កម្ពុជាគឺទីជម្រកចុងក្រោយដ៏សំខាន់បំផុតសម្រាប់សត្វក្រៀល

សព្វថ្ងៃនេះប្រទេសកម្ពុជា គឺទីជម្រកចុងក្រោយដ៏សំខាន់បំផុតសម្រាប់សត្វក្រៀល បើទោះបីជាចំនួនប្រជាសាស្រ្តរបស់វាកំពុងតែបន្តថយចុះយ៉ាងណាក្ដី។ យ៉ាងណាមិញវត្តមានរបស់ពួកវាក៏អាចទាក់ទាញទេសចរណ៍មកពីប្រទេសនានាចូលកម្ពុជាដើម្បីទស្សនា និងជាផ្នែកមួយលើកស្ទួយកម្រិតជីវភាពសម្រាប់សហគមន៍មូលដ្ឋានផងដែរ។ នេះបើតាមការបញ្ជាក់របស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា (WCS)។

នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជំរឿនសត្វក្រៀល គេបានប៉ាន់ប្រមាណថាវាមានចំនួនក្រោម ៣០០ក្បាល។ អង្គការWCS បានបញ្ជាក់ពីដំណើរជីវិតសត្វក្រៀលថា ពួកវាច្រើនរស់នៅ និងបន្តពូជនៅភាគឧត្តរ និងភាគឦសាន ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរីក្នុងរដូវវស្សា រួចបំលាស់ទីមកកាន់តំបន់ ទំនាបបឹងទន្លេសាប និងតំបន់ដីសណ្ដរទន្លេមេគង្គក្រោម និងតំបន់ឆ្នេរ ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា។

សត្វក្រៀល ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វស្លាបដែលខ្ពស់ជាងគេបំផុតលើពិភពលោក វាអាចហោះហើរបាន ប៉ុន្តែយ៉ាងណាពួកវាមិនអាចទំនៅលើដើមឈើបានទេ។ ពេលដែលពួកវាដេកគឺដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។

អង្គការWCS បានឱ្យដឹងថាតាមរយៈរូបចម្លាក់សត្វក្រៀល លើថ្មជញ្ជាំងប្រាសាទនានាដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ គឺបានបង្ហាញយ៉ាងច្បាស់អំពីវត្តមានសត្វក្រៀលនេះរស់នៅ និងបន្តពូជនៅលើទឹកដីប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។

សូមជម្រាបថា សត្វក្រៀលត្រូវបានកំណត់ជាសត្វ កំពុងរងការគំរាមកំហែងជាសកលក្នុងបញ្ជីក្រហម IUCN។ ចំនួនប្រជាសាស្ត្ររបស់វានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជិតមួយទស្សវត្សចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកសម្រាប់ពងកូននិងរកចំណី ការបំពុល ការប្រមាញ់ ការប្រមូលពងកូន និងការប្រើប្រាស់សារធាតុគីមីច្រើនហួសហេតុក្នុងប្រព័ន្ធកសិកម្មជាដើម។ ប្រទេសកម្ពុជា គឺជាទីម្រកដ៏សំខាន់ចុងក្រោយ និងមានចំនួនសត្វក្រៀលច្រើនជាងគេក្នុងតំបន់ និងមានសេសសល់តិចតួចនៅ ប្រទេសឡាវ និងវៀតណាម៕

Daily Program

Livesteam thumbnail