មូលនិធិគន្ធបុប្ផាកម្ពុជា នឹងធ្វើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ រយៈពេល១ខែពេញ

មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា រយៈពេល ១ ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤។
យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភានេះ បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជានេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក យុទ្ធនាការនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។
មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តថា ជាសារបាន, យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តីច្រើនក្តីពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។
ប្រភពដដែលបានបន្តថា នាពេលកន្លងមក, យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជា មន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០ លានដុល្លារអាម៉េរិក៕
Daily Program
