ការកើនឡើងដ៏សម្បើមនៃវិសាលភាពនៃភ្លើងឆេះព្រៃ
ភ្លើងឆេះព្រៃបានរីករាលដាលកាន់តែខ្លាំងឡើងៗ។ ជាវិបាក ការបំភាយឧស្ម័នកាបូនិចដោយសារភ្លើងឆេះព្រៃ បានកើនឡើង ៦០% នៅអំឡុងឆ្នាំ២០០១-២០២៣។ ការសិក្សាមួយដែល ផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្ត បង្ហាញអំពីវិសាលភាព និងហានិភ័យដែលពាក់ព័ន្ធនឹងការកើនឡើងនូវភ្លើងឆេះព្រៃនេះ។
ព្រៃឈើបានប្រែខ្លួនជាបន្តបន្ទាប់ពីធ្លាប់ជាអាងស្តុកកាបូន ទៅជាប្រភពនៃការបំភាយឧស្ម័នកាបូនិច។ ដោយប្រើប្រាស់ទិន្នន័យពីការសិក្សានៅសកលវិទ្យាល័យ ម៉ារីឡេន (សហរដ្ឋអាម៉េរិក) ដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ Frontiers នៅខែមីនា ឆ្នាំ២០២២ វិទ្យាស្ថានក្រុមអ្នករិះគិតអំពីធនធានពិភពលោក បានគណនាការកើនឡើងប្រមាណ ៥,៤% ក្នុងមួយឆ្នាំនៃផ្ទៃដីតំបន់ដែលបានឆេះដោយភ្លើងព្រៃនៅរវាងឆ្នាំ២០០១ និង ២០១៩។ នេះតំណាងឲ្យជិត ៦លាន ហិចតា នៃព្រៃឈើដែលបាត់បង់ក្នុងមួយឆ្នាំ ឬប្រមាណ ពីរដងនៃផ្ទៃដីនៃប្រទេសប៊ែលហ្ស៊ីក។
អគ្គីភ័យព្រៃ គឺជាការឆេះគម្របព្រៃឈើដែលតំណាង សំណុំទាំងមូលនៃដើមឈើ និងរុក្ខជាតិ ដែលត្រូវភ្លើងលេបត្របាក់។ យោងតាមនិយមន័យនៃការិយាល័យជាតិបារាំងនៃព្រៃឈើ បានឲ្យដឹងថា វិសាលភាពព្រៃឈើ គឺជាសូចនករនៃសភាពសុខភាពផែនដី ដោយសារតែព្រៃឈើ គឺជាអាងស្តុកកាបូនដ៏ធំ។ នេះមានន័យថា ព្រៃឈើគឺជាប្រព័ន្ធដែលស្រូបយកកាបូនកាន់តែច្រើនជាងអ្វីដែលពួកវាបានបំភាយ។ ពួកវាមានសារសំខាន់ចាំបាច់ដើម្បីទូទាត់ផាត់សងការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសកម្មភាពរបស់មនុស្សនៅក្នុងតំបន់នានា ដែលមានមូលហេតុពីការប្រើប្រាស់ថាមពលផូស៊ីល ដែលស្ទើរតែមិនអាចលុបបំបាត់បាន ដូចជា ការប្រើក្នុងវិស័យអាកាសចរណ៍ជាដើម។ អាងស្តុកកាបូន ដូចជាព្រៃ និងសមុទ្រ ត្រូវបានសន្មត់ថា អាចកាត់បន្ថយបរិមាណឧស្ម័នកាបូនិកនៅក្នុងបរិយាកាស និងពន្យឺតការកើនកម្តៅនៃភពផែនដី តែលក្ខខណ្ឌដែលព្រៃ និងសមុទ្រទាំងនេះ មានសភាពល្អ។
ភ្លើងឆេះព្រៃធំៗ បានក្លាយជាសភាពទម្លាប់ធម្មតានៅរដូវក្តៅ។ ចំណែកឆ្នាំ២០២៣ ក៏បានក្លាយជាឆ្នាំនៃឯកតកម្មនៃវិសាលភាពភ្លើងឆេះព្រៃកម្រិតពិភពលោក ជាមួយនឹងផ្ទៃដីព្រៃជិត ១២លានហិកតាត្រូវបានឆាបឆេះ។
យោងតាមទិន្នន័យ បានឲ្យដឹងថា អគ្គីភ័យព្រៃតំណាងឲ្យប្រមាណ ២០% នៃការបាត់បង់សរុបនៃគម្របព្រៃឈើនៅឆ្នាំ២០០១។ ប៉ុន្តែ ៣ឆ្នាំចុងក្រោយនេះ ភ្លើងឆេះព្រៃបានឈានឡើងដល់កម្រិតឯតកម្ម។ នេះមិនទាន់គិតទៅដល់ការបាត់បង់ព្រៃឈើដែលមិនពាក់ព័ន្ធនឹងអគ្គីភ័យ គឺដោយសារតែការធ្វើអាជីវកម្មកសិកម្ម និងព្រៃឈើ និងបាតុភូតធម្មជាតិ ជាដើមទៀតផង។
ដើម្បីទទួលបានលទ្ធផលទិន្នន័យទាំងនេះ និងការគូសផែនទីពីការបាត់បង់គម្របព្រៃឈើពិភពលោកដែលបណ្តាលមកពីភ្លើងឆេះព្រៃ អ្នកសិក្សាស្រាវជ្រាវនៃសកលវិទ្យាល័យ ម៉ារីឡេន បានប្រើប្រាស់រូបភាពផ្កាយរណប Landsat ដែលជាកម្មវិធីអវកាសនៃការពិនិត្យផែនដី។ បន្ទាប់មកពួកគេ បានប្រៀបធៀបរូបភាពអំពីយុគសម័យពីឆ្នាំ២០០១ ដល់ឆ្នាំ ២០១៩។
ការថយចុះនៃគម្របព្រៃឈើ មិនមែនមិនផ្តល់ផលវិបាកទេ។ នៅក្នុងការសិក្សាទី២ ដែលផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្តនៅខែតុលា ឆ្នាំ២០២៤ អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ កូឡំប៊ៀ បង្ហាញថា លើសពីវិសាលភាពនៃភ្លើងឆេះដែលមានទំហំធំ អគ្គីភ័យព្រៃទាំងនេះកាន់តែធ្ងន់ធ្ងរឡើងៗ។ អត្រានៃភាពធ្ងន់ធ្ងរនេះ បានកើនឡើងជិត ៥០% នៅក្នុងព្រៃលើពិភពលោកទាំងមូលរវាងឆ្នាំ២០០១ និង២០២៣។