សម្តេចប៉ាប៖ ការសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតមនុស្ស មិនត្រូវប្រគល់សិទ្ធិឱ្យអ្នកដទៃ ឬម៉ាស៊ីនឡើយ

នៅក្នុងកិច្ចប្រជុំមួយដែលផ្តោតលើបញ្ញាសិប្បនិម្មិត (AI) សម្តេចប៉ាបឡេអូទី១៤ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាមនុស្សឱ្យនៅជាចំណុចស្នូលនៃបច្ចេកវិទ្យានេះ ដើម្បីជៀសវាងហានិភ័យដែលគំរាមកំហែងដល់ផលប្រយោជន៍រួម និងការប្រែក្លាយមនុស្សឱ្យទៅត្រឹមតែជាទិន្នន័យ។ នេះបើតាមវ៉ាទីកង់ញូវ។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំអំពី «អនាគតនៃបញ្ញាសិប្បនិម្មិត៖ ការសន្ទនារវាងបុរីវ៉ាទីកង់ និងពិភពវិទ្យាសាស្ត្រ ស្តីពីការវិវត្ត និងការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ» នាពេលថ្មីៗនេះ សម្តេចប៉ាបឡេអូបានចង្អុលបង្ហាញថា ការមកជួបជុំគ្នារបស់បុគ្គលមកពីប្រទេសផ្សេងៗគ្នា បាននាំមកនូវសំណួរ និងទស្សនៈថ្មីៗ ប៉ុន្តែសំខាន់បំផុតគឺ ការសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតរបស់មនុស្សជាតិ មិនគួរប្រគល់សិទ្ធិឱ្យអ្នកដទៃ ឬ ឱ្យម៉ាស៊ីនដែលគ្រប់គ្រងដោយ AI ឡើយ។

សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ថា ស្ថាប័នបណ្ឌិតសភាជីវិត និងវិទ្យាស្ថានអនាគតនៃជីវិត ដែលបានសហការរៀបចំកិច្ចប្រជុំនេះ គឺបានយល់ច្បាស់អំពីបញ្ហាប្រឈមនានាដែលកើតឡើង នៅពេលដែលសេចក្តីថ្លៃថ្នូររបស់មនុស្សត្រូវបានគំរាមកំហែង។ សម្តេចប៉ាបឡេអូបានរំលឹកឡើងវិញនូវបន្ទូលរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានថ្លែងទៅកាន់មេដឹកនាំក្រុម G7 ក្នុងឆ្នាំ២០២៤ ដោយបានពិពណ៌នាអំពីបញ្ញាសិប្បនិម្មិតថាជា «ឧបករណ៍ដ៏គួរឱ្យរំភើប ប៉ុន្តែក៏គួរឱ្យខ្លាចផងដែរ»។

សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា មិនគួរមានម៉ាស៊ីនណាមួយអាចមានសិទ្ធិសម្រេចចិត្តលើការដកហូតជីវិតមនុស្សបានឡើយ។ សម្តេចប៉ាបឡេអូបានបន្តថា ម៉ាស៊ីនគ្រាន់តែជាឧបករណ៍ មិនមែនជាមនុស្សឡើយ។ ការសម្រេចចិត្តមួយចំនួនមិនអាចប្រគល់សិទ្ធិឱ្យអ្នកដទៃ ឬម៉ាស៊ីនធ្វើជំនួសបានដាច់ខាត។ បច្ចេកវិទ្យាឆ្លាតវៃត្រូវតែតម្រង់ទិសទៅរកផលប្រយោជន៍រួម ហើយចាំបាច់ត្រូវមានការចូលរួមពីស្ថាប័ននានា ដើម្បីអនុវត្តគោលការណ៍សីលធម៌សម្រាប់ជាត្រីវិស័យក្នុងការអភិវឌ្ឍ AI។

សម្តេចប៉ាបឡេអូបានលើកឡើងថា ប្រព័ន្ធដែលអាចទុកចិត្តបាន និងបម្រើមនុស្សជាតិ មានតម្លៃខ្ពស់ជាងប្រព័ន្ធដែលមានឥទ្ធិពលខ្លាំង ប៉ុន្តែផ្តល់ផលវិបាកដែលមិនអាចត្រូវបានគេមើលឃើញទុកជាមុន ឬគ្រប់គ្រងបានត្រឹមត្រូវនោះទេ។ ជាមួយគ្នានោះ សម្តេចប៉ាបឡេអូបានពន្យល់ថា ម៉ាស៊ីនគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះ មិនមែនជាមនុស្សទេ។ ពួកវាមិនមានបទពិសោធន៍ អារម្មណ៍ ឬទំនាក់ទំនងជាមួយអ្នកដទៃឡើយ ហើយក៏មិនយល់ពីក្តីស្រឡាញ់ ការងារ ឬការទទួលខុសត្រូវដែរ។

Daily Program

Livesteam thumbnail
khmer popup image