លីហ្ស៉ា ស៊ូ អ្នកដឹកនាំ និងធ្វើឲ្យក្រុមហ៊ុន AMD មានភាពល្បីល្បាញ
លោកស្រីលីហ្ស៉ា ស៊ូ កើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៦៩។ លោកស្រីគឺជាវិស្វករ និងជាប្រធានក្រុមហ៊ុនអាម៉េរិក AMD ដែលមានកំណើតតៃវ៉ាន់។
លោកស្រីលីហ្ស៉ា ស៊ូ មានឈ្មោះពេញថា លីហ្ស៉ា ត្ស៊ូវូ ហ្វាង ស៊ូ។ លោកស្រីកើត នៅទីក្រុងជាប់ឆ្នេរ ទីក្រុងតៃណាន នៅកោះតៃវ៉ាន់។ ឪពុកម្តាយរបស់លោកស្រី លោកជុន វ៉ៃស៊ូ និងលោកស្រីសានឌី ស៊ូ បានធ្វើអន្តោប្រវេសន៍មកកាន់សហរដ្ឋអាម៉េរិកនៅពេលលោកស្រីលីហ្ស៉ា ស៊ូ មានអាយុ ៣ឆ្នាំ។ តាំងពីក្មេង លោកស្រី លីហ្ស៉ា ស៊ូ និងបងប្រុស ត្រូវបានលើកទឹកចិត្តឲ្យសិក្សាគណិតវិទ្យា និងវិទ្យាសាស្រ្ត។ តាំងពីវ័យកុមារលោកស្រីលីហ្ស៉ា ស៊ូ មានក្តីប្រាថ្នាចង់ក្លាយជាវិស្វករ។ នៅអាយុ ១០ឆ្នាំ លោកស្រី ចាប់ផ្តើមបង្ហាញនូវនិស្ស័យ ចេះជួសជុលឡានតេឡេរបស់បងប្រុស។ លោកស្រីទៅកាន់តែញឹកញាប់ និងចូលសិក្សានៅវិទ្យាល័យវិទ្យាសាស្រ្តប្រុន (Bronx) ដែលជាគ្រឹះស្ថានសិក្សាមួយ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ដែលលោកស្រីបានទទួលសញ្ញាបត្រនៅឆ្នាំ១៩៨៦។
ម្តាយរបស់លោកស្រី ជាអ្នកគណនេយ្យករក្រោយមកក្លាយជាសហគ្រិន បានផ្តួចផ្តើមគំនិតឲ្យលោកស្រីលីហ្ស៉ា ស៊ូ ឲ្យចូលប្រឡូកក្នុងពិភពធុរកិច្ច។
នៅពេលចាប់ផ្តើមអាជីបដំបូង លោកស្រីធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដូចជា តិចសាស អ៊ីនស្ត្រ៊ូមិន (Texas Instruments) អាយប៊ីអឹម (IBM) និង ហ្វ្រ៊ីស្កេលសឺមីខនដាក់ទ័រ (Freescale Semiconductor) ដោយកាន់តំណែងជាវិស្វករ និងគ្រប់គ្រង។ នៅអំឡុងអណត្តិជាអនុប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អាយប៊ីអឹម លោកស្រីបានចូលរួមចំណែកធ្វើការអភិវឌ្ឈបន្ទះឈីបបច្ចេកវិទ្យាស៊ីលីខន អន អ៊ីនស៊ូលេធឺ (Silicon on Insulator) ដែលនេះគឺជាចំនុចចាប់ផ្តើមនៃបន្ទះឈីបដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងគ្រឿងអេឡិចត្រូនិច។
លោកស្រីលីហ្ស៉ា ស៊ូ ត្រូវបានតែងតាំងជាអគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន (AMD Advanced Micro Devices) នៅខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីបានចូលរួមក្រុមហ៊ុននេះនៅឆ្នាំ២០១២។ នៅមុននោះ លោកស្រីគ្រប់តំណែងនានាដូចជាអនុប្រធាននៃផ្នែកពាណិជ្ជកម្មពិភពលោករបស់ក្រុមហ៊ុន AMD និងជានាយកស្រាវជ្រាវ។
នៅឆ្នាំ២០២០ លោកស្រីលីហ្ស៉ា ស៊ូ មានតួនាទីជាសមាជិកនៃក្រុមប្រឹក្សារដ្ឋបាលនៃក្រុមហ៊ុននានាដូចជា អាណាឡក ដឺវាយ (Analog Devices) និងក្រុមហ៊ុន ស៊ីស្កូ ស៊ីស្តេម (Cisco Systems) ជាដើម។ ដោយត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពការងាររបស់លោកស្រីដោយអ្នកធ្វើការងារជាមួយ ជារឿយៗ លោកស្រីលីហ្ស៉ា ស៊ូ ត្រូវបានផ្តល់កិត្តិនាមថាជាអ្នកស្តារមុខមាត់ និងធ្វើឲ្យក្រុមហ៊ុន AMD មានសន្ទុះនូវភាពល្បីល្បាញឡើងវិញ នៅពេលលោកស្រីបានចូលដឹកនាំក្រុមហ៊ុននេះនៅឆ្នាំ២០១៤។
នៅឆ្នាំ២០១៩ ប្រាក់ខែលោកស្រីឡើងដល់ ១លានដុល្លារ និងលោកស្រីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ១,២លានដុល្លារ ព្រមទាំងភាគហ៊ុនដែលអាចឡើងដល់ ៣លានដុល្លារ និងភាគហ៊ុនក្រុមហ៊ុនដែលមានតម្លៃ ៥៣លានដុល្លារទៀត។
AMD (Advanced Micro Devices) គឺជាក្រុមហ៊ុនអាម៉េរិកផលិតបន្ទះឈីប មីក្រូប្រ៉សេសស៊ឺ និងកាតក្រាហ្វិកសម្រាប់កុំព្យូទ័រ ដែលមានមូលដ្ឋាននៅទីក្រុងសាន់តា ក្លារ៉ា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។
ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ AMD បានជួបនូវបណ្តាលឆ្នាំដ៏អាក្រក់ដោយសារការបរាជ័យរបស់ឈីបប៊ូលដូហ្សឺ Bulldozer រហូតដល់ការឡើងមកកាន់តំណែងរបស់លោកស្រីលីហ្ស៉ា ស៊ូ ក្នុងនាមជាអគ្គនាយិកាប្រតិបត្តិ ដែលលោកស្រីបានមករៀបចំឡើងវិញ និងបំពាក់ឲ្យក្រុមហ៊ុននូវផលិតផលគុណភាពខ្ពស់នានា ដូចជា ជីភីយូ រ៉ាដឺអុន អ៊ែរអ៊ិច GPU Radeon RX និងស៊ីភីយូ រ៉ាយហ្ស៊ិន CPU Ryzen ជាដើម។