អតីតនិស្សិតកម្ពុជារបស់សាកលវិទ្យាល័យនៅអូស្រ្តាលី ត្រូវបានទទួលស្គាល់ចំពោះសមិទ្ធិផលលេចធ្លោរបស់ពួកគេ
អតីតនិស្សិតកម្ពុជារបស់សាកលវិទ្យាល័យនៅអូស្រ្តាលី ត្រូវបានទទួលស្គាល់ចំពោះសមិទ្ធិផលលេចធ្លោរបស់ពួកគេ។ នេះបើយោងតាម ផេកផ្លូវការរបស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា។
ស្ថានទូតអូស្ត្រាលី បានបន្ថែមថា ៖«យើងមានមោទនភាពសូមអបអរដល់សមិទ្ធិផល របស់អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យអូស្ត្រាលី ដែលបានបន្តចូលរួមចំណែកដ៏គួរឳ្យកត់សំគាល់ដល់សហគមន៍ បន្ទាប់ពីពួកគេបានចំណាយពេលនៅប្រទេសអូស្ត្រាលី»។
យោងតាម ស្ថានទូត បានឱ្យដឹងថា លោកស្រី បណ្ឌិត អេង នេត្រា បានឈ្នះពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២០ សម្រាប់ការចូលរួមចំណែកគួរឳ្យកត់សំគាល់ របស់លោកស្រី ក្នុងការស្រាវជ្រាវគោលនយោបាយ ជាពិសេសលើផ្នែកអភិបាលកិច្ច និងវិមជ្ឈការ។ ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Monash (Monash University) ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ រហូតមកដល់សព្វថ្ងៃនេះ លោកស្រីបានសហការយ៉ាងសកម្ម ជាមួយសហគមន៍ស្រាវជ្រាវគោលនយោបាយនៅប្រទេសអូស្ត្រាលី។
លោក អាំង ឈានតុង បានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំក្នុងសហគមន៍ សម្រាប់ការងារឆ្នើមរបស់លោកក្នុងការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ គាត់បានប្រើការសិក្សាអនុបណ្ឌិតផ្នែកអប់រំរបស់គាត់ ពីសកលវិទ្យាល័យ Adelaide (The University of Adelaide) ដើម្បីបង្កើតអត្ថប្រយោជន៍ដែលគួរឳ្យកត់សម្គាល់ នៅក្នុងសហគមន៍ដែលគាត់ធ្វើការជាមួយ។
អ្នកនាង សៅ សិរីសុទ្ធា ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំវ័យក្មេង សម្រាប់ការតាំងចិត្តនិងការចូលរួមមុះមត់របស់នាង បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មស្បៀងអាហារនិងកសិកម្មសកល ពីសកលវិទ្យាល័យ Adelaide ។ ក្រៅពីការគាំទ្រ និងប្រមូលផ្តុំរអតីតនិស្សិតដទៃទៀត នាងក៏ជាស្ថាបនិកអាជីវកម្មចាប់ផ្តើមផងដែរ ព្រមទាំងរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយបណ្តាញទាក់ទងនៅអូស្រ្តាលី៕
ដោយ សុផានិត