ចន្ត្រាហ្គូពតា ម៉ូរីយ៉ា ស្ថាបនិកនៃចក្រភពម៉ូរីយ៉ា ឥណ្ឌាបុរាណ
ចន្ត្រាហ្គូពតា ម៉ូរីយ៉ា ប្រសូតនៅប្រមាណឆ្នាំ៣៤០ មុនគ្រិស្តសករាជ និងសោយទីវង្គតនៅ ឆ្នាំ ២៩៧ មុនគ្រិស្តសករាជ។ ព្រះអង្គគឺជាស្ថាបនិក និងជាមេដឹកនាំទី១នៃចក្រភព ម៉ូរីយ៉ា ដែលជាប្រទេសឥណ្ឌាបុរាណ។
អ្នកប្រវត្តិសាស្រ្តដឹងរឿងមិនសូវច្រើនអំពីព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា ដែលប្រហែលជាអាចប្រសូតចេញពីវណ្ណៈក្រោម។ ប្រភពខ្លះចង់ជឿថា ព្រះអង្គត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយអ្នកចិញ្ចឹមក្ងោក។ អ្នកខ្លះថា ព្រះអង្គគឺជាបុត្ររបស់ព្រះអង្គម្ចាស់នៃចក្រភព ណាន់ដា មុន និងមាតាអ្នកបម្រើប្រាសាទដែលមានឈ្មោះថា មូរ៉ា។
ការឈ្លានពានរបស់ព្រះបាទអាឡិកហ្ស៉ង់ឌើ ឌឹ ហ្គ្រេត នៃនគរម៉ាសេដូនីក្រិក មកដល់រដ្ឋពេនចាប និងតាមបណ្តោយដងទន្លេឥណ្ឌូស បានធ្វើឲ្យឥណ្ឌាយល់អំពីភាពចាំបាច់ក្នុងការអភិវឌ្ឍរដ្ឋមជ្ឈការ។ ដោយទទួលឥទ្ធិពលពីមន្រ្តីព្រះអង្គ នាម ចាណាយ៉ា និងជាអ្នកនិពន្ធស្នាដៃយុទ្ធសាស្រ្តជាភាសាសំស្ក្រឹត និងជាមួយជំនួយការរបស់ខ្លួន ចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានផ្តួលរំលំស្តេចចុងក្រោយនៃចក្រភពណាន់ដានៅនគរម៉ាហ្គាដា។ ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានមកតាំងរាជធានី នៅប៉ាតាលីពូត្រា និងពង្រីកអំណាចទៅភាគខាងជើងនៃប្រទេសឥណ្ឌា។
បន្ទាប់មក ព្រះអង្គបែរការយកចិត្តទុកដាក់លើភាគពាយព្យនៃប្រទេស។ ព្រះអង្គបានបណ្តេញកងទ័ពអាឡិកហ្ស៉ងឌើ។ នៅពេលនោះព្រះអង្គបានបង្កើតអង្គភាពទ័ពម៉ាសេដូនី ដែលស្ថិតនៅរដ្ឋពេនចាបបន្ទាប់ពីការចាកចេញរបស់អាឡិកហ្ស៉ង់ឌើ។ ព្រះជ្រើសរើសពួកគេបណ្តុះបណ្តាលនៅកន្លែង ហើយជារឿយៗ ទាហានក្រិកបានរៀបការជាមួយជនជាតិដើម។
ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បន្តពង្រីកទឹកដី និងដណ្តើមយកទឹកដីនៃច្រាំងខាងឆ្វេងភាគខាងកើតនៃទន្លេឥណ្ឌូស បង្រ្កាបនគរតាស៊ីឡេស មុនពេលព្រះអង្គបែរមកភាគខាងត្បូងធ្វើឲ្យផ្នែកដ៏ធំនៃប្រទេសឥណ្ឌាកណ្តាលសព្វថ្ងៃចុះចាញ់។
នៅឆ្នាំ៣០៥ មុនគ្រិស្តសករាជ ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានទៅកាន់ដែនដីនៅភាគខាងពាយព្យរបស់ខ្លួន ដោយសារតែស្តេចសេឡឺកូសនៃចក្រភពម៉ាសេដូនីចេញពីរាជធានីបាប៊ីឡូន មកគំរាមកំហែងព្រំដែនទន្លេឥណ្ឌូស ចាប់តាំងពីឆ្នាំ៣០៨ មុនគ្រិស្ករាជ។ ចេញពីសង្រ្គាមប្រឆាំងសេឡឺកូស ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានបញ្ឈប់ការរុលទៅមុខរបស់ចក្រភពម៉ាសេដូនី ដណ្តើមបានទឹកដីច្រាំងខាងស្តាំភាគខាងលិចនៃទន្លេឥណ្ឌូស ហើយរុញច្រានព្រំដែនរបស់ខ្លួនភាគខាងលិចឲ្យទៅកាន់តែឆ្ងាយក្នុងភាគពាយព្យ ដែលសព្វថ្ងៃនេះគឺជាប្រទេសប៉ាគីស្ថាន និងអាហ្វហ្គាសនីស្ថាន។ នៅប្រមាណឆ្នាំ៣០៣ នៃគ្រិស្តសករាជ ក្សត្រទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងនោះ សេឡឺកូស បានដោះដូរទឹកដីរបស់ខ្លួនជាមួយនឹងដំរីចម្បាំង ៥០០ក្បាល ពីព្រះអង្គចន្ត្រាហ្គូពតា ម៉ូរីយ៉ា។
សម្ព័ន្ធមិត្តក៏ត្រូវបានបញ្ជាក់តាមរយៈពិធីរៀបអភិសេករវាងអធិរាជចក្រភពម៉ូរីយ៉ា និងបុត្រីម្នាក់នៃនគរឌីយ៉ាដូក។ សេឡឺកូស ក៏បានបញ្ជូនអគ្គរាជទូតរបស់ខ្លួន មកស្នាក់នៅប្រាសាទនៃរាជការម៉ូរីយ៉ា នៅរាជធានី ប៉ាតាលីពូត្រា ហើយគាត់បាននាំយករូបគំនូរមួយផ្ទាំងអំពីជីវភាពរស់នៅនាសម័យនោះសល់ដល់សព្វថ្ងៃ។
បន្ទាប់ពីសម្ព័ន្ធមិត្តនេះ កេរ្តិ៍ឈ្មោះរបស់ចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានល្បីល្បាញនៅក្នុងពិភពក្រិកបុរាណ ដែលចក្រភពម៉ូរីយ៉ាត្រូវបានទទួលស្គាល់ថាជាមហាអំណាចមួយយ៉ាងសំខាន់។
នៅដំណាក់កាលចុងក្រោយនៃជីវិត នៅប្រមាណឆ្នាំ២៩៨ មុនគ្រិស្តសករាជ ព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានដាក់រាជ្យ។
ព្រះអង្គប៊ីនឌូសារ៉ា ដែលជាបុត្រនៃព្រះបាទចន្ត្រាហ្គូពតា ម៉ូរីយ៉ា បានស្នងរាជ្យបន្ត ដែលបានទទួលមរតកពីចក្រភពមួយដែលរួមមានតំបន់ជាច្រើន មានតំបន់ ហ៊ីនឌូ គូស្ហ ម៉ាល់វ៉ា មីសូរ៉េ ប៊ីហា បេនហ្គាល់ អូរីសា អាសាម បាលូជីស្តាន និងអាហ្វហ្គាសនីស្ថានផងដែរ។