លោកបូជាចារ្យ ឡាយ ប៉ូល ត្រូវ​បាន​ជ្រើសតាំង​ជាអភិបាល​ស្តីទី សម្រាប់​ព្រះសហគមន៍​ភូមិភាគកំពង់ចាម

ក្រសួងប្រកាសដំណឹងល្អដល់ប្រជាជាតិ​ទាំងឡាយ​ ទទួល​ការអនុញ្ញាត​ពី​សម្តេចប៉ាប​ឡេអូ​ទី១៤ បាន​ជ្រើសតាំងលោកបូជាចារ្យ​ឡាយ ប៉ូល ​ជាអភិបាល​​ស្តីទី(Administrator) សម្រាប់​ព្រះសហគមន៍កាតូលិក​កម្ពុជា​​ភូមិភាគ​កំពង់ចាម។ នេះ​បើយោង​តាម​លិខិត​ផ្លូវ​ការ​របស់​ស្ថាន​អគ្គរាជទូត​សន្តអាសនៈ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះ​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៦នេះ។

ក្នុងលិខិត​ដដែល​បាន​សរសេរថា ស្ថាន​អគ្គរាជទូតសន្តអាសនៈ សូមចូលរួម​ជាមួយព្រះហសគមន៍​កាតូលិក​នៅកម្ពុជា​ ក្នុងការអធិដ្ឋាន​សម្រាប់លោក​អភិបាល​ឡាយ ប៉ូល និង​អស់​បង​ប្អូន​គ្រីស្តបរិស័ទ​​ដែលនៅក្រោម​ការណែនាំ​របស់លោក​។

លោកអភិបាល​​ឡាយ ប៉ូល ប្រសូតនៅថ្ងៃទី២៥ ខែ​មករា ឆ្នាំ​១៩៦០ នៅ​ប្រទេស​កម្ពុជា​ក្នុង​គ្រួសារ​​គ្រីស្តបរិស័ទ​កាតូលិក​។ ក្នុងរបបប្រល័យ​ពូជសាសន៍​ប៉ុល​ពត លោក​និងគ្រួសារ​បាន​ភៀស​ខ្លួន​ទៅនៅ​ជំរំខ្មែរថៃ ហើយ​លោក​​​បាន​ឈ្វេងយល់អំពី​ជីវិត​ជា​អ្នកបួស​ក្នុង​អំឡុង​ពេលនោះ។ ក្រោយ​សង្គ្រាម​បញ្ចប់ លោក​បាន​ធ្វើ​មាតុភូមិនិវត្តន៍ និង​បាន​សិក្សា​បន្ត​នៅទេវវិទ្យាល័យ​កម្ពុជា ដែល​ពេលនោះ​មានទីតាំងនៅ​ក្នុង​ខេត្ត​បាត់ដំបង។

លោក​ត្រូវ​បាន​តែងតាំង​ជា​បូជាចារ្យ នៅថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០០១ ជាមួយ​និស្សិត​ទេវវិទ្យាល័យ​​៣​រូប​ផ្សេងទៀត។ បន្ទាប់មក លោក​​ត្រូវ​បាន​ចាត់​ឲ្យ​ទៅបម្រើការងារ​នៅភូមិភាគ​កំពង់ចាម​នៅ​ព្រះសហគមន៍​ក្តុលលើ ក្នុង​ខេត្ត​ត្បូងឃ្មុំ​សព្វថ្ងៃ។ ក្នុង​ឆ្នាំ​២០០៦ លោក​ត្រូវបាន​ចាត់​ឲ្យ​ទៅ​សិក្សា​បន្ថែម​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង លើមុខវិជ្ជា​ការងារណែនាំ​ជំនឿ ដែលមាន​​​រយៈពេល​៤​ឆ្នាំ ដើម្បីក្លាយជា​ធនធានអប់រំ​​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ទើបងើបពី​សង្គ្រាម​ដ៏រ៉ាំរ៉ៃ។

ក្រោយបញ្ចប់ការសិក្សា លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ។ ក្នុងឆ្នាំ​២០១០ ​លោក​អភិបាល​ភូមិភាគ​​កំពង់ចាម​​បាន​ចាត់​លោក​ឲ្យ​ទៅ​​បំពេញ​ការងារ​នៅ​ព្រះសហគមន៍​​អ្នកលឿង។ នៅទីនោះ លោក​បាន​កសាង​ព្រះវិហារ​ថ្មី​ បន្តកិច្ចការអប់រំជំនឿ​ដល់​បងប្អូន​ ​ជួយ​ណែនាំ​យុវជន ស្ថាបនា​និងគ្រប់គ្រង​សាលាមតេ្តយ្យព្រះសហគមន៍ រៀបចំ​មណ្ឌល​សិស្ស​ស្នាក់នៅ​ និងជួយគាំទ្រព្រះសហគមន៍​​​ដែល​ស្ថិតក្រោម​ការមើលថែ​និងគ្រប់គ្រងរបស់លោក ដែលមានដូចជា កាទិល កអណ្តើក ស្វាយរៀង និងកោះសំពៅជាដើម។

ក្នុងឆ្នាំ​២០១១-២០១៩ លោក​ត្រូវ​បាន​ចាត់តាំង​ឲ្យទទួល​មុខងារជា​តំណាង​ពេញ​សិទ្ធិ​លោក​អភិបាល​​ភូមិភាគ​កំពង់ចាម ដោយលោកអភិបាលព្រះសហគមន៍​​ភូមិភាគកំពង់ចាម អន់តូនីសាមី ស៊ូសៃរាជ្យ។  លោក​អភិបាល​សិលា សួនហង្សលី ដែល​ត្រូវ​បាន​តែងតាំង​ដោយ​​សន្តអាសនៈ សម្រាប់​ព្រះសហគមន៍ភូមិភាគ​កំពង់ចាម​ កាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ បាន​តែងតាំងលោក​ជាតំណាងពេញសិទ្ធិរបស់​លោកអភិបាល​ភូមិភាគ​កំពង់ចាម​ជា​ថ្មី​ម្តង​ទៀត នា ​​ថ្ងៃទី​២០ ខែតុលា ​ឆ្នាំ​២០២២ រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ ហើយ​ចាត់លោក​ឲ្យជួ​យ​មើលការខុស​ត្រូវ​លើ​ព្រះសហគមន៍​មួយ​ចំនួន​ដូចជា ​ស្វាយរៀង កោះសំពៅ​ កាទិល និង​ក្រុងបាវិត។

ស្ថិតនៅក្នុង​ក្រុម​ប្រឹក្សាភិបាល​លោក​អភិបាល​ លោក​មាន​មុខងារ​ជា​អនុប្រធាន បានដឹកនាំ​និង​ជ្រោម​ជ្រែងការងារ​ផ្ទៃក្នុង​ និង​តម្រង់ទិស​ព្រះសហគមន៍ក្នុងភូមិភាគ​​កំពង់ចាម​រួម​ជាមួយ​លោក​អភិបាល​ព្រះសហគមន៍យ៉ាង​សកម្ម៕

 

Daily Program

Livesteam thumbnail
khmer popup image