លូ ស៊ុន កំពូលឧត្តមសេនីយ៍នគរអ៊ូ នៅសម័យសាមកុក
លូ ស៊ុន កើតនៅឆ្នាំ១៨៣។ លោកគឺជាអ្នកយុទ្ធសាស្រ្ត និងតាកតិច នៃព្រះរាជាណាចក្រអ៊ូ នៅអំឡុងសម័យសាមកុក ពីឆ្នាំ២២០ ដល់ឆ្នាំ២៨០។
ការបម្រើនគរអ៊ូជាមួយនឹងទេពកោសល្យដាច់ដោយឡែក និងបញ្ញាញ្ញាណរបស់លូ ស៊ុន បានធ្វើឲ្យលោកមានកិត្តិនាមល្បីល្បាញ និងត្រូវបានស៊ុន ឈាន ស្តេចនគរអ៊ូ តម្លើងឋានៈដល់លោក នៅឆ្នាំ២០៣។
លូ ស៊ុន បម្រើក្នុងនាមជាមេបញ្ជាការកងទ័ពសម្រាប់សមរភូមិ យីលីង។ លូ ស៊ុន បានដឹកនាំជ័យជម្នះដ៏ធំដោយបញ្ជាឲ្យជូ រ៉ាន ដុតកងទ័ពនគរស៊ូទាំងអស់ ដែលដឹកនាំដោយលីវ ប៉ី។
លូ ស៊ុន ឈ្មោះហៅក្រៅថា យី គឺជាសមាជិកនៅក្នុងកុលសម្ព័ន្ធលូ។ នេះគឺជាកុលសម្ព័ន្ធដ៏មានសក្តានុពលនៅក្នុងនគរអូ។ លូ ស៊ុន មានកំណើតនៅទីក្រុង ស៊ូជូ សព្វថ្ងៃនេះគឺជាខេត្តចៀនស៊ូ។ តាំងពីក្មេង លូ ស៊ុន គឺជាក្មេងកំព្រា។ ឪពុកម្តាយបានស្លាប់ និងត្រូវបានចិញ្ចឹមដោយអ៊ំ លូ កាង ដែលជាអភិបាលទីក្រុងលីវ ចៀន។ នៅឆ្នាំ១៩៤ យ័នស៊ូ ដែលជាស្តេចត្រាញ់ដ៏មានអំណាច និងតាំងមូលដ្ឋាននៅស្ហ៊ូស្ហ័ន បានសម្រេចចិត្តពង្រឹងទីតាំងរបស់ខ្លួនកាន់តែទៅភាគខាងត្បូង។ ដោយការព្យាករថា មានសង្រ្គាម លូស៊ុន ត្រូវបានបញ្ជូនទៅកាន់នគរអ៊ូ ដែលលោកត្រូវបានចិញ្ចឹមដោយកូនប្រុសរបស់លូ កាង។
នៅក្នុងទសវត្សឆ្នាំ២០០ លោកបានចូលបម្រើស៊ុន ឈាន ដែលជាស្តេចស្នងមរតកថ្មី ស្នងតំណែងពីបងប្រុសច្បងរបស់ព្រះអង្គ គឺស៊ុនសេ ដែលបានស្លាប់ដោយគេធ្វើឃាតនៅឆ្នាំ២០០។ លូ ស៊ុន បានចូលធ្វើជាមន្រ្តីថ្នាក់ក្រោម បន្ទាប់មកឡើងជាមេបញ្ជាការយោធានៅខាងជើងឆកសមុទ្រ ហាងជូ។ លោកលូស៊ុន ជាអ្នកកំចាត់ក្រុមបះបោរ ប៉ាន លីន និងធ្វើកំណែទម្រង់កសិកម្មនៅតំបន់ជុំវិញ។
នៅឆ្នាំ២២១ លីវ ប៉ី បានធ្វើសង្រ្គាមប្រឆាំងស៊ុន ឈាន។ យោងតាមរឿងសាមកុក គឺដើម្បី សងសឹកឲ្យការស្លាប់របស់គ័ងអ៊ី ប៉ុន្តែជាពិសេស គឺដើម្បីដណ្តើមយកខេត្តជីង។ លូ ស៊ុន ត្រូវបានតម្លើងឋានៈជាមេបញ្ជាការធំនៃកងទាហាននគរអ៊ូ។
ដោយប្រើនយោបាយការពារ នៅយីលីង លោកលូ ស៊ុន ត្រូវបានប្រមាថដោយមន្រ្តីនានា ដែលច្រណែន និងការឡើងតំណែងរបស់លោក និងឧត្តមសេនីយ៍របស់លោក។ ពួកគេចង់ឲ្យលូស៊ុន ឆាប់វាយបកលើលីវ ប៉ី តែលូស៊ុន តែងតែប្រកែក។ បន្ទាប់មក លូស៊ុន បានប្រើប្រាស់សណ្ឋានដី និងអាកាសធាតុដើម្បីជាប្រយោជន៍ដល់ខ្លួន។ កងទាហានរបស់លីប៉ី ត្រូវតែបង្ខំចិត្តបោះជំរុំនៅរដូវក្តៅហែងដោយវាយទៅមុខលែងរួចទៀត។ ដោយទទួលកម្តៅ និងខ្សែផ្គត់ផ្គង់ស្បៀងយឺតដោយសារផ្លូវឆ្ងាយ លីវ ប៉ី ត្រូវរើទៅបោះជំរុំនៅក្បែរទន្លេយ៉ាងសេ។ លូ ស៊ុន បានគណនា និងរង់ចាំឱកាសនេះ បានធ្វើការវាយប្រហារ និងបំផ្លាញជំរុំ ដោយប្រើប្រាស់ភ្លើងដុត ជាមួយនឹងកងទ័ពដ៏សម្បើម និងមានជំនួយពីមេបញ្ជាការ ជូ រ៉ាន ផងដែរ។ កងទាហានរបស់លីវ ប៉ី បានរត់គេច និងស្ទើតែត្រូវបានបំផ្លាញទាំងស្រុង ជាមួយនឹងការបោះបង់ចោលនូវសព្វាវុធជាច្រើននៅទីកន្លែង។
បន្ទាប់ពីសមរភូមិ យីលីង សម្ព័ន្ធមិត្ត អ៊ូ និងស៊ូ ត្រូវបានស្តារឡើងវិញ។ លូ ស៊ុន មានកិត្តិនាមល្បីល្បាញជាខ្លាំង និងគ្រប់គ្រងខេត្ត ជីង សម្រាប់ស៊ុនឈាន។ លោកបានក្លាយជាទីប្រឹក្សាផ្ទាល់របស់ស្តេចស៊ុនឈាន។ លោកផ្តល់ប្រឹក្សាឲ្យស្តេចសម្រាប់អភិបាលកិច្ច និងយុទ្ធសាស្រ្តសម្រាប់យុទ្ធនាការយោធានានា។
នៅឆ្នាំ២៤៤ នៅអាយុ ៦០ឆ្នាំ បន្ទាប់ពីការស្លាប់របស់មហាឧបរាជ ហ្គូ យ៉ុង លូ ស៊ុន បានក្លាយជាអធិការបតីសម្រាប់ចក្រភពអ៊ូ។