លោកតូនី ប្ល៊ែរ នាយករដ្ឋមន្រ្តីអង់គ្លេសដែលនាំគណបក្សពលករឈ្នះ ៣អណត្តិ
លោកអន់ថូនី ស្ហ៉ាល៍ លីនថុន ប្ល៊ែរ ឬលោកតូនី ប៊្លែរ គឺជារដ្ឋបុរសអង់គ្លេស និងជាសមាជិកគណបក្សពលករ។ លោកកើតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងអេឌីមប៊ូហ្គ៍ ប្រទេសស្កុតឡេនដ៍។ លោកគឺជានាយករដ្ឋមន្រ្តីអង់គ្លេសពី ថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៩៧ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៧។
លោកតូនី ប៊្លែរ គឺជាកូនទី២ រស់លោកលីអូ ប៊្លែរ និងភរិយាលោកស្រី ហាហ្សែល។ បន្ទាប់ពី បញ្ចប់ថ្នាក់វិទ្យាល័យ លោកតូនី ប៊្លែរ បានសិក្សាច្បាប់នៅវិទ្យាល័យ សេន ចនស៍ ខលឡេហ្គ៍ នៅសកលវិទ្យាអុកស្វ៉ត ចក្រភពអង់គ្លេស។
លុះក្រោយមកលោកតូនី ប៊្លែរ បានចូលប្រឡូកក្នុងឆាកនយោបាយរហូតបានក្លាយជាប្រធាន គណបក្សពលករ។ បន្ទាប់មកជាប្រមុខរដ្ឋាភិបាល លោកតូនី ប៊្លែរ បានធ្វើកំណែទម្រង់យ៉ាង ស៊ីជម្រៅលើមនោគមន៍វិជ្ជា និងការអនុវត្តការងារនៅចក្រភពអង់គ្លេស ដែលប្រែក្លាយអង់គ្លេសទៅជាសេដ្ឋកិច្ចទីផ្សារដ៏ទំលំទូលាយ។ ចរន្តគំនិតរបស់លោកតូនី ប៊្លែរ ត្រូវបានពិព៌នាថា ជាផ្លូវទី៣ រវាងក្រុមឆ្វេង និងក្រុមស្តាំប្រពៃណី ដែលគេឲ្យឈ្មោះថា លទ្ធិប៊្លែរ។
នៅក្នុងប្រវត្តិរបស់គណបក្សពលករអង់គ្លេស ដំណាក់កាលភាពជាអ្នកដឹកនាំរបស់លោកប្ល៊ែរ និងមនុស្សជុំវិញ ត្រូវបានគេឲ្យឈ្មោះថា The New Labour (ឬកម្លាំងការងារថ្មី)។ លោកតូនី ប៊្លែរបានដឹកនាំប្រទេសអង់គ្លេសចូលប្រឡូក្នុងសង្រ្គាមចំនួន ៦ សង្រ្គាមនៅអ៊ីរ៉ាកនៅឆ្នាំ១៩៩៨ សង្រ្គាមនៅកូសូវ៉ូនៅឆ្នាំ១៩៩៩ សង្រ្គាមនៅសេរ៉ា លីអូននៅឆ្នាំ២០០០ សង្រ្គាមនៅអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ និងជាថ្មី សង្រ្គាមនៅអ៊ីរ៉ាក់នៅឆ្នាំ២០០៣។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៩ លោកប្ល៊ែរ បានថ្លែងសន្ទរកថា នៅទីក្រុងស្ហ៊ីកាហ្គោ សហរដ្ឋអាម៉េរិកនូវលទ្ធិសហគមន៍អន្តរជាតិ ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាលទ្ធិ ប្ល៊ែរ។ លទ្ធិនេះ ចង់ថា នយោបាយការបរទេសដែលដឹកនាំដោយចក្រភពអង់គ្លេស មានមូលដ្ឋានគ្រឹះលើការការពារនៃតម្លៃ និងគោលការណ៍។ វាកាត់ផ្តាច់ជាមួយនឹងលទ្ធិកាលពីអតីតកាលអភិរក្ស ដែលចង់ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិមុនគេបង្អស់។
នៅខែមីនា ឆ្នាំ២០០០ លោកតូនី ប៊្លែរ បានទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីជួបប្រធានាធិបតីរុស្ស៊ីស្តីទី លោកវ្ល៉ាឌីមៀ ពូទីន ដែលត្រូវតែងតាំងមុនពីរខែដោយប្រធានាធិបតីលាលែងលោកបូរីស អេលស៊ីន។ នៅសម័យនោះ ការលក់សម្ភារៈយោធាអង់គ្លេសទៅឲ្យរុស្ស៊ី បានកើនឡើង ៥៥០% ទោះបីជាមានសង្រ្គាមនៅឆេតឆេនី ក៏ដោយ។
នៅអំឡុងពេលការបោះឆ្នោត ឆ្នាំ២០០១ គណបក្សពលករទទួលបានសម្លេងភាគច្រើន។ លោកតូនី ប៊្លែរ បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសអណត្តិទីពីរ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៣ ដែលលោកកាន់តំណែងនេះបានយូរបំផុត។
លោកតូនី ប៊្លែរ បានគាំទ្រប្រធានាធិបតីអាម៉េរិក លោកចច ដាប់បឺយូ បូស្ហ៍ នៅអំឡុងសង្រ្គាមអ៊ីរ៉ាកនៅឆ្នាំ២០០៣។ លោកក្លាយជាអ្នកនាំពាក្យសហរដ្ឋអាម៉េរិកនៅអឺរ៉ុប ដែលប្រឆាំងនឹងប្រធានាធិបតីបារាំង លោកហ្សាក៍ ស្ហ៊ីរ៉ាក់ ជាប្រមុខក្រុមប្រឆាំងសង្រ្គាម។ ដោយបានចាត់ទុកជាអ្នកពូកែបញ្ចុះបញ្ចូលជាងលោកបូស្ហ៍ លោកតូនី ប៊្លែរ បានផ្តល់នូវទឡ្ហីករណ៍ជាច្រើនដើម្បីផ្តួលរំលំលោកសាដាម ហ៊ូសេន។
លោកតូនី ប៊្លែរ បានដឹកនាំគណបក្សលោក គណបក្សពលករ ឈ្នះការបោះឆ្នោតអណត្តិទី៣។ នេះគឺជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តចក្រភពអង់គ្លេស ដែលគណបក្សពលករ បានទទួលសម្លេងភាគច្រើនដាច់ខាតនៃអាសនៈនៅក្នុងសភាជាន់ទាបអង់គ្លេស។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកតូនី ប៊្លែរ បានទៅកាន់វិមានបាកឃីងហេម ដើម្បីបង្ហាញការលាលែងពីមុខតំណែងជាផ្លូវការនៅពីមុខម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២។