លីហ្ស៉ា ស៊ូ អ្នកដឹកនាំ និងធ្វើឲ្យក្រុមហ៊ុន AMD មានភាពល្បីល្បាញ

លោកស្រីលីហ្ស៉ា ស៊ូ កើតនៅថ្ងៃទី៧​ ខែវិច្ឆិកា ឆ្នាំ១៩៦៩។ លោកស្រីគឺជាវិស្វករ និងជា​ប្រធាន​ក្រុមហ៊ុនអាម៉េរិក AMD ដែលមានកំណើតតៃវ៉ាន់។

លោកស្រីលីហ្ស៉ា ស៊ូ មានឈ្មោះពេញថា លីហ្ស៉ា ត្ស៊ូវូ ហ្វាង ស៊ូ។ លោកស្រីកើត នៅទីក្រុង​ជាប់​ឆ្នេរ ទីក្រុងតៃណាន នៅកោះតៃវ៉ាន់។ ឪពុកម្តាយរបស់លោកស្រី លោកជុន វ៉ៃស៊ូ និង​លោក​ស្រីសានឌី ស៊ូ បានធ្វើអន្តោប្រវេសន៍មកកាន់សហរដ្ឋអាម៉េរិកនៅពេលលោកស្រី​លីហ្ស៉ា ស៊ូ មានអាយុ ៣ឆ្នាំ។ តាំងពីក្មេង លោកស្រី លីហ្ស៉ា ស៊ូ និងបងប្រុស ត្រូវបានលើក​ទឹក​ចិត្ត​ឲ្យ​សិក្សាគណិតវិទ្យា និងវិទ្យាសាស្រ្ត។ តាំងពីវ័យកុមារលោកស្រីលីហ្ស៉ា ស៊ូ មានក្តី​ប្រាថ្នា​ចង់ក្លាយជាវិស្វករ។ នៅអាយុ ១០ឆ្នាំ លោកស្រី ចាប់ផ្តើមបង្ហាញនូវនិស្ស័យ ចេះ​ជួសជុល​ឡានតេឡេរបស់បងប្រុស។ លោកស្រីទៅកាន់តែញឹកញាប់ និងចូលសិក្សានៅ​វិទ្យាល័យ​​​វិទ្យាសាស្រ្ត​ប្រុន (Bronx) ដែលជាគ្រឹះស្ថាន​សិក្សាមួយ នៅ​ទីក្រុងញូយ៉ក សហរដ្ឋ​អាម៉េរិក ដែល​លោកស្រីបានទទួលសញ្ញាបត្រនៅឆ្នាំ១៩៨៦។

ម្តាយរបស់លោកស្រី ជាអ្នកគណនេយ្យករក្រោយមកក្លាយ​ជាសហគ្រិន បានផ្តួចផ្តើមគំនិតឲ្យ​លោកស្រី​លីហ្ស៉ា ស៊ូ ឲ្យចូលប្រឡូកក្នុងពិភពធុរកិច្ច។

នៅពេលចាប់ផ្តើមអាជីបដំបូង លោកស្រីធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ​ ដូចជា តិចសាស អ៊ីនស្ត្រ៊ូមិន (Texas Instruments) អាយប៊ីអឹម (IBM) និង ហ្វ្រ៊ីស្កេលសឺមីខនដាក់ទ័រ (Freescale Semiconductor) ដោយកាន់តំណែងជាវិស្វករ និងគ្រប់គ្រង។ នៅអំឡុង​អណត្តិ​ជា​អនុ​ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អាយប៊ីអឹម លោកស្រីបានចូលរួមចំណែក​ធ្វើការ​អភិវឌ្ឈ​បន្ទះឈីបបច្ចេកវិទ្យាស៊ីលីខន អន អ៊ីនស៊ូលេធឺ (Silicon on Insulator) ដែល​នេះ​គឺជា​ចំនុចចាប់ផ្តើមនៃបន្ទះឈីបដ៏មានប្រសិទ្ធភាពខ្ពស់​ក្នុងគ្រឿងអេឡិចត្រូនិច។

លោកស្រីលីហ្ស៉ា ស៊ូ ត្រូវបានតែងតាំងជាអគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន (AMD Advanced Micro Devices) នៅខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីបានចូលរួម​ក្រុមហ៊ុននេះនៅឆ្នាំ២០១២។ នៅ​មុន​នោះ លោកស្រីគ្រប់តំណែងនានាដូចជា​អនុ​ប្រធាន​នៃផ្នែកពាណិជ្ជកម្មពិភពលោករបស់​ក្រុមហ៊ុន AMD និងជានាយកស្រាវជ្រាវ។

នៅឆ្នាំ២០២០ លោកស្រីលីហ្ស៉ា ស៊ូ មានតួនាទីជាសមាជិកនៃក្រុមប្រឹក្សារដ្ឋបាល​នៃក្រុមហ៊ុន​នានា​ដូចជា អាណាឡក ដឺវាយ (Analog Devices) និងក្រុមហ៊ុន ស៊ីស្កូ ស៊ីស្តេម (Cisco Systems) ជាដើម។ ដោយត្រូវបាន​គេទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពការងា​រ​របស់​​​លោកស្រីដោយអ្នកធ្វើការងារ​ជាមួយ ជារឿយៗ  លោកស្រីលីហ្ស៉ា ស៊ូ ត្រូវបានផ្តល់​កិត្តិនាមថា​ជាអ្នកស្តារមុខមាត់ និងធ្វើ​ឲ្យ​ក្រុមហ៊ុន AMD មានសន្ទុះនូវភាពល្បីល្បាញឡើងវិញ នៅ​ពេលលោកស្រីបានចូលដឹកនាំ​ក្រុមហ៊ុននេះនៅឆ្នាំ២០១៤។

នៅឆ្នាំ២០១៩ ប្រាក់ខែលោកស្រីឡើងដល់ ១លានដុល្លារ និងលោកស្រីទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែម ១,២លានដុល្លារ ព្រមទាំងភាគហ៊ុនដែលអាចឡើងដល់ ៣លានដុល្លារ និង​ភាគហ៊ុន​ក្រុមហ៊ុនដែលមានតម្លៃ ៥៣លានដុល្លារទៀត។

AMD (Advanced Micro Devices) គឺជាក្រុមហ៊ុនអាម៉េរិកផលិត​បន្ទះឈីប មីក្រូប្រ៉សេសស៊ឺ និង​កាតក្រាហ្វិកសម្រាប់កុំព្យូទ័រ ដែលមានមូលដ្ឋាននៅទីក្រុងសាន់តា ក្លារ៉ា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋ​អាម៉េរិក។

ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ AMD បានជួបនូវបណ្តាលឆ្នាំដ៏អាក្រក់ដោយសារ​ការបរាជ័យ​របស់​ឈីបប៊ូលដូហ្សឺ Bulldozer រហូត​ដល់ការឡើងមកកាន់តំណែងរបស់លោកស្រីលីហ្ស៉ា ស៊ូ ក្នុងនាមជាអគ្គនាយិកាប្រតិបត្តិ ដែលលោកស្រីបានមករៀបចំឡើងវិញ និងបំពាក់ឲ្យ​ក្រុមហ៊ុន​​នូវ​ផលិតផល​គុណភាពខ្ពស់នានា ដូចជា ជីភីយូ រ៉ាដឺអុន អ៊ែរអ៊ិច GPU Radeon RX និងស៊ីភីយូ រ៉ាយហ្ស៊ិន CPU Ryzen ជាដើម។

 

Daily Program

Livesteam thumbnail