ព្រះសហគមន៍ភូមិភាគ ហ៊ីដឺរ៉ាបាត ទទួលបានដីសម្រាប់សាងសង់ព្រះវិហារថ្មី
ព្រះសហគមន៍កាតូលិកភូមិភាគ ហ៊ីដឺរ៉ាបាត (Hyderabad) នៃប្រទេសប៉ាគីស្ថាន បានទទួលដីសម្រាប់សាងសង់ព្រះវិហារសន្ត កាឡូ អាគូទីស (St. Carlo Acutis) បន្ទាប់ពីការរង់ចាំអស់រយៈពេល ២៥ ឆ្នាំកន្លងមក។
ពិធីនេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ នៅលើផ្ទៃដីទំហំ ១.១៥០ ម៉ែត្រការ៉េ សម្រាប់សាងសង់ព្រះវិហារសន្ត កាឡូ អាគូទីស នៅក្នុងតំបន់លំនៅឋានសហករណ៍ សាឡាមទី (Salamti)។
ព្រឹត្តិការណ៍នេះបានបញ្ចប់ការតស៊ូអស់រយៈពេល ២៥ ឆ្នាំ របស់សមាជិកព្រះសហគមន៍កាតូលិកក្នុងតំបន់ ដើម្បីទាមទារយកដីដែលបានបាត់បង់ដោយសារការរំលោភកាន់កាប់ដោយខុសច្បាប់មកវិញ។ ព្រះវិហារនេះនឹងត្រូវបានដាក់ឈ្មោះតាមសន្ត កាឡូ អាគូទីស ដែលជាយុវជនជនជាតិអ៊ីតាលី ត្រូវបានប្រកាសជាសន្តបុគ្គលនៅឆ្នាំ ២០២៥ និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាសន្តបុគ្គលដំបូងគេដែលកើត និងធំធាត់ឡើងក្នុងយុគសម័យឌីជីថល។
ដីនេះត្រូវបានទិញដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការការីតាសប៉ាគីស្ថាន ហ៊ីដឺរ៉ាបាត (Caritas Pakistan Hyderabad)។ ស្របពេលជាមួយគ្នានេះដែរ តំបន់លំនៅឋានសហករណ៍ សាឡាមទី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដែលដឹកនាំដោយគ្រីស្តបរិស័ទ ក្នុងគោលបំណងផ្ដល់លំនៅឋានប្រកបដោយសុវត្ថិភាព កម្មសិទ្ធិកាន់កាប់ដីធ្លី និងឱកាសសេដ្ឋកិច្ចសង្គមរយៈពេលវែងសម្រាប់ក្រុមគ្រួសារគ្រីស្តបរិស័ទនៅក្នុងទីក្រុងនោះ ដែលជាទីក្រុងធំមួយក្នុងខេត្តស៊ីនដ៍ (Sindh) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។
បច្ចុប្បន្ននេះ ទីតាំងនេះដើរតួជាសាខានៃព្រះសហគមន៍ សន្តហ្វ្រង់ស៊ីស ហ្សាវីយេ (St. Francis Xavier) ហើយព្រះវិហារថ្មីដែលកំពុងសាងសង់នេះ គឺស្ថិតក្រោមគម្រោងបង្កើតព្រះសហគមន៍ឯករាជ្យមួយនៅទីនោះ ដើម្បីបម្រើតម្រូវការខាងវិញ្ញាណរបស់ប្រជាជនដែលកំពុងកើនឡើងនៅក្នុងតំបន់ជុំវិញ។
ពិធីនេះបានចាប់ផ្ដើមជាមួយនឹងការទទួលស្វាគមន៍លោកអភិបាល សាំសុន ស៊ូកាឌីន (Samson Shukardin) នៃភូមិភាគហ៊ីដឺរ៉ាបាត តាមរយៈការបាញ់កាំជ្រួច ការបំពាក់កម្រងផ្កា និងការជូនអំណោយជាក្រណាត់ព្រមទាំងមួកតាមបែបប្រពៃណីរបស់ប្រជាជននៅក្នុងតំបន់នោះ។
