លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង អ្នករកឃើញថ្នាំពេនីស៊ីលីនដំបូងគេ

លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង គឺជាគ្រូពេទ្យ ជីវវិទូ និងជាអ្នកឱសថសាស្រ្តជនជាតិ អង់គ្លេស។ លោកកើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨៨១ នៅភូមិដាកវ៉េល ខេត្ត អៃស្ហៀរ៍  ស្កុតឡេន។ លោកទទួលមរណភាពនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៥ នៅទីក្រុងឡុង ប្រទេស អង់គ្លេស។ លោកបានបោះពុម្ពផ្សាយនូវអត្ថបទ​ជាច្រើន​ពាក់ព័ន្ធនឹងបាក់តេរីវិទ្យា ប្រព័ន្ធភាព សាំ និងការព្យាបាលតាមវិធីសាស្រ្តគីមី។

របបគំហើញរបស់លោក ដែលមានភាពល្បីល្បាញបំផុត គឺថ្នាំអង់ទីប៊ីយ៉ូទិច ដែលគេហៅថា ពេនីស៊ីលីន ដែលលោកបានចម្រាំងចេញពីផ្សិតម្យ៉ាងហៅថា ពេនីស៊ីលីយ៉ូម ណូតាទូម នៅ ឆ្នាំ១៩២៨។ នេះគឺជាការរកឃើញ​ដែលធ្វើឲ្យលោកអាចចែករំលែកពានរង្វាន់ណូបែល វេជ្ជសាស្រ្ត ជាមួយលោក ហូវ៉ាដ ហ្វ៉្លូរ៉ៃ និងលោកអៀន បូរីស ជេន នៅឆ្នាំ១៩៤៥។

បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងការផ្សព្វផ្សាយ​ពាក់ព័ន្ធនឹងទាហានរងរបួសក្នុងសង្រ្គាម លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង បានមានចំណេះដឹង​រឹងម៉ាំទៅលើបាក់តេរី ស្តាហ្វ៊ីឡូកូក​នៅ ឆ្នាំ១៩២០។ នៅប្រមាណឆ្នាំ១៩២៧ គេបានស្នើលោក​ឲ្យសរសេរជំពូកមួយ​អំពីបាក់តេរីទាំង នេះនៅក្នុងសៀវភៅមួយ​ដែលផ្សព្វផ្សាយ​ដោយក្រុមប្រឹក្សាសិក្សាស្រាវជ្រាវវេជ្ជសាស្រ្ត។ ដើម្បីជាកិត្តិយសសម្រាប់ការងារនេះ លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង បានចងក្រងជាឯកសារ និង​​ដឹកនាំការពិសោធន៍ជាច្រើន។ ដើម្បីសរសេរអត្ថបទ លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង ត្រូវធ្វើការ​ពិសោធន៍​ទំនាក់ទំនងរវាងសកម្មភាពវីរុស ស្តាហ្វ៊ីឡូកូក និងភាពប្រែប្រួលពណ៌​នៅ​លើ​សរីរាង្គ​ដែលវាទំ។ លោកបានសម្រេចដកពិសោធន៍ម្តងហើយ​ម្តងទៀត​ជាមួយ​នឹង​សហការី​វ័យក្មេង​មួយ​រូបរបស់លោក គឺលោកព្រីស។

គឺនៅខណៈដែលលោកព្រីសទៅជួបលោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង នៅខែកញ្ញា ឆ្នាំ១៩២៨ ដែល​លោកហ្វ្ល៉េមីង បានសម្គាល់ឃើញ​ និងភ្ញាក់ផ្អើលចំពោះទិដ្ឋភាពមិនធម្មតានៃការដុះដាល ដែល​ធ្វើឲ្យលោកនឹកឃើញធ្វើការពិសោធន៍វាជាមួយ​អង់ហ្ស៊ីម លីសូហ្ស៊ីម។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩២៨ លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង បានធ្វើការសង្កេត​លើសរីរាង្គ ស្តាហ្វីឡូកូក។ លោកបានស្គាល់វាយ៉ាងច្បាស់​នៅជំនាន់នោះដោយសារការ​រក​ឃើញ​ពួកវា​ម្តងហើយ។ លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង មានកេរ្តិ៍ឈ្មោះជាអ្នកស្រាវជ្រាវ​ដ៏ពូកែ ប៉ុន្តែ​ភ្លេចភ្លាំងច្រើន។ ជារឿយៗ លោកភ្លេចរៀបចំឡើងវិញនៅកន្លែង​ដែលលោកធ្លាប់បានធ្វើការ និងនៅក្នុងមន្ទីរពិសោធន៍ ដែលតាមធម្មតា មានភាពរញ៉េរញ៉ៃ។ បន្ទាប់ពីការឈប់​សម្រាក​វិស្សមកាល​ដ៏យូរ លោកបានសម្គាល់ឃើញថា ប្រអប់​ជាច្រើនត្រូវបានឆ្លងដោយផ្សិត ហើយ​ក៏​មិន​ឃើញមានការចម្លងបាក់តេរីទៀតដែរ។ ដោយបង្ហាញការងាររបស់លោកទៅកាន់អ្នកមើល លោកបានប្រមូលប្រអប់ខ្លះ នៅខណៈដែលលោកសម្គាល់ឃើញ​នៅជុំវិញផ្សិតមានតំបន់មួយ​ដែល​បាក់តេរីមិនមានការរីកដុះដាលទេ។  

លោកបានដកយកផ្សិតទាំងនេះមកមើល និងបានកំណត់អត្តសញ្ញាណវាផ្ទាល់ថា វាស្ថិតនៅ​ក្នុង​ពពួក​ពេនីស៊ីលីយ៉ូម ឬហៅថា ពេនីស៊ីលីន។ ការរកឃើញដោយចៃដន្យរបស់លោក លោក​ហ្វ្ល៉េមីង នៅខែកញ្ញា ឆ្នាំ១៩២៨ អាចឲ្យផលិតចេញជាឆ្នាំពេលីស៊ីលីន ដែលជាការ​សម្គាល់​​នៃការ​ចាប់​ផ្តើមថ្នាំអង់ទីប៊ីយ៉ូទិចទំនើប។ មិនយូរប៉ុន្មាន លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង ក៏ដឹងថា បាក់តេរី​បាន​អភិវឌ្ឍភាពស៊ាំជាមួយអង់ទីប៊ីយូទិច រាល់ដង​ដែលគេប្រើ​ប្រាស់​វា​តិចពេក ឬ​ប្រើនៅ​អំឡុង​​រយៈ​​ពេលខ្លីពេក។

រាល់សេចក្តីថ្លែងសន្ទរកថារបស់លោកនៅជុំវិញពិភពលោក លោកអេឡិចហ្សេនឌើ ហ្វ្ល៉េមីង បានទទូចឲ្យមានការប្រើប្រាស់ថ្នាំពេនីស៊ីលីនឲ្យបានត្រឹមត្រូវ។ លោកបានផ្តល់អនុសាសន៍​កុំ​ប្រើ​ប្រាស់វាដោយមិនចាំបាច់ និងមិនមានការពិនិត្យរោគបានត្រឹមត្រូវពីគ្រូពេទ្យ កុំប្រើប្រាស់​តិច​ពេក ឬរយៈពេលខ្លីពេក ដោយសារ ​បាក់តេរីអាចអភិវឌ្ឍភាពស៊ាំ​ប្រឆាំងនឹងអង់ទីប៊ីយូទិច​បាន។

 

Daily Program

Livesteam thumbnail