គម្រោងឆ្នើមប្រចាំប្រទេសក្នុងកម្មវិធី «ស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» បានរកឃើញម្ចាស់ជ័យលាភី
យុវជន ៣ ក្រុម មកពីខេត្តចំនួនបីរួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ បានឈ្នះជ័យលាភីលើគម្រោងឆ្នើមប្រចាំប្រទេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី «ស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២»។
យុវជន ៣ ក្រុម មកពីខេត្តចំនួនបីរួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ បានឈ្នះជ័យលាភីលើគម្រោងឆ្នើមប្រចាំប្រទេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី «ស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២»។
ក្រុមជ័យលាភីទាំង ៣នេះ ទទួលបានពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ ពីការប្រកួតធ្វើឡើងនៅក្នុងការទិវាអន្តរជាតិអ្នកស្ម័គ្រ ៥ ធ្នូ ដែលរៀបចំដោយក្រសួងអប់រំ និងអង្គការទស្សនៈពិភពលោក ព្រមទាំងមានការចូលរួមពីអង្គការដៃគូផ្សេងទៀត។
ការប្រកាសជ័យលាភីនេះធ្វើឡើង ក្រោយពីក្រុមយុវជនចំនួន ៦ មកពីប្រាំមួយខេត្តបានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ។ ជាលទ្ធផលមានក្រុមចំនួន ៣ បានជាប់ជ័យលាភី ជាគម្រោងឆ្នើមប្រចាំប្រទេសឆ្នាំ២០២២ និង៣ក្រុមទៀតជាប់ជ័យលាភីលំដាប់រង។
សមាសភាពក្រុមយុវជនឆ្នើមទាំង ៣ ក្រុមដែលជាប់ជ័យលាភីគម្រោងឆ្នើមប្រចាំប្រទេសរួមមាន ក្រុមយុវជនមកពីខេត្តកំពង់ស្ពឺ បានលើកយកគម្រោង «ការបង្កើតក្លឹបស្វ័យសិក្សានៅក្នុងវិទ្យាល័យ», ក្រុមយុវជនមកពីខេត្តកំពង់ធំ បានលើកយកគម្រោង «មូនិធិវិទ្យាល័យដើម្បីជួយដល់សិស្សក្រីក្រក្នុងការមានលទ្ធភាពបន្តការសិក្សា» និងក្រុមយុវជនមកពីខេត្តស្វាយរៀង បានលើកយកគម្រោង «កសិកម្មបដិវត្តបៃតង»។
ចំណែក៣ ក្រុមទៀត ដែលបានជាប់ជ័យលាភីលំដាប់រងរួមមាន ក្រុមយុវជនមកពីខេត្តបាត់ដំបង បានលើកយកគម្រោង «ការចិញ្ចឹមឃ្មុំ នៅក្នុងសហគមន៍របស់ខ្លួន», ក្រុមយុវជនមកពីខេត្តក្រចេះ បានលើកយកគម្រោងទាក់ទងនឹង «បន្លែកសិកម្ម និងការដាំដុះដំណាំកសិកម្ម» និងក្រុមយុវជនមកពីខេត្តកំពង់ចាម បានលើកយកគម្រោងទាក់ទងនឹង «ការបង្កើតApp ក្នុងវិស័យSTEM»។
កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មានចំនួន ៦ក្រុម ដោយក្រុមនីមួយៗមានសមាជិកចំនួន៥នាក់ បានឡើងធ្វើបទបង្ហាញពីគម្រោងរបស់ខ្លួនទាក់ទងនឹងគំនិតផ្តួចផ្តើមការបង្កើតថ្មី ក៏ដូចជាការងារស្ម័គ្រចិត្តរបស់យុវជនដើម្បីចូលរួមចំណែកជួយដល់សហគមន៍របស់ពួកគេផងដែរ។
បន្ថែមលើនេះ ក្រុមនីមួយៗបានបង្ហាញពីដំណើរការចាប់ផ្តើមគម្រោងរបស់ពួកគេ ការសហការណ៍ការងារក្រុម ការអនុវត្តគម្រោង ការជួយជំរុញគាំទ្រពីសំណាក់សាលារៀន លោកគ្រូអ្នកគ្រូ និងការសហការពីដៃគូជំនួយផងដែរ៕