អ្នកថតរូបកាតូលិកជនជាតិវៀតណាមថា រូបថតជាការកត់ត្រាជំនឿតាមរយៈសកម្មភាពប្រចាំថ្ងៃ
លោក អេនថូនី ផាម តាន (Anthony Phạm Tân ) ដែលជាអ្នកថតរូបកាតូលិកជនជាតិវៀតណាម បានអះអាងថា រូបថតជាការកត់ត្រាជីវិតនៃព្រះសហគមន៍កាតូលិក ។
លោក ផាម មានដើមកំណើតនៅព្រះសហគមន៍ សា ចូវ ( Sa Châu ) ក្នុងភូមិភាគ ប៊យ ចូ (Bùi Chu) ភាគខាងជើងប្រទេសវៀតណាម ហើយបច្ចុប្បន្នលោករស់នៅ នៅទីក្រុងហាណូយ ជាកន្លែងលោកជួយគាំទ្រសកម្មភាពប្រព័ន្ធផ្សព្វផ្សាយរបស់ភូមិភាគ និងសហគមន៍អ្នកថតរូបកាតូលិក។
ស្នាដៃរបស់លោកផ្តោតលើការកត់ត្រាការបង្ហាញជំនឿក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីសមាជិកព្រះសហគមន៍វ័យចំណាស់ដែលមកដល់ព្រះវិហារមុនពេលព្រឹកព្រលឹម រហូតដល់អ្នកគោរពប្រណិប័តន៍តាមការសូត្រផ្គាំ ជំនួសឲ្យការថតរូបបែប រៀបចំឆាក ឬប្រើប្រាស់បច្ចេកទេសរូបភាពដ៏ស្មុគស្មាញ។
លោក បានចាប់ផ្តើមអាជីពរបស់លោកជាមួយនឹងការថតរូបដោយប្រើហ្វីលមុនពេលចាប់អារម្មណ៍យ៉ាងខ្លាំងលើការកត់ត្រាជីវិតរបស់ព្រះសហគមន៍កាតូលិក។ លោកចាត់ទុកការថតរូបថាជាមធ្យោបាយមួយដើម្បីរក្សាទុកនូវពេលវេលានៃជំនឿ និងការជួបជុំជាមួយមនុស្សសម្រាប់មនុស្សជំនាន់ក្រោយ។
ក្រៅពីការថតរូប លោក ក៏បានជួយធ្វើការបណ្តុះបណ្តាលផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ ព្រះសហគមន៍នានាទូទាំងភាគខាងជើងប្រទេសវៀតណាមផងដែរ។ សកម្មភាពរបស់លោករួមមានការបណ្តុះបណ្តាល និងការដឹកនាំក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងភូមិភាគ បាក់និញ ( Bắc Ninh) និង ប៊យ ចូ ក៏ដូចជានៅវិទ្យាស្ថានទេវវិទ្យាសន្តសិលា ឡេធុយ ( St. Peter Le Tuy) ក្នុងទីក្រុងហាណូយ។
ភារកិច្ចរបស់លោកក៏រួមបញ្ចូលផងដែរនូវការកត់ត្រាព្រឹត្តិការណ៍សំខាន់ៗរបស់ព្រះសហគមន៍ ក្នុងនោះរួមមានដំណើរទស្សនកិច្ចនៃរូបសំណាកព្រះនាងម៉ារី នៅទូទាំងប្រទេសវៀតណាម។
លោក បាននិយាយថា “ខ្ញុំមិនស្វែងរករូបថតដែលស្រស់ស្អាតបំផុតនោះទេ តែខ្ញុំស្វែងរកពេលវេលាដែលពិតប្រាកដបំផុត”។
លោក អេនថូនី ផាម តាន (Anthony Phạm Tân ) ដែលជាអ្នកថតរូបកាតូលិកជនជាតិវៀតណាម បានអះអាងថា រូបថតជាការកត់ត្រាជីវិតនៃព្រះសហគមន៍កាតូលិក ។
