដូចជា ខ្យល់ព្យុះស៊ីក្លូន េហ្វ៉្រឌី នៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក ការរញ្ជូយដីនៅប្រទេសទួរគី និងនៅស៊ីរី និងខ្យល់ព្យុះស៊ីក្លូនម៉ូចា នៅមហាសមុទ្រឥណ្ឌា បានធ្វើឲ្យមនុស្សចំនួន ២៦,៤ លាននាក់ ភៀសខ្លួន។
វាមាន ៥៦% នៃចំនួនសរុបនៃការភៀសខ្លួនថ្មីៗនៅក្នុងផ្ទៃក្នុងប្រទេស។ អ្វីដែលត្រូវកត់សម្គាល់ គឺការភៀសខ្លួនរបស់ប្រជាជនដែលបង្កដោយមហន្តរាយធម្មជាតិ បានកើនឡើងនៅក្នុងប្រទេសដែលមានចំណូលខ្ពស់ ដូចជា នៅកាណាដា ដែលរដូវភ្លើងឆេះព្រៃមិនធ្លាប់មាន បានបង្កឲ្យមានការភៀសខ្លួន ១៨៥០០នាក់ នៅខាងក្នុងប្រទេស។
នៅក្នុងលក្ខខណ្ឌទាំងនេះ អង្គភាពឃ្លាំមើល រំពឹងថា នៅប៉ុន្មានឆ្នាំខាងមុខដែលនឹងមកដល់ នឹងមានការកើនឡើងនូវចំនួនប្រជាជនភៀសខ្លួនដោយសារមហន្តរាយធម្មជាតិ។ ហើយអង្គភាពនេះ បញ្ជាក់ដែរថា ភាពញឹកញាប់ រយៈពេល និងវិសាលភាពនៃហានិភ័យធម្មជាតិកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
លោកស្រី អ៊ូហ្គោជី ដានីញ៉ែ បានធ្វើការសន្និដ្ឋានថា ៖ “របាយការណ៍នេះ គឺជាការរំឭកដ៏ខ្លាំងអំពីភាពចាំបាច់បន្ទាន់ និងមានការសម្របសម្រួលដើម្បីអភិវឌ្ឍនៃការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ គាំទ្រការពង្រឹងសន្តិភាព ធានានូវការការពារសិទ្ធមនុស្ស និងនៅក្នុងវិធានការដែលអាចទៅរួច និងត្រូវបង្ការមិនឲ្យមានការភៀសខ្លួនមុនពេលដែលវាកើតមានឡើង។”