សិស្សទី១២មានទំនុកចិត្តខ្ពស់ក្នុងការទទួលបាននិទ្ទេសល្អ

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២១ បានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ។ សិស្សមួយចំនួនបានលើកឡើងយ៉ាងដូច្នេះថា ចំពោះការប្រឡងបាក់ឌុបនៅចុងឆ្នាំ២០២១ ពួកគេមានទំនុកចិត្ត និងសង្ឃឹមច្រើនក្នុងការទទួលបាននិទ្ទេសល្អៗ ព្រោះរយៈពេលនៃការរៀនត្រៀមសម្រាប់ប្រឡងរបស់ពួកគេបានគ្រប់គ្រាន់នៅសាលារៀន និងការរៀនបន្ថែមដោយខ្លួនឯង និងការរៀនជាក្រុម។

យុវជន ចាន់ សុវិជ្ជា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ែលធីអន្តរជាតិ បាននិយាយថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ ខ្លួនហាក់ដូចជាមានទំនុកចិត្តខ្ពស់ព្រោះខ្លួនបានរៀនត្រៀមច្រើនសម្រាប់ការប្រឡងមួយនេះ ពោលតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ តាំងពីបានមករៀននៅក្នុងថ្នាក់មក ការសិក្សារបស់ លោក ចាន់ សុវិជ្ជា បានប្រសើរឡើងជាងមុន និងមិនមានភាពរអាក់រអួលដូចកាលរៀនតាមអនឡាញទេ។ យុវជន វ័យ១៩ឆ្នាំ  បានបន្តថា ចំពោះកាលវិភាគរៀនត្រៀមប្រឡង មានដូចជា ពេលថ្ងៃចំណាយពេលសម្រាប់ធ្វើលំហាត់វិញ្ញាសាចាស់ៗ ហើយចំណែកពេលយប់និងពេលព្រឹក ចំណាយពេលសម្រាប់មុខវិជ្ជាមេរៀន។

យុវតី នុត ចរិយា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានថ្លែងថា រូបគេមានសង្ឃឹមជាប់ច្រើនដែរ សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ព្រោះបានរៀនត្រៀមច្រើនសម្រាប់ការប្រឡងមួយនេះពេញមួយឆ្នាំ។

យុវតី នុត ចរិយា បានលើកឡើងថា ៖«សម្រាប់ខ្ញុំផ្ទាល់ គិតថាការប្រឡងនឹងសំខាន់ខ្លាំង តែខ្ញុំគ្រាន់ប្រាប់ខ្លួនឯងថាការប្រឡងនេះប្រៀបដូចជាស្ថានភាពប្រលងប្រចាំខែឬឆមាស ទើបមិនសូវឲ្យយើងមានសំពាធ។ ហើយការសិក្សារបស់ខ្ញុំនៅសាលាមានភាពរលូន ខ្ញុំរៀនបានគ្រប់គ្រាន់ និងយល់ច្បាស់ពីមេរៀនដែលគ្រូបង្រៀន»។

ចំណែក យុវតី គង់ សុគន្ធា ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បាននិយាយថា សម្រាប់ការប្រឡងបាក់ឌុបនេះ ខ្លួនហាក់ដូចជាមិនមានការភ័យព្រួយខ្លាំងទេ ព្រោះខ្លួនជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងតាមរយៈការខិតខំរៀន និងការខំស្វ័យសិក្សារបស់ខ្លួនកន្លងមក។

យុវតី គង់ សុគន្ធា បាននិយាយថា ៖« ខ្ញុំតែងតែខិតខំរៀនជារៀងរាល់ថ្ងៃ មិនថាទាំងមុខវិជ្ជាលំហាត់និងមេរៀន»។ ចំពោះកាលវិភាគសម្រាប់រៀនត្រៀមប្រឡងបាក់ឌុបរបស់យុវតី គង់ សុគន្ធា ក៏មិនខុសពីសិស្សដទៃទៀតដែរ គឺជារៀងរាល់ថ្ងៃ យុវតីរូបនេះតែងតែរៀនធ្វើលំហាត់លើវិញ្ញាសាចាស់ៗដែលធ្លាប់ចេញកន្លងមក ហើយក្រៅពីនេះក៏ចំណាយពេលមើលសៀវភៅនិងទន្ទេសមេរៀនលើមុខវិជ្ជាដូចជា ភាសាខ្មែរ ជីវវិទ្យា ប្រវត្តិវិទ្យា ជាដើម។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះនឹងត្រូវកិលកាលបរិច្ឆេទពីថ្ងៃទី៦ធ្នូទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញតាមទម្រង់ដូចឆ្នាំកន្លងមក ដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។

បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ សម្រាប់ថាសម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៥១៤៩នាក់ បេក្ខនារី៦០៦៨២នាក់, បេក្ខជនស្វៃរិន៤៣៣៤នាក់(នារី១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា៣៤៦១នាក់ (នារី១០៥៣នាក់),បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២០៤៣នាក់(នារី៤៦៨នាក់)ចែកជា២០៤មណ្ឌលស្មើនឹង៤៦៥២បន្ទប់៕

Daily Program

Livesteam thumbnail