រលកកម្តៅនៅអឺរ៉ុបកើន ៤អង្សាសេ ក្តៅជាងធម្មតា

យោងតាមការសិក្សាថ្មីរហ័សមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យ ដឹងថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយឥន្ធនៈថាមពលផូស៊ីល​បានធ្វើឲ្យ​រលក កម្តៅថ្មីៗនេះនៅភាគខាងលិចទ្វីបអឺរ៉ុបឡើងរហូតដល់ 4°C ក្តៅជាងមុននៅក្នុងទីក្រុង ជាច្រើន និងដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់រងគ្រោះ​ដោយសារ​ស្រ្តេសពីកម្តៅដ៏គ្រោះថ្នាក់។

នៅរវាងដំណាច់ខែមិថុនា និងដើមខែកក្កដា សីតុណ្ហភាពបានឡើងហួសយ៉ាងខ្លាំងលើស 40°C នៅក្នុងប្រទេសអឺរ៉ុបជាច្រើន នៅអំឡុងរលកកម្តៅដ៏ខ្លាំងក្លា និងមិនធ្លាប់មាន ដែលបាន បង្កឲ្យមានការព្រមានខាងសុខភាព​ជាច្រើន។

លោកបេន ក្លាក សាស្រ្តាចារ្យមកពីសកលវិទ្យាល័យចក្រពត្តិក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស បាន​ថ្លែងថា ៖ “យើងវាយតម្លៃថា ការកើនកម្តៅអាកាសធាតុបានពង្រីករលកកម្តៅប្រមាណ  ពី 2°C ទៅ 4°C នៅក្នុងទីក្រុងជាច្រើន ដែលលើកយកសិក្សាមានជាអាទិ៍ទីក្រុងប៉ារីស ឡុងដ្រ៍ និងទីក្រុងម៉ាឌ្រីដជាដើម។

ការសិក្សាត្រូវបានដឹកនាំដោយអ្នកសិក្សាស្រាវជ្រាវជាង ១០រូប មកពីវិទ្យាស្ថានអឺរ៉ុបចំនួន ៥ ដោយរំពឹងអំពីតុល្យការផ្លូវការនៅក្នុងសប្តាហ៍ជាច្រើន។ ការសិក្សាបានធ្វើសេចក្តីសន្និដ្ឋានថា រលកកម្តៅក៏ប្រហែលជាបានបង្កឲ្យមានការកើនចំនួនដ៏ខ្ពស់នៃការស្លាប់ដែលពាក់ព័ន្ធនឹង កម្តៅ។

ដើម្បីវាយតម្លៃអំពីឥទ្ធពលនៃការប្រែប្រួលអាកាសធាតុ អ្នកវិទ្យាសាស្រ្តបានធ្វើក្លែងអំពី វិសាលភាពនៃរលកកម្តៅនេះនៅក្នុងពិភពលោកដែលមិនទាន់មានការដុតឥន្ធនៈកាបូន ប្រេង និងឧស្ម័នដ៏ច្រើនសម្បើម ដោយប្រើប្រាស់ទិន្ន័ន័យឧតុនិយមយោងតាមប្រវត្តិសាស្រ្ត។

ពួកគេបានធ្វើសេចក្តីសន្និដ្ឋានថា រលកកម្តៅគឺអាចមានតិចជាងពី 2°C តិច 4°C បើមិនមាន​ការប្រែប្រួលអាកាសធាតុនៅក្នុងទីក្រុង ១១ នៅក្នុងចំណោមទីក្រុងចំនួន ១២ ដែលលើក​យក​មក​សិក្សា។ ប៉ុន្មានអង្សារដែលកើនឡើងបន្ថែម ក៏បានបង្កើនយ៉ាងច្រើននូវហានិភ័យ​ខាង សុខភាព​សម្រាប់ប្រជាជនដែលមានចំនួន ៣០លាននាក់នៃទីក្រុងដែលត្រូវបានសិក្សា ដែល​រួមមាន​ទីក្រុង ប៉ារីស ទីក្រុងឡុងដ្រ៍ និងទីក្រុងម៉ាឌ្រីដ។

លោកបេន ក្លាក បានថ្លែងថា ៖ “ការកម្តៅនេះធ្វើឲ្យមនុស្សក្រុមខ្លះធ្លាក់ទៅក្នុងស្ថានភាព​កាន់​តែ​គ្រោះថ្នាក់”។ លោកបានថ្លែងឲ្យដឹងថា ៖ “សម្រាប់អ្នកខ្លះ វាគឺជាពេលវេលាក្តៅ និង​រីករាយ។ ប៉ុន្តែសម្រាប់ក្រុមមនុស្សដ៏ធំនៃប្រជាជន រឿងនេះបានក្លាយជាគ្រោះថ្នាក់។

ជាលើកទី១ ការសិក្សាបានព្យាយាមវាយតម្លៃលើចំនួនអ្នកស្លាប់ដោយសាររលកកម្តៅ​នៅក្នុង​ទីក្រុងចំនួន ១២ ដែលលើកយកមកសិក្សា និងអត្រាដែលស្លាប់ពាក់ព័ន្ធនឹងការ​ប្រែប្រួល​អាកាស​ធាតុ។

នៅលើមូលដ្ឋាននៃវិធីសាស្រ្តវិទ្យាសាស្រ្តដែលត្រូវបានវាយតម្លៃដោយអ្នកសិក្សាស្រាវជ្រាវ​អំពី​កម្តៅ និងការស្លាប់ ការសិក្សាវាយតម្លៃថា រលកកម្តៅប្រហែលជាបង្កឲ្យមានការស្លាប់​មុន​អាយុ​ចំនួន ២៣០០ករណី នៅរវាងថ្ងៃទី២៣ ខែមិថុនា និងថ្ងៃទី២ ខែកក្កដា នៅក្នុងទីក្រុង​ទាំង​នេះ។ ហើយប្រមាណ ១៥០០ នៃការស្លាប់ ឬប្រមាណ ២/៣ នឹងមិនស្លាប់នោះទេ ប្រសិនបើ​គ្មានការ​ធ្លាក់ថយគុណភាពអាកាសធាតុដែលបង្ក​ឡើងដោយមនុស្ស ធ្វើឲ្យកម្តៅកើនឡើង​ប៉ុន្មាន​ដឺក្រេ​ទេនោះ។

អ្នកដឹកនាំការសិក្សាដែលមកពីស្ថាបននៃចក្រភពអង់គ្លេស ហូឡង់ ដាណឺម៉ាក និងស្វីស បាន​បញ្ជាក់ថា ការវាយតម្លៃនេះគឺធ្វើឡើងជាបឋម មិនទាន់ផ្លូវការនៅឡើយទេ។ រលកកម្តៅ គឺ​មាន​គ្រោះថ្នាក់ដាច់ដោយឡែកសម្រាប់មនុស្សចាស់ អ្នកជំងឺ និងក្មេងៗ អ្នកធ្វើការនៅ​ខាង​ក្រៅ និងសម្រាប់មនុស្សដែលរងសីតុណ្ហភាពខ្ពស់ក្នុងអំឡុងរយៈពេលវែងជាប់រដឹក និងនៅ​អំឡុង​ពេលរាត្រីដែលក្តៅបន្តបន្ទាប់គ្នា។

 

Daily Program

Livesteam thumbnail