ការកែលម្អខ្សែចង្វាក់តម្លៃនៃផលិតផលស្វាយចន្ទី៖ ការភ្ជាប់ទីផ្សារកម្ពុជាទៅកាន់ទីផ្សារពិភពលោក
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលផលិតគ្រាប់ស្វាយចន្ទី នៅលើពិភពលោក ប៉ុន្តែបានកែច្នៃប្រមាណតែ១០% នៃទិន្នផលរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកឯ៩០% ដែលនៅសល់ ត្រូវបាននាំចេញ ជាផលិតផលស្រស់ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេសទៅកាន់ប្រទេសវៀតណាម ជាកន្លែងកែច្នៃផលិតផលស្រស់ និងលក់ក្នុងតម្លៃខ្ពស់ទៅកាន់ទីផ្សារនាំចេញ។
កម្មវិធីអភិវឌ្ឍន៍ការនាំចេញគ្រាប់ស្វាយចន្ទី គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងធ្វើការជាដៃគូជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីបង្កើនការប្រកួតប្រជែងលើវិស័យនេះ។ កម្មវិធីនេះអនុវត្តដោយគម្រោង Feed the Future Cambodia Harvest III (“ហាវែស III”) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសក្នុងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក ក្នុងវិស័យស្វាយចន្ទីកម្ពុជា ដែលអាចនាំទៅកាន់អតិថិជនដោយផ្ទាល់នៅក្នុងទីផ្សារនាំចេញថ្មី។ គម្រោងនេះធ្វើការជាមួយកសិករ និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី រួមទាំងអ្នកដែលរស់នៅក្នុងតំបន់ការពារសហគមន៍ ដើម្បីផ្តល់ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងក្រោយការប្រមូលផល ការចាត់ថ្នាក់ ការសម្ងួតដោយពន្លឺព្រះអាទិត្យ ការស្តុកទុក ស្តង់ដារសុវត្ថិភាពចំណីអាហារ និងតម្រូវការទីផ្សារ។ បន្ទាប់មកគម្រោងភ្ជាប់ទំនាក់ទំនងអ្នកលក់កម្ពុជា ជាមួយអ្នកទិញអន្តរជាតិ តាមរយៈពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មនានា។
នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកន្លងទៅថ្មីៗនេះ នៅសហរដ្ឋអាមេរិកដែលបានសម្របសម្រួល និងរៀបចំដោយគម្រោងហាវែស III សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចំនួនបួនរួមមាន (សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ សហគ្រាសកែច្នៃហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ ប្រដាក់ និង សិប្បកម្មកែច្នៃគ្រាប់ចន្ទីភូមិចន្ទី) មានឱកាសជួប និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញថ្មីនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា និងឈីកាហ្គូ និង រដ្ឋអ៊ីលីនយស៍។ ក្រុមហ៊ុនខ្លះបានទទួលការបញ្ជាទិញពីអ្នកទិញនៅសហរដ្ឋអាមេរិករួចហើយ។
អ្នកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ ប្រដាក់ បានមានប្រសាសន៍ថា “អត្ថប្រយោជន៍ដែលក្រុមហ៊ុនអ៊ែមភល ទទួលបានពីកម្មវិធីនេះ គឺយើងបានជួបផ្ទាល់ជាមួយអ្នកទិញប្រមាណ១៥នាក់ ហើយបានទទួលការបញ្ជាទិញជាលើកដំបូង សម្រាប់គ្រាប់ស្វាយចន្ទីបីរសជាតិរបស់យើង ពីអ្នកទិញនៅសហរដ្ឋអាមេរិក»។ “អ្នកទិញជាច្រើននាក់ផ្សេងទៀតបានស្នើសុំមកមើលកន្លែងកែច្នៃរបស់យើងក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅមុនរដូវប្រមូលផលស្វាយចន្ទី។ យើងមានសុទិដ្ឋិនិយម ដោយសារក្រុមហ៊ុនយើងមានកន្លែងកែច្នៃគ្រាប់ស្វាយចន្ទី ដែលអនុលោមតាមស្តង់ដារអន្តរជាតិ»។
ដើម្បីពន្លឿនការវិនិយោគក្នុងវិស័យគ្រាប់ស្វាយចន្ទីកម្ពុជា គម្រោងហាវែស III ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងដោយផ្ទាល់ទៅកាន់សហគ្រាសកែច្នៃហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ ប្រដាក់ ក្រុមហ៊ុនសុវណ្ណៈ មូជិន អាហ្គ្រូ និងក្រុមហ៊ុនថ្មីៗមួយចំនួនទៀត ដើម្បីកែលម្អ និងពង្រីកកន្លែងកែច្នៃ ផ្តល់ការបណ្តុះបណ្តាលដល់កសិករ និងធានាបាននូវវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារសម្រាប់ការនាំចេញ។ ហិរញ្ញប្បទានឥតសំណងទាំងនេះបានបង្កើតការងារនៅក្នុងសហគមន៍ ហើយក៏បានជួយក្រុមហ៊ុនបង្កើនការលក់នៅក្នុងទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ សិង្ហបុរី ហុងកុង ស្វីស និងតៃវ៉ាន់ជាដើម។
អ្នកស្រី មុត ចរិយា ស្ថាបនិកសហគ្រាសកែច្នៃហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង បានមានប្រសាសន៍ថា “សហគ្រាសត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយទទួលបានការគាំទ្រហិរញ្ញប្បទានឥតសំណងពីគម្រោងហាវែស II ។ ចក្ខុវិស័យរបស់យើងគឺលើកកម្ពស់ផលិតផលក្នុងស្រុក និងផ្តល់ឱកាសសេដ្ឋកិច្ចសម្រាប់កសិករខ្នាតតូច ជាពិសេសស្ត្រី យុវជន និងជនដែលងាយរងគ្រោះ។ បច្ចុប្បន្ននេះដោយមានការគាំទ្រជាបន្តបន្ទាប់ពីគម្រោងហាវែស III សហគ្រាសរបស់យើងក៏បានពង្រីកកន្លែងកែច្នៃ បង្កើនដើមទុនវិនិយោគរបស់យើងរហូតដល់ 60% បើធៀបនឹងឆ្នាំមុន ហើយបានចុះកិច្ចសន្យាជាមួយកសិករក្នុងចំនួនទ្វេដង។”
អ្នកកែច្នៃស្វាយចន្ទីម្នាក់ទៀតនៅខេត្តកំពង់ធំ អ្នកស្រី អ៊ិន ឡៃហួត ក៏បានទទួលការគាំទ្រពីគម្រោងហាវែស III ផងដែរ។ “អាជីវកម្មរបស់យើងបានរីកចម្រើនពីខ្នាតតូចទៅជាអាជីវកម្មខ្នាតមធ្យម ស្របពេលដែលយើងបានពង្រីកកន្លែងកែច្នៃរបស់យើងកាន់តែធំជាងមុន។ យើងបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ និងវិញ្ញាបនបត្រសរីរាង្គ ដែលជួយឱ្យយើងទទួលបានកេរ្តិ៍ឈ្មោះទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្នុងនាមជាអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ខ្ញុំមានចក្ខុវិស័យក្នុងការនាំយកអាហារសម្រន់ដែលឆ្ងាញ់ និងផ្តល់សុខភាពដល់អតិថិជននៅកម្ពុជា និងអន្តរជាតិ»។
នៅថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកនៅខេត្តសៀមរាប ដែលជាឱកាសមួយដើម្បីរំលេចផលិតផលក្នុងស្រុក និងចាប់ផ្តើមសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការផ្លាស់ប្តូរ វិស័យគ្រាប់ស្វាយចន្ទី និងក្លាយជាប្រទេសនាំមុខគេលើពិភពលោកក្នុងការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ ២០២៧។ ការផ្លាស់ប្តូរនេះនឹងនាំមកនូវឱកាសសម្រាប់ការអភិវឌ្ឍអាជីវកម្មកសិផល និងការបង្កើតការងារក្នុងស្រុក។ យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ យើងត្រូវការគ្រឿងបរិក្ខារកែច្នៃខ្នាតមធ្យមយ៉ាងហោចចំនួន ៥០ គ្រឿង ដើម្បីឈានដល់សមត្ថភាពដែលយើងប្រាថ្នាសម្រាប់ផលិត ដែលបច្ចុប្បន្ននេះយើងមានត្រឹមតែបីគ្រឿងប៉ុណ្ណោះ។
លោកនីមីស ហ្សាវឺរី ប្រធានគម្រោងហាវែស III បានសន្និដ្ឋានថា “ការលក់ដោយផ្ទាល់ទៅកាន់ទីផ្សារនាំចេញជួយបង្កើនទំនុកចិត្តអាជីវកម្ម តាមរយៈចំណេះដឹងផ្ទាល់អំពីឱកាសនៅក្នុងទីផ្សារទាំងនោះ។ ក្រុមហ៊ុនអាចអនុវត្តយុទ្ធសាស្រ្តនានាដើម្បីចាប់យកឱកាស ដូចជាការច្នៃប្រឌិតផលិតផល ការសហការ ការវិនិយោគ និងការអនុវត្តស្តង់ដារ។ ឧស្សាហកម្មនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយយើងសង្ឃឹមថានឹងឃើញក្រុមហ៊ុនកម្ពុជាថ្មីៗ ជាច្រើនទៀតលក់គ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួចនៅលើឆាកអន្តរជាតិក្នុងពេលឆាប់ៗនេះ” ។
គម្រោងហាវែស III គឺជាគម្រោងដែលមានរយៈពេលប្រាំឆ្នាំដែលអនុវត្តចាប់ពីឆ្នាំ២០២២ រហូតដល់ ២០២៧ គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពទូលំទូលាយតាម រយៈការបង្កើនការធ្វើពិពិធកម្ម បរិយាបន្ន ភាពធន់ និងការប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា។ គម្រោងហាវែស III បន្តធ្វើការអភិវឌ្ឍទៅលើការងារដែលទីភ្នាក់ងារជំនួយអាមេរិកUSAID បានធ្វើកន្លងមក ក្នុងការលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមសន្តិសុខស្បៀង សម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future)។ ក្នុងរយៈពេលប្រាំឆ្នាំ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងជួយវិស័យឯកជនបង្កើនការលក់ក្នុងទំហំប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក ការវិនិយោគពីវិស័យឯកជនប្រមាណ ៣៨លានដុល្លារ និងបង្កើតការងារប្រមាណ ៣២០០កន្លែង៕