តើរៀនជំនាញពីរក្នុងពេលតែមួយ ផ្ដល់គុណសម្បត្តិ និងគុណវិបត្តិ យ៉ាងដូចម្តេច?
មតិជាច្រើនយល់ឃើញខុសៗគ្នាក្នុងការរៀនជំនាញពីរក្នុងពេលតែមួយ។ មតិខ្លះយល់ថា ចេះដប់មិនស្មើប្រសប់មួយ បានន័យថា រៀនជំនាញមួយឲ្យចេះប្រាកដ ខំឲ្យអស់លទ្ធភាព នោះនិស្សិតនឹងចេះច្បាស់លាស់តែម្ដង មិនមែនលំៗទេ ។ម្យ៉ាងបើរៀនពីរក្នុងពេលតែមួយ ក៏ត្រូវរៀនជំនាញណាដែលទាក់ទងគ្នាដែរ ទើបជាការប្រសើរ។
មតិជាច្រើនយល់ឃើញខុសៗគ្នាក្នុងការរៀនជំនាញពីរក្នុងពេលតែមួយ។ មតិខ្លះយល់ថា ចេះដប់មិនស្មើប្រសប់មួយ បានន័យថា រៀនជំនាញមួយឲ្យចេះប្រាកដ ខំឲ្យអស់លទ្ធភាព នោះនិស្សិតនឹងចេះច្បាស់លាស់តែម្ដង មិនមែនលំៗទេ ។ម្យ៉ាងបើរៀនពីរក្នុងពេលតែមួយ ក៏ត្រូវរៀនជំនាញណាដែលទាក់ទងគ្នាដែរ ទើបជាការប្រសើរ។
កញ្ញា ខេន ដាវី ជានិស្សិតដែលរៀនជំនាញពីក្នុងពេលតែមួយ។ សព្វថ្ងៃដាវី សិក្សាជំនាញឱសថសាស្រ្ត និងជំនាញអក្សរសាស្រ្តអង់គ្លេស។ ដាវីយល់ឃើញថា ការរៀនជំនាញពីរក្នុងពេលតែមួយផ្ដល់ទាំង គុណសម្បត្តិ និងគុណវិបត្តិ ហើយបញ្ជាដែលរូបគេជួបប្រទះនោះមាន ពេលវេលា កម្លាំងថាមពល និងប្រាក់កាស។
ដាវី និយាយថា ប៉ះពាល់ដល់ពេលវេលានោះ គឺត្រង់ការចែកវេនរៀនវាមិនបានល្អ ព្រោះថារៀននៅសាលាពេទ្យ គឺត្រូវចំណាយពេលច្រើនមែនទែន រៀនតំាងពីម៉ោង៧ព្រឹករហូតដល់ ៥ល្ងាច ហើយនៅសាលាមួយទៀតគឺចូលរៀននៅម៉ោង៥កន្លះ អ៊ីចឹង ពេលវេលាគឺវាខើចមែនទែន ក្នុងនោះដែរ គឺរកពេលវេលាមើលមេរៀននឹងធ្វើកិច្ចការសាលាមិនចង់បាន ព្រោះរៀននៅសាលាពេទ្យច្រើនម៉ោង ហើយការងារសាលាក៏ច្រើនតាមនឹងដែរ ហើយសាលាអង់គ្លេសរៀនតែ ៣ ម៉ោងទេ ប៉ុន្តែកិច្ចការសាលាច្រើនប្រហែលសាលាពេទ្យដែរ ។
ម្យ៉ាងទៀត គឺហត់អស់កម្លាំង ព្រោះរូបគេត្រូវចូលរៀនតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៩យប់ ចេញពីរៀនត្រូវធ្វើម្ហូបដាំបាយ ពេលខ្លះម៉ោង១០ កន្លះអីមិនទាន់បានញាំបាយក៏មាន។អ៊ីចឹង ពេលដែលហត់ រូបគេមិនសូវបានមើលមេរៀនប៉ុន្មានទេ។ ដាវី រៀបរាប់ថា ការរៀនពីរសាលាគឺចំណាយក៏វាច្រើនតាមនឹងដែរ គិតទៅរៀនពីរសាលាគឺចំណាយគុណនឹងពីរ ទាំងការញាំ ថ្លៃសាំង ជាដើម។
ទន្ទឹមនឹងនោះដែរ ការដែលរៀនពីរសាលាក៏មានគុណសម្បត្តិដែរ ពោលគឺរូបគេ ទទួលបានចំណេះដឹងថ្មីៗច្រើន ទោះបីមិនពូកែ មិនចាំច្បាស់ តែរូបគេអាចប្រើប្រាស់ព័ត៌មាន និងទិន្នន័យទាំងនោះជាជំនួយក្នុងការរៀននូវជំនាញមួទៀតដែរ។
អ្វីដែលសំខាន់នោះ ជំនាញអង់គ្លេសជួយរូបគេបានច្រើន ព្រោះ និស្សិតរូបនេះ ជានិស្សិតមកពីខេត្តមិនសូវមានការយល់ដឹងផ្នែកភាសាអង់គ្លេសច្រើនទេ អ៊ីចឹងពេលរៀនជំនាញអង់គ្លេសវាជួយរូបគេ ឲ្យកាន់តែងាយស្រួលរៀនមុខជំនាញនៅសាលាពេទ្យ ព្រោះឯកសារខ្លះជាភាសាអង់គ្លេស។
មិនតែប៉ុណ្ណោះ វាជួយក្នុងការស្រាវជ្រាវឯកសារ ឬព័ត៌មានផ្សេងៗដែលត្រូវរៀនបន្ថែម ពេលខ្លះមេរៀនជាភាសាបារាំងគេមើលអត់យល់ ដូច្នេះរូបគេអាចស្រាវជ្រាវជាភាសាអង់គ្លេសបានដោយខ្លួនឯង នឹងឆាប់យល់ជាងមុនផងដែរ។
យ៉ាងណាមិញ ទោះបីជារៀនជំនាញពីក្នុងពេលតែមួយផ្ដល់ផលលំបាកច្រើនក៏ពិតមែន ប៉ុន្តែដាវី និយាយថា បើមិនរៀនជំនាញភាសាអង់គ្លេសបន្ថែមទេ រូបគេក៏មិនអាចយល់មេរៀននៃមុខជំនាញមួយទៀតដែរ ពោលគឺវាជួយគ្នាទៅវិញទៅមក ម្លោះហើយទើបដាវីសម្រេចចិត្តរៀនជំនាញពីរក្នុងពេលតែមួយ។
ក្នុងនោះដែរ ដាវី លើកទឹកចិត្តថាគួរកុំរៀនជំនាញពីរក្នុងពេលតែមួយដូចគេ តែប្រសិនបើបុគ្គលនោះគាត់ចេះគ្រប់គ្រងពេលវេលាបានល្អ និងចេះលើកទឹកចិត្តខ្លួនឯងក្នុងការរៀនសូត្រ ដាក់គោលដៅឲ្យច្បាស់ ហើយរៀននូវមុខជំនាញដែលទាក់ទងគ្នា គាត់អាចរៀនពីរក្នុងពេលតែមួយបាន បើសិនជាគាត់គិតថាគាត់អាចធ្វើបាន។
ចំណែក និស្សិតនៅសាលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិត នឿន ស្រីណុច យល់ឃើញថា ការរៀនមុខជំនាញពីរក្នុងពេលតែមួយគឺមានទាំងគុណសម្បត្តិ និងគុណវិប្បត្តិ គឺមានន័យថាបើរៀនជំនាញពីរដែលវាខុសគ្នាដាច់ ឧទាហរណ៍ជំនាញសារព័ត៌មាន និងជំនាញវិស្វកម្ម អ៊ីចឹងជំនាញនឹងវាខុសគ្នាឆ្ងាញណាស់ វាអាចលំបាកសម្រាប់អ្នករៀនក្នុងការបែងចែកពេលវេលា ហើយមេរៀនគឺដាច់ដោយឡែកពីគ្នា។
ប៉ុន្តែបើសិនជារៀនពីរសាកល ហើយជំនាញពីរនឹងវាទាក់ទងគ្នា ចឹងវាជាការល្អសម្រាប់អ្នករៀនទាំងឡាយ ព្រោះមុខវិជ្ជាទាំងពីរសាលាវាអាចយោងគ្នាបាន។
ស្រីណុច បន្តថា ការរៀនពីរសាកលគឺល្អ ប្រសិនបើយើងច្បាស់ខ្លួនឯង ហើយចេះបែងចែកពេលវេលាបានត្រឹមត្រូវ តែបើយើងមិនចេះគ្រប់គ្រងពេលវេលាបានល្អទេ ការរៀនពីរសាកលគឺមិនមែនជាជម្រើសល្អទេ។
កញ្ញា ហួរ ឆេង ស៊ីម និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យមួយ បានលើកឡើងថា ការរៀនពីរសាលាក្នុងពេលតែមួយវាពិបាក ពិបាកត្រង់ថា យើងផ្ដោតអារម្មណ៍លើការរៀនមិនបានដិតដល់ រៀនអានេះផងអានោះផងអ៊ីចឹង ។ ណាមួយពេលដែលរៀនពីរចឹង ពេលចេញទៅធ្វើការក៏យើងរើសយកតែមួយដែរ ចឹងចាប់យកមួយៗវាស្រួលជាង។
និស្សិត អិន សុធារី យល់ឃើញថា ការរៀនពីរសាលាគឺប៉ះពាល់ច្រើន ព្រោះបើរៀនពីរក្នុងពេលតែមួយគឺមិនអាចទទួលបានលទ្ធផលល្អទាំងពីរបានទេ។ ម្យ៉ាងគឺពិបាកក្នុងការបែងចែកពេលវេលា ព្រោះថារៀនតែមួយសាលា ការងារគ្រូដាក់ឲ្យច្រើនយកមិនអស់ទៅហើយ ចុះទម្រាំរៀនពីរសាលាទៀត គឺវាហួសព្រំដែនមែនទែន។
ធារី បានលើកហេតុផលថា អ្នករៀនជំនាញពីរក្នុងពេលតែមួយអាចថា គាត់ខ្លាច់អត់មានការងារធ្វើ ឬគាត់រៀនតាមទីផ្សារការងារ ជាក់ស្ដែងគឺរូបគេផ្ទាល់តែម្ដង។ ចំណែកអ្នកខ្លះទៀតគាត់រៀនពីរសាលា ក៏ព្រោះតែគាត់ជាប់អាហារូបរណ៍ទាំងពីរសាលា ទើបគាត់មិនបោះបង់ហើយរៀនទាំងពីរតែម្ដងទៅ។
និស្សិតរូបនេះបន្តថា អ្នកដែលរៀនពីរសាលាគាត់អាចប្រឈមនឹងបាត់បង់ទំនាក់ទំនងសង្គម និងបាក់ទឹកចិត្ត ព្រោះថាគាត់រវល់តែរៀនពេក មិនបានចាប់អារម្មណ៍នឹងបញ្ហាជុំវិញ និងមនុស្សជុំវិញ ហើយកាលណាតែ រៀនច្រើនពេក គឺគាត់មិនអាចមានពេលបន្ធូរអារម្មណ៍ច្រើនទេ ស្របពេលដែលការរៀនកាន់តែស្មុគស្មាញគឺវាអាចជម្រុញឲ្យគាត់បាក់ទឹកចិត្តបានផងដែរ។
លោកសាស្រ្តាចារ្យ កែប ប៊ុនលី សាស្រ្តាចារ្យនៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ បានលើកឡើងថា ៖ «សម្រាប់ខ្ញុំយល់ឃើញថា ការសិក្សាពីរសាកលវិទ្យាល័យគឺជារឿងមួយដែលប្រកួតប្រជែងសម្រាប់និស្សិត ទីមួយទាក់ទងនឹងការចំណាយកម្លាំងបស់គាត់ ទីពីរបើងាកមើលកត្តាថវិការគឺគាត់ត្រូវចំណាយលុយច្រើនក្នុងការទិញសម្ភារៈសិក្សា ការចាយវាយទាំងពីរសាលា ថ្លៃសាំងអីជាដើម ឯទីបីគឺវាពាក់ព័ន្ធសុខភាព គឺសុខភាពពួកគាត់អាចទ្រុតទ្រោម ដោយសារចំណាយពេលវេលាច្រើនក្នុងការរៀន»។
លោកសាស្រ្តាចារ្យបន្តថា និស្សិតដែលរៀនពីរសាលា គឺវាល្អម្យ៉ាងដែរ តែពួកគេបានត្រឹមតែដឹងព័ត៌មានថើៗ បានន័យថារៀនមិនបានស៊ីជម្រៅ មិនមានមានពេលគ្រប់គ្រាន់ក្នុងការអាន ក្នុងកាវិភាគទៅលើខ្លឹមសារអត្ថន័យ ឬក៏ព័ត៌មានចំបាច់នានាសម្រាប់យកមកថ្លឹងថ្លែង។
ចំណុចមួយទៀតលោកសាស្រ្តាចារ្យ សង្កេតឃើញថា អ្នកដែលសម្រេចចិត្តរៀនពីរសាលានេះ ប្រហែលជាពួកគេមើលទៅលើទីផ្សារការងារ បើសិនជាអត់ត្រូវមួយ គិតថាមួយទៀតត្រូវហើយ អ៊ីចឹងពួកគេអាចរកការងារធ្វើបានករណីមានមួយអត់មួយ។
លោកសាស្រ្តាចារ្យ កែប ប៊ុនលី មិនលើកទឹកចិត្តឲ្យនិស្សិតចាប់ជំនាញពីរ ក្នុងពេលតែមួយទេ ជាពិសេសរៀនពីរសាកលវិទ្យាល័យហើយចំជំនាញខុសគ្នាទៀត។ មែនទែនគឺ រៀនតែមួយសាលា ពួកគេមានឱកាសរៀនសូត្រ ក្នុងការចំណាយពេលគ្រប់គ្រាន់ក្នុងអាន វិភាគ ការចូលរួមចលនាការងារសង្គមតាមជំនាញរបស់រៀងៗខ្លួន កាលណាពួកគេចូលរួមនៅក្នុងសង្គមបានច្រើន គឺជាឱកាសមួយដែលធ្វើឲ្យការងារពួកគេបានល្អ ហើយចំណេះដឹងនិស្សិតទាំងនោះមុតស្រួចច្បាស់លាស់។
លោក លើកឡើងថា សង្គមយើងត្រូវការអ្នកដែលមានជំនាញបែបនេះឲ្យបានច្រើន យើងអត់ត្រូវការអ្នកណាដែលចេះអានេះបន្តិចអានោះបន្តិចទេ គឺត្រូវការជំនាញជាក់លាក់មួយសម្រាប់យកទៅបំពេញការងារ ចឹងបើរៀនមួយជំនាញឲ្យចេះច្បាស់វាល្អជាង។ នៅស្រុកគេ គេរៀនតែជំនាញមួយៗ ឧទាហរណ៍ថា គេរៀនជំនាញអេឡិចត្រូនិក គេផ្ដោតែលើជំនាញនឹង បើគេចេះតខ្សែរភ្លើងគេចេះតែអាហ្នឹងមួយគេចិញ្ចឹមខ្លួនគេរស់ ហើយគេរកលុយបាន រស់ស្រួលអត់ខ្វល់រឿងតូចធំអីទេ ដូច្នេះស្រុកយើងទៅថ្ងៃអនាគតទៅក៏ចឹងដែរ យើងចង់ឃើញនិស្សិតយើងជំនាន់ក្រោយគាត់មានឥរិយាបទបែបហ្នឹងក្នុងការរៀនសូត្រ ទើបមានការរីកចម្រើន៕