កុមារចំនួន ៥.០០០ នាក់ ចូលរួមពិធីអធិដ្ឋានសូត្រផ្គាំជាសកលដើម្បីសន្តិភាព

កុមារឥណ្ឌាជាង ៥.០០០ នាក់ មកពីសាលារៀនចំនួន ៦០ នៅក្នុងភូមិភាគ ទូរ៉ា (Tura) ភាគឦសានប្រទេសឥណ្ឌា បានចូលរួមក្នុងគំនិតផ្ដួចផ្ដើមជាសកលមួយដែលមានឈ្មោះថា «កុមារមួយលាននាក់អធិដ្ឋានតាមការសូត្រផ្គាំ» កាលពីថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃបុណ្យរំលឹកដល់ព្រះនាងម៉ារី។

នៅក្នុងពិធីនោះ ពួកគេបានអធិដ្ឋានដើម្បីសន្តិភាព និងដើម្បីកុមារដែលរងផលប៉ះពាល់ដោយសារសង្គ្រាម និងអំពើហិង្សា។ ព្រះសហគមន៍ សាលារៀន និងស្ថាប័នសាសនានានាទូទាំងភូមិភាគ បានរៀបចំការអធិដ្ឋាននេះរួមគ្នា ដោយភ្ជាប់កុមារទាំងនោះជាមួយអ្នកចូលរួមទូទាំងពិភពលោក ក្នុងការអធិដ្ឋានសុំសន្តិភាព ដែលជាការបង្ហាញនូវតម្រូវការរបស់ព្រះសហគមន៍ និងការរងទុក្ខវេទនារបស់មនុស្សជាតិ។

គំនិតផ្ដួចផ្ដើមអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយអង្គការ Aid to the Church in Need ដោយបានអញ្ជើញកុមារចំនួនមួយលាននាក់ឱ្យចូលរួមអធិដ្ឋានក្នុងអំឡុងខែតុលា។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្ដេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ក៏បានគាំទ្រយុទ្ធនាការនេះ និងបានចូលរួមជាមួយកុមារក្នុងការអធិដ្ឋាននៅបុរីវ៉ាទីកង់ កាលពីដើមខែតុលាកន្លងទៅផងដែរ។

លោកបូជាចារ្យ បេនចាមីន (Benjamin) ដែលបានជួយរៀបចំគំនិតផ្ដួចផ្ដើមនេះនៅក្នុងភូមិភាគ បានមានប្រសាសន៍ថា ការណែនាំកុមារឱ្យស្គាល់ការអធិដ្ឋានដោយការសូត្រផ្គាំ កំពុងជួយបណ្ដុះជំនឿរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យចេះអធិដ្ឋានសម្រាប់អ្នកដទៃ។

លោកបានបញ្ជាក់បន្ថែមថា៖ «ការបង្រៀនកុមារឱ្យអធិដ្ឋានដោយការសូត្រផ្គាំ គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការបណ្ដុះជំនឿតាំងពីវ័យក្មេង។ នៅពេលកុមារអធិដ្ឋានរួមគ្នា ពួកគេរៀនងាកទៅរកព្រះជាម្ចាស់ដោយក្ដីទុកចិត្ត និងស្វែងរកការអង្វរពីព្រះនាងម៉ារី ព្រមទាំងអធិដ្ឋានសុំសន្តិភាពសម្រាប់ពិភពលោកទាំងមូលផងដែរ»។

លោកបូជាចារ្យបានសម្ដែងក្ដីសង្ឃឹមថា គំនិតផ្ដួចផ្ដើមនេះនឹងលើកទឹកចិត្តឱ្យកុមារចាត់ទុកការអធិដ្ឋានសូត្រផ្គាំជាទម្លាប់ប្រចាំថ្ងៃ ហើយការប្រតិបត្តិសាសនាដ៏សាមញ្ញនេះនឹងដក់ជាប់ក្នុងជីវិតរបស់ពួកគេយ៉ាងយូរអង្វែង។

Daily Program

Livesteam thumbnail
khmer popup image