ឪពុកម្តាយត្រូវធ្វើយ៉ាងណា អាចឱ្យកូនចូលរៀនដោយសប្បាយចិត្តវិញ
កូនៗមួយចំនួនមិនសប្បាយចិត្តនិងមិនចង់ទៅសាលារៀនទេ នៅពេលដែលពួកគេដឹងថា ពួកគេដល់ពេលវិលត្រឡប់ទៅសាលារៀនផ្ទាល់វិញ ខណៈកូនៗខ្លះបញ្ចេញកំហឹងដាក់ឪពុកម្តាយហើយនិយាយថាគាត់មិនព្រមទៅសាលាឡើយ។
តើលោកអ្នកជាឪពុកម្តាយឬអាណាព្យាបាលអាចធ្វើអ្វីបានទាក់ទងនឹងបញ្ហានេះ?
ការត្រឡប់ទៅសាលារៀនវិញ អាចជាពេលវេលាដ៏តានតឹងសម្រាប់ក្មេងៗ និងក្រុមគ្រួសាររបស់ពួកគេ។ ការចាប់ផ្តើមឆ្នាំសិក្សាថ្មីអាចធ្វើឱ្យក្មេងៗភ័យ ជាពិសេស ការផ្លាស់ប្តូរប្លែកពីឆ្នាំមុនៗ ដូចជាសាលាថ្មី គ្រូថ្មី ឬមិត្តរួមថ្នាក់ថ្មីជាដើម។
នៅពេលដែលកុមារថប់អារម្មណ៍ ទាក់ទងនឹងការត្រឡប់ទៅសាលារៀនវិញ វាជារឿងសំខាន់ដែលឪពុកម្តាយឬអាណាព្យាបាល ត្រូវការនិយាយជាមួយកូនៗអំពីការផ្លាស់ប្តូរនេះ។ អ្នកគួរតែរកពេលវេលាដើម្បីនិយាយ នៅពេលដែលកូនរបស់អ្នកស្ងប់ស្ងាត់ (ជៀសវាងពេលវេលាដូចជាពេលដែលកូនរបស់អ្នកពិបាកចិត្ត ឬត្រៀមខ្លួនសម្រាប់សាលារៀន)។
អ្នកអាចនិយាយជាមួយកូនៗ
ឪពុកម្តាយឬអាណាព្យាបាលអាចនិយាយលេងជាមួយកូនៗដោយចាប់ផ្តើមណែនាំរឿងសាមញ្ញមួយចំនួន ដូចជាការវេចខ្ចប់អាហារសម្រន់ពេលទៅសាលារៀន ឬនាំកូនរបស់អ្នកទៅថ្នាក់រៀននៅប៉ុន្មានថ្ងៃដំបូងជាដើម។ និយាយពីអនុស្សាវរីយ៍ល្អៗកាលពីឆ្នាំមុនៗ ដោយរំលេចនូវពេលវេលាវិជ្ជមានពេលនៅសាលា និងរំលឹកថាសាលារៀនអាចផ្តល់រង្វាន់ និងពោរពេញដោយភាពរីករាយ។
សួរពីអារម្មណ៍របស់កូន
ពេលខ្លះ ឪពុកម្តាយឬអាណាព្យាបាលចេះតែគិតតែម្នាក់ឯងពីកូន ថាកូនមិនចង់រៀនឬធុញនឹងការសិក្សារបស់ពួកគេ ប៉ុន្តែវាជាវិធីសាស្រ្តដ៏ល្អបំផុតគឺសួរកូនៗដោយផ្ទាល់ពីអារម្មណ៍ឬគំនិតរបស់ពួកគាត់។ តើមានអ្វីពិសេសឬបញ្ហាអ្វី សម្រាប់ឆ្នាំសិក្សាថ្មីនេះ ដែលធ្វើឱ្យកូនព្រួយបារម្ភ? កូនរបស់អ្នកអាចព្រួយបារម្ភពីការរៀន ឬជួបជាមួយគ្រូ។ បារម្ភពីការបង្កើតមិត្ត ឬខ្លាចពីរងការធ្វើបាបជាដើម។ ទាំងនេះគឺជាការភ័យខ្លាចទូទៅក្នុងចំណោមកុមារ ជាពិសេសប្រសិនបើពួកគេបានជួបក្នុងសាលារៀនកាលពីពេលមុនៗ។ ការនិយាយអំពីកង្វល់ជាក់លាក់របស់កូនអ្នក វាអាចជួយអ្នកស្វែងរកដំណោះស្រាយជាក់លាក់មួយសម្រាប់កូនៗ។
ប្រសិនបើកូនរបស់អ្នកខឹងនឹងការវិលចូលសាលាវិញ ចូរព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងការខឹង ឬតូចចិត្តចំពោះពួកគេ។ នេះពិតជាពិបាកធ្វើណាស់ ប៉ុន្តែត្រូវចាំថា ភាពតានតឹងគឺជាអាកប្បកិរិយាដែលស្វែងរកការយកចិត្តទុកដាក់។ ដូច្នេះ ចូរធ្វើឱ្យអស់ពីសមត្ថភាព និងស្វែងរកពេលវេលាល្អមួយដើម្បីនិយាយអំពីមូលហេតុដែលកូនរបស់អ្នកមិនពេញចិត្តទាំងនេះ៕