អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤

ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៤នេះ បាន​រៀបចំឡើងក្រោមប្រធានបទ «ការពារជីវិត កសាងសន្តិភាព» ក្នុងគោលបំណងរំលឹកពីសារៈសំខាន់​ និងលើកកម្ពស់ការយល់ដឹង​ការគំរាមកំ​ហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាម​ មកលើប្រជាពលរដ្ឋស្លូតត្រ​ង់នៅទូទាំងពិភពលោក។  

នេះបើយោងតាម​​ការ​លើកឡើង​របស់​សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើបណ្តាញតេឡេក្រាម​នាថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៤។

សម្តេចធិបតីបានបន្តថា ក្នុងឱកាសដ៏មានអត្ថន័យនេះ សម្តេច​សូមរំលឹក នឹកដ​ល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និ​ងការលះបង់ក្នុងស​កម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើ​ម្បី​ធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក។

សម្តេចបញ្ជាក់ថា គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរា​រាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ»​។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ៖ «ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិ​ញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលប​ង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យម​នុស្ស​ជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែ​ង​ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។​

ក្នុងនាមកម្ពុជា​ជា​ប្រធានអនុសញ្ញាហាមការប្រើប្រាស់​គ្រាប់មីនប្រឆាំងមនុស្ស​ ឆ្នាំ​២០២៤​(អនុសញ្ញា​អូតាវ៉ា​)​ សម្តេចនាយករដ្ឋមន្រ្តីក៏បាន​ស្នើដល់សហគមន៍​អន្តរជាតិ​ និង​ពិភព​លោក​ទាំង​មូល​បន្ត​រួម​គ្នា ​ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភព​លោក៕

Daily Program

Livesteam thumbnail