ស្ហ៉ា ចាហាន ព្រះចៅអធិរាជឥណ្ឌាដែលមានភាពល្បីល្បាញខាងស្ថាបត្យកម្ម

នាមរបស់ព្រះអង្គ ស្ហ៉ាហាប អ៊ុដ ឌីន ម៉ូហាម៉ាដ ឃូរ៉ាម ដែលត្រូវបានគេស្គាល់ក្រោមឈ្មោះរាជ្យថា ព្រះចៅ ស្ហ៉ា ចាហាន ឬស្តេចពិភពលោក។ ព្រះចៅអធិរាជ ប្រសូតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៥៩២ នៅទីក្រុងឡាហ័រ ចក្រភពម៉ូហ្គូល (សព្វថ្ងៃនេះស្ថិតក្នុងខេត្តពេនចាប ប្រទេសប៉ាគីស្ថាន) និងសោយទីវង្គត់នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៦៦៦ នៅទីក្រុងអាហ្គ្រ៉ា សព្វថ្ងៃស្ថិតនៅក្នុងរដ្ឋអ៊ុតតា ប្រាដេស ប្រទេសឥណ្ឌា។ ព្រះរាជាស្ហ៉ា ចាហាន គឺព្រះចៅអធិរាជទី៥ នៃចក្រភពម៉ូហ្គូល។ រាជ្យរបស់ព្រះអង្គ មានរយៈពេលចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៦២៨ ដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ១៦៥៨។
ស្ហ៉ា ចាហាន ជាទូទៅត្រូវបានគេចាត់ទុកថា ជាបុត្រប្រុសម្នាក់ដែលមានសមត្ថភាពបំផុតរបស់អធិរាជចាហានហ្ស៊ៀ។ ទោះបីជាព្រះអង្គ ស្ហ៉ា ចាហាន គឺជាទាហានដែលមានសមត្ថភាព ក៏ព្រះអង្គមានភាពល្បីល្បាញផងដែរសម្រាប់សមិទ្ធផលខាងស្ថាបត្យកម្ម។ នៅអំឡុងរាជ្យរបស់ព្រះអង្គ គឺជារយៈពេលនៃយុគសម័យមាសខាងស្ថាបត្យកម្មរបស់ចក្រភពម៉ូហ្គូល។
នៅក្រោមរាជ្យរបស់ព្រះចៅអធិរាជ ស្ហ៉ា ចាហាន ចក្រភពម៉ូហ្គូល ប្រៀបបានដូចជាម៉ាស៊ីនយោធាដ៏ធំសម្បើមមួយ ហើយក្រុមគហបតី និងអ្នកហែហម បានកើនឡើងស្ទើរមួយជាបួន។ ទាំងនេះបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរបន្ថែមសម្រាប់ជីវិតរបស់ប្រជាកសិករក្នុងប្រទេស។ ទោះជាយ៉ាងណា ដោយសារវិធានការដែលត្រូវបានប្រកាន់យកនៅក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម នេះក៏ជារយៈពេលនៃស្ថិរភាពជាទូទៅដែរ។ រដ្ឋបាលមានលក្ខណៈមជ្ឈការ និងប្រព័ន្ធយុត្តិធម៌មានជាទូទៅ។ ចក្រភពម៉ូហ្គូល បានបន្តរីកទំហំបន្ថែមក្នុងអំឡុងរាជ្យរបស់ស្ហ៉ា ចាហាន។ ហើយបុត្រៗ របស់ព្រះរាជាសុទ្ធតែជាមេបញ្ជាការកងទ័ពធំៗ នៅមុខព្រួញសមរភូមិផ្សេងៗ គ្នា។
ប្រទេសឥណ្ឌានៅសម័យនោះ គឺជាមជ្ឈមណ្ឌលដែលសម្បូរសប្បាយនៃសិល្បៈ សិប្បកម្ម ស្ថាបត្យកម្ម និងក៏មានស្ថាបត្យករដ៏ចំណានៗ មានសិល្បករ សិប្បករ វិចិត្រករ និងអ្នកនិពន្ធល្បីៗ នៃពិភពលោកមកស្នាក់នៅចក្រភពម៉ូហ្គូលផងដែរ។ គេប៉ាន់ស្មានថា ចក្រភពម៉ូហ្គូល អាចមានផលិតផលក្នុងស្រុកសរុប GDP ខ្ពស់ជាងគេនៅសម័យនោះ នៅលើពិភពលោក។
នៅទីក្រុងបាដាដ ព្រះចៅស៊ុលតង់នៃចក្រភពអូតូម៉ង់ មូរ៉ាដ ទី៤ បានជួបនឹងឯកអគ្គរាជទូតរបស់ស្ហ៉ា ចាហាន។ គឺដោយសារហេតុផលនៃការផ្លាស់ប្តូរយោបល់ដោយឯកអគ្គរាជទូតម៉ូហ្គូល និងឯកអគ្គរាជទូតអូតូម៉ង់ ព្រះចៅស្ហ៉ា ចាហាន បានទទួលជួបលោកអ៊ូស្តាដ អ៊ីសា និងអ៊ីស្មេល អេហ្វហ្វេនឌី ដែលស្ថាបត្យករ និងជាកូនសិស្សរបស់លោកមីម៉ា ស៊ីណាន កំពូលស្ថាបត្យករនៃរាជធានីកុងស្តង់ទីណូប្ល៍។ អ្នកទាំងពីរ បន្ទាប់មកបានចូលរួមក្នុងក្រុមការងារដែលធ្វើការប្រឹក្សា និងស្ថាបនាវិមាន តាល់ ម៉ាហាល់ ដែលជាប្រាសាទដ៏ល្បីល្បាញបំផុតមួយរបស់ឥណ្ឌា។ ព្រះចៅអធិរាជស្ហ៉ា ចាហាន ឲ្យគេស្ថាបនាប្រាសាទនេះជាការរំឭកការចងចាំសម្រាប់ព្រះមហេសីព្រះអង្គ ព្រះម្ចាស់ក្សត្រី មុំតាស ម៉ាហាល់។ ប្រាសាទតាល់ ម៉ាហាល ស្ថិតនៅទីក្រុងអាហ្គ្រ៉ា នៅក្នុងរដ្ឋអ៊ុតតា ប្រាដេស ភាគខាងជើង ប្រទេសឥណ្ឌា។ រចនាសម្ព័ន្ធប្រាសាទត្រូវបានគូសវាសដោយការយកចិត្តទុកដាក់បំផុត ហើយស្ថាបត្យករជាច្រើននៅជុំវិញពិភពលោកត្រូវបានកោះហៅសម្រាប់ការសាងសង់។ វិមានត្រូវបានស្ថាបនាឡើងដោយប្រើថ្មម៉ាបស ជាមួយនិងការរចនាយ៉ាងល្អវិចិត្រគ្មានគូផ្ទឹម។ នៅពេលសោយទីវង្គត បុត្ររបស់ព្រះអង្គស្ហ៉ា ចាហាន ព្រះអង្គម្ចាស់អូរ៉ង់ហ្ស៉េប បានបញ្ចុះព្រះអង្គនៅក្បែរព្រះមាតា មុំតាហ្ស ម៉ាហាល់ នៅត្រង់កណ្តាលនៃវិមានតាល់ ម៉ាហាល់។
Daily Program
