៧ថ្ងៃក្រោយ ក្មេងទំនើង ២២៣នាក់ ត្រូវបានឃាត់ខ្លួន

ក្រោយថ្នាក់ដឹកនាំបានចេញបញ្ជាផ្ទាល់មាត់ភ្លាមៗទៅដល់គណៈអភិបាលរាជធានីខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេសបានបង្ក្រាបក្រុមក្មេងទំនើងចំនួន៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២២៣នាក់ កើនខ្ពស់ជិត២ដងធៀបនឹងកិច្ចប្រតិបត្តិការកន្លងទៅ។
លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា តាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
លោក ទូច សុខៈ បានឱ្យដឹងថា ៖ «ពួកគេនឹងប្រឈមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការរយៈពេល៧ថ្ងៃមកនេះ លោក ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន។
សូមរម្លឹកដែរថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា លោក ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តទាំងពីរ និងរាជធានី ខេត្ត ផ្សេងទៀត បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង ដោយភ្ជាប់នឹងការស្រាវជ្រាវឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន៕
Daily Program
