ប៉ាគីស្ថាន ភ្លៀងព្យុះសម្លាប់មនុស្ស ៥៤នាក់ ក្នុងរយៈពេល ២៤ម៉ោង

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានឲ្យដឹងថា ជាសរុប មានមនុស្សប្រមាណ ១៨០នាក់ រួមមាន ៧០នាក់ គឺជាកុមារ បានស្លាប់ ហើយមានមនុស្ស ៥០០នាក់ រងរបួសចាប់តាំងពីការចាប់ផ្តើមនៃរដូវភ្លៀងមូសុង។
កាលពីចុងសប្តាហ៍ អាជ្ញាធរ បានជួយសង្រ្គោះដល់ប្រជាជនដែលជាប់នៅក្នុងទឹក និងបានឲ្យដឹងថា មនុស្សជាង ៥០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងភ្លៀងព្យុះដែលវាយប្រហារប្រទេសប៉ាគីស្ថាន ដែលនាំឲ្យអ្នកស្លាប់ឡើងដល់ប្រមាណ ១៨០នាក់ ចាប់តាំងពីការចាប់ផ្តើមរដូវភ្លៀងមូសុង។
ចាប់តាំងពីថ្ងៃពុធ ទី១៦ ខែកក្កដា ភ្លៀងព្យុះ បានបោកបកមិនឈប់ឈលើផ្នែកជាច្រើននៃខេត្តពេនចាប ប្រទេសប៉ាគីស្ថាន ដែលជាខេត្តដែលមានប្រជាជនរស់នៅច្រើនបំផុតនៅក្នុងភាគខាងកើតជាប់ព្រំដែនឥណ្ឌា និងបង្កបានជាទឹកជំនន់ភ្លាមៗ និងការបាក់រលំផ្ទះសម្បែង។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានអធិប្បាយថា ៖ “២៤ម៉ោង ចុងក្រោយនេះ មនុស្ស ៥៤នាក់ បានស្លាប់ និង២២៧នាក់ រងរបួសនៅទូទាំងប្រទេសប៉ាគីស្ថាន ហើយខេត្តពេនចាប រាប់ឃើញមានជនរងគ្រោះច្រើនជាងគេ”។
យោងតាមអាជ្ញាធរសហព័ន្ធ បានឲ្យដឹងថា ជាសរុប មានមនុស្សប្រមាណ ១៨០នាក់ និងកុមារ ៧០ នាក់បានស្លាប់ និង ៥០០នាក់ រងរបួសចាប់តាំងពីដើមរដូវភ្លៀងមូសុងនាដំណាច់ខែមិថុនានៅប្រទេសនេះ។ ភាគច្រើននៃជនរងគ្រោះ បានស្លាប់នៅក្នុងការបាក់ដំបូល ឬការដួលរលំនៃជញ្ជាំងផ្ទះរបស់ពួកគេ ការនាំទៅដោយទឹកជំនន់ភ្លាមៗ ឬការឆកខ្សែភ្លើង។
នៅជិតទីក្រុងរ៉ាវ៉ាល់ពីនឌី ដែលមានចម្ងាយប្រមាណ ២០ គម ពីរដ្ឋធានីអ៊ីស្លាមម៉ាបាដ ការជម្លៀសប្រជាជនត្រូវបានរៀបចំធ្វើឡើង ប៉ុន្តែប្រជាជនខ្លះត្រូវបានជាប់ផុងនៅពេលទឹកឡើង។ លោកតារីក ម៉េប៊ូដ ដែលជាកសិករដែលរស់នៅភាគខាងត្បូងទីក្រុង រ៉ាវ៉ាលពីនឌី ខេត្តពេនចាប ប្រទេសប៉ាគីស្ថាន បានរៀបរាប់ថា ៖ “ក្មេងៗ ស្រែកឲ្យគេជួយ និងស្រីៗឡើងទៅនៅលើដំបូលផ្ទះ គ្រវីសញ្ញា ដើម្បីអង្វរសុំការជួយសង្រ្គោះ”។ បុរសម្នាក់ដែលមានវ័យ ៥១ឆ្នាំ ដែលបានហៅការជួយសង្រ្គោះ បានរៀបរាប់ថា ៖ “នេះគឺគួរឲ្យភ័យខ្លាចណាស់។ សមាជិកគ្រួសារដែលជាប់ផុងក្នុងទឹកបានយំមិនឈប់មិនឈរ”។.
អាជ្ញាធរទីក្រុង រ៉ាវ៉ាល់ពីនឌី បានប្រកាសថា ៖ “ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានហានិភ័យត្រូវត្រៀមបង្ការសម្ភារៈរស់រានមានជីវិតជាមួយចំណីអាហារ ទឹក និងថ្នាំពេទ្យសម្រាប់រយៈពេលពី៣ ទៅ ៥ថ្ងៃ”។
សេវាកម្មជាតិឧតុនិយមព្យាករថា ហានិភ័យនៃភ្លៀងដ៏សម្បើម និងលទ្ធភាពនៃការកើតទឹកជំនន់ភ្លាមៗ ស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលក្រោយទៀត។ ប្រទេសប៉ាគីស្ថានគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោកដែលងាយរងគ្រោះបំផុតពីឥទ្ធពលនៃការប្រែប្រួលអាកាសធាតុ ហើយប្រជាជនរបស់ខ្លួនចំនួន ២៥៥លាននាក់បានទទួលរងនូវព្រឹត្តិការណ៍អាកាសធាតុហួសហេតុដែលមានកាន់តែញឹកញាប់ឡើងៗ។
កាលពីខែឧសភា មនុស្ស ៣២នាក់ បានស្លាប់ និងជាង ១៥០នាក់ បានរងរបួសនៅក្នុងព្យុះដ៏ខ្លាំងក្លានៅក្នុងប្រទេស។
រដូវភ្លៀងមូសុង បាននាំមកនូវការធ្លាក់ភ្លៀងពី ៧០% ដល់ ៨០% ជាប្រចាំឆ្នាំនៅតំបន់អាស៊ីខាងត្បូងនៅរវាងខែមិថុនា និងខែកញ្ញា។ ភ្លៀងមានសារសំខាន់សម្រាប់កសិកររាប់លាននាក់នៅក្នុងតំបន់ដែលមានមនុស្សរស់នៅ ២ពាន់ លាននាក់។ ប៉ុន្តែប្រទេសប៉ាគីស្ថាននៅស្ថិតនៅក្នុងការលំបាកនៅឡើយបន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅឆ្នាំ២០២២ ដែលបានប៉ះពាល់ដល់ប្រជាជនខ្លួនជាង ៣៣លាននាក់ ហើយភោគផលកសិកម្មមួយផ្នែកធំត្រូវបានបាត់បង់។
Daily Program
