អេលីហ្ស៉ាប៊ែតទី១ ព្រះមហាក្សត្រី ក្នុងយុគសម័យនៃការចាប់ផ្តើមជាមហាអំណាច​ផ្លូវសមុទ្ររបស់អង់គ្លេស

អេលីហ្ស៉ាប៊ែតទី១ ប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៥៣៣ នៅវិមាន ប្ល៉ាសង់ទ្យៀ នៅរាជធានី​ឡុងដ្រ៍ ចក្រភពអង់គ្លេស និងសោយទីវង្គត​នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៦០៣ នៅវិមានរីចម៉ុង។ អេលីហ្ស៉ាប៊ែតទី១ គឺជាអធិរាជនីអង់គ្លេស និងអៀរឡង់ពីឆ្នាំ១៥៥៨ ដល់ថ្ងៃសោយទីវង្គត។

អេលីហ្ស៉ាប៊ែតទី១ គឺជាបុត្រីរបស់ស្តេច ហង់រីទី៨ និងជាសមាជិកទី៥ និងជាសមាជិក ចុងក្រោយនៃរាជ្យវង្ស ធូដ័រ នៅលើរាជ្យបល្ល័ង្កអង់គ្លេស និង អៀរឡង់។

ព្រះរាជនី អេលីហ្ស៉ាប៊ែតទី១ បានឡើងសោយរាជ្យនៅឆ្នាំ១៥៥៨។ ព្រះម្ចាស់ក្សត្រី មាន​ព័ទ្ធ​ជុំវិញ​​ដោយក្រុមទី​ប្រឹក្សាដែលគួរឲ្យទុកចិត្តដែលដឹកនាំដោយមន្រ្តីវីលៀម សេស៊ីល ដើម្បី​កំណត់​នយោបាយ។  ធ្វើជាព្រះអធិរាជនី សេចក្តីសម្រេចចិត្តមួយក្នុងចំណោមសេចក្តី​សម្រេច​ចិត្តដំបូងៗ គឺការស្តារ​​អំណាចនៃព្រះវិហារប្រូតេស្តង់អង់គ្លេស។ ក្លាយជា​សាសនា​មានតែមួយ​នៃ​រដ្ឋ ព្រះរាជនី​បានក្លាយជាអភិបាលកំពូលនៃព្រះវិហារអង់គ្លីកាន។ ច្បាប់​អេលីហ្ស៉ាប៊ែតបាន​ធ្វើ​ឲ្យវិវត្ត​​ក្រោយមកដើម្បីក្លាយជាព្រះវិហារអង់គ្លេស។

ព្រះអធិរាជនីអេលីហ្ស៉ាប៊ែតទី១ មាននយោបាយនិយមកណ្តាលជាងព្រះបិតា ស្តេច ហង់រីទី៨ និងបងប្រុសមាតាទីទៃ អេឌូអាទី៦ និងបងស្រីមាតាទីទៃ ម៉ារី អៀ អង់គ្លេស។  ព្រះម្ចាស់ក្សត្រី​មាន​អនុគ្រោះ​ច្រើន​ចំពោះវិស័យសាសនា។ ទោះបីជាយ៉ាងណា ព្រះម្ចាស់ក្សត្រី ដែលបាន​ជៀសផុត​ពី​ការរួមគំនិត​ប៉ុងប៉ង់ធ្វើឃាតជាច្រើនដង បានប្រកាន់នូវ​ការទូតយ៉ាងប្រុងប្រយ័ត្ន និង​រក្សាទំនាក់ទំនងល្អជាមួយមហាអំណាចធំៗ នៅអឺរ៉ុប ដែលមានដូចជាបារាំង និង​អេស្ប៉ាញ​​ជាដើម។

នៅអំឡុងរាជរបស់ព្រះរាជនីអេលីហ្ស៉ាប៊ែតទី១ ក៏មានផ្ទុះឡើងនូវសង្រ្គាមរវាង​អង់គ្លេស និង​អេស្ប៉ាញ ដែលអេស្ប៉ាញបានបញ្ជូនហ្វូងនាវាដើម្បីព្យាយាមឈ្លានពានរាជា​ណា​ចក្រ​អង់គ្លេស​​​​នៅឆ្នាំ១៥៨៨។

រាជ្យរបស់អេលីហ្ស៉ាប៊ែតទី១ ឬហៅថា យុគសម័យអេលីហ្ស៉ាប៊ែត គឺចងភ្ជាប់ទៅនឹង​​ភាព​រំភើប​ជាមួយ​ល្ខោនដែលបង្ហាញ​ដោយ​លោកវីលៀម ស្ហ៉េកស្ពៀ និងលោកគ្រីស្តូហ្វឺ ម៉ាកឡូវ៉េ និង​ការ​​លេចឡើងនូវស្ទីលស្ថាបត្យកម្មអង់គ្លេស និងការបោះមូលដ្ឋានជាអចិន្ត្រៃយ៍នៃ​អាណានិគម​​អង់គ្លេស​នៅពិភពលោកថ្មី និងការរុករកខាងផ្លូវសមុទ្ររបស់អ្នកផ្សងព្រេងដូចជា លោក​ហ្វ្រ៉េនស៊ីស ដ្រាក និងវ៉លធឺ រ៉ាឡេហ្គ ដែលធ្វើអង់គ្លេសក្លាយជាមហាអំណាចផ្លូវសមុទ្រ​មួយ​នៅ​​សតវត្សទី១៦។    

ប៉ុន្តែអ្នកប្រវត្តិសាស្រ្តខ្លះ បានលើកឡើងថា យុគមាស គឹជាការសន្មត់ និង​វាយ​តម្លៃថា អេលីហ្ស៉ាប៊ែតទី១ គឺជារាជនីដែលចូលចិត្តក្រេវក្រោធ និងញញើតញញើម​ក្នុង​ការ​សម្រេច​ចិត្ត ប៉ុន្តែជោគជ័យច្រើន គឺដោយសារសំណាង។  នៅចុងបញ្ចប់នៃរាជ្យ​របស់​ព្រះ​រាជនី បញ្ហា​សេដ្ឋកិច្ច និងយោធាមានជាបន្ត​បន្ទាប់​ប៉ះពាល់ដល់ប្រជាប្រិយភាព​របស់ព្រះ​រាជនី។ ប៉ុន្តែព្រះ​រាជនីអេលីហ្ស៉ាប៊ែតទី១ ត្រូវបានទទួល​ស្គាល់ដោយការមានទឹកចិត្តមនុស្សធម៌ និង​សម្រេច​អ្វី​ហើយ​មិនផ្លាស់ប្តូរចិត្ត ទន្ទឹមពេល​នឹងស្តេចនៃប្រទេសជិតខាងកំពុងប្រឈមនឹង​ការលំបាក​ផ្ទៃ​ក្នុង​​ដែលធ្វើឲ្យរាជ្យបល្ល័ង្ករបស់​ពួកគេរលំរលាយ។  ជាឧទាហរណ៍ ក្នុង​ករណី​គូ​ប្រជែង​របស់​ព្រះ​​រាជនី ម៉ារីទី១ រាជនីនៃប្រទេសស្កុតឡេនដ៍ ដែលត្រូវបានជាប់ពន្ធនាគារ​នៅ​ឆ្នាំ​១៥៦៨ និងត្រូវគេធ្វើគុតនៅឆ្នាំ១៥៨៧។ ដូច្នេះ ៤៤ឆ្នាំ នៃរាជ្យរបស់អេលីហ្ស៉ាប៊ែតទី១ ក៏​បាននាំ​មកនូវ​ស្ថិរភាពដ៏គួរឲ្យអបអរមកកាន់រាជាណាចក្រ និងជួយក្នុងការស្ថាបនាអត្ត​សញ្ញាណ​​ជាតិ​ចក្រភព​អង់គ្លេស។

ព្រះរាជនីអេលីហ្ស៉ាប៊ែតទី១ មិនដែលបានរៀបអភិសេកទេ ហើយខ្សែរាជវង្ស ធូដ័រ អង់គ្លេស បានរលត់ត្រឹមព្រះរាជនី នៅលើរាជ្យបល្ល័ង្កនៃរាជាណាចក្រអង់គ្លេស និងអៀរឡង់ ដែល​ជា​ការ​បើកផ្លូវដល់រាជ្យវង្សស្ទូអាកត៍ នៅដើមដំបូងសតវត្សទី១៧ នៃចក្រភពអង់គ្លេស។

 

Daily Program

Livesteam thumbnail