អភិបាលខេត្តកំពង់ចាម ស្នើឱ្យស្ថាប័នភាពពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការរំលោភបំពានលើដីព្រៃសហគមន៍
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការរំលោភបំពានលើដីព្រៃសហគមន៍ និងដីព្រៃដែននេសាទ តាមរយៈការចុះកំណត់ព្រំប្រទល់ និងរៀបចំផែនទីការពារឱ្យបានច្បាស់លាស់។
លោក អ៊ុន ចាន់ដា បានលើកឡើងថា «កន្លងមកធ្លាប់មានជនខិលខូចបានទន្ទ្រានឈូសឆាយ យកដីព្រៃសហគមន៍ ក៏ដូចជាព្រៃលិចទឹក ដែននេសាទរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនផងដែរ ដែលជនខិលខូចទាំងនោះ តែងឆ្លៀតឱកាសធ្វើសកម្មភាពនៅពេលយប់ពោល គឺធ្វើសកម្មភាពនេះនៅពេលមន្ត្រីយើងសម្រាកពីការងារ។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏ធ្លាប់បានធ្វើការដោះស្រាយទប់ស្កាត់ទៅតាមវិធានការច្បាប់ផងដែរ»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីកុំឱ្យទម្លាប់អាក្រក់នេះ កើតមានបន្តទៀតស្នើឱ្យមន្ទីរដែនដី និងមន្ទីរធនធានទឹក សហការជាមួយអាជ្ញាធរ ចុះទៅកំណត់ព្រំប្រទល់ ដើម្បីការពារអាងស្តុកទឹកនៅចំណុចឃុំព្រែកបាក់ នៃស្រុកស្ទឹងត្រង់ ដែលក្រុមប្រឹក្សាខេត្តស្នើឡើងនេះឱ្យបានច្បាស់លាស់ជាមុន។
ក្រៅពីនោះបន្ទាប់ពីការធ្វើការដោះស្រាយផលប៉ះពាល់ហើយ សុំឱ្យក្រុមការងាររៀបចំជាផែនទីរួចយកមកតម្កល់ទុកនៅគ្រប់ស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមប្រឹក្សាឃុំសាមី បង្កើតតំបន់នោះទៅជាសហគមន៍គ្រប់គ្រង និងប្រើប្រាស់ទឹក ដែលជាការបញ្ចៀសទៅដល់ការបាត់បង់ដោយប្រការណាមួយពីសំណាក់ជនខិលខូច៕