ការរៀនសូត្រក្នុងភាសាកំណើត បង្កើនឱកាសអប់រំដល់កុមារជនជាតិដើមភាគតិចនៅកម្ពុជា
ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា បានបង្ហាញថា ការរៀនសូត្រក្នុងភាសាកំណើតរបស់ពួកគេ បង្កើនឱកាសអប់រំដល់កុមារជនជាតិដើមភាគតិចនៅកម្ពុជា។
ស្ថានទូតអូស្រ្តាលី បន្ថែមថា ៖«នៅសប្តាហ៍នេះ ប្រទេសអូស្រ្តាលីកំពុងប្រារព្ធពិធី សប្តាហ៍ NAIDOC #NAIDOCWeek និងបង្ហាញពីសមិទ្ធិផល និងភាពចម្រុះ របស់ប្រជាជន Aboriginal និង Torres Strait ។ នៅប្រទេសកម្ពុជា យើងអោយតម្លៃទៅលើភាពចម្រុះរបស់ជនជាតិដើមភាគតិច ហើយអស់រយៈពេលជិត ២០ ឆ្នាំហើយ ដែលយើងបានធ្វើការដើម្បីកែលំអការទទួលបានការអប់រំ ដល់និស្សិតជនជាតិដើមភាគតិច ដើម្បីពួកគេអាចថែរក្សាវប្បធម៌របស់ពួកគេ ព្រមទាំងអាចចូលរួមនៅក្នុងសង្គមប្រកបដោយភាពជឿជាក់»។
យោងតាមស្ថានទូត បានបន្ថែមថា ក្នុងភាពជាដៃគូជាមួយ អង្គការ CARE Cambodia ប្រទេសអូស្ត្រាលីបានគាំទ្រ ក្រសួងអប់រំ យុទ្ធជន និងកីឡា MoEYS Cambodia ដើម្បីអនុវត្តគម្រោងអប់រំពហុភាសា នៅភាគខាងជើងនៃប្រទេសកម្ពុជា។ គម្រោងនេះផ្តោតសំខាន់លើការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងគុណភាព ដល់ក្រុមជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។
លោក Luke Arnold ភារធារីស្ថានទូត បានមានប្រសាសន៍ថា «ការមានទំនុកចិត្តក្នុងការបញ្ចេញមតិយោបល់ ជាការចាំបាច់ ដើម្បីអាចចូលរួមបានពេញលេញនៅក្នុងសង្គម។ ក្នុងអំឡុងពេលពិភាក្សាជាមួយយុវជនជនជាតិដើមភាគតិចនៅខេត្តរតនគិរី ពួកគេបានប្រាប់ខ្ញុំថា គម្រោងនេះបានធ្វើឳ្យពួកគេអាចរៀនជាភាសាកំណើតរបស់ខ្លួនបាន ព្រមទាំងកសាងទំនុកចិត្តក្នុងការនិយាយអំពីបញ្ហាដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ»។
អូស្រ្តាលីមានមោទនភាពក្នុងការគាំទ្រភាពចម្រុះរបស់ប្រទេសកម្ពុជា និងធានាបានថាកុមារទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព៕