អង្គការទស្សនៈពិភពលោកជំរុញឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ ក្នុងពេលជនភៀសសឹកបន្តកើនឡើង
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អំពាវនាវឱ្យមានការគាំទ្រជំនួយមនុស្សធម៌ជាបន្ទាន់ និងបង្កើនទំហំការឆ្លើយតប ខណៈពលរដ្ឋរាប់សែននាក់ត្រូវបានភៀសសឹកដោយជម្លោះប្រដាប់អាវុធដែលកើតឡើងជាថ្មីនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃ។
របាយការណ៍អង្គការទស្សនៈពិភពលោក ជម្លោះព្រំដែនពេលនេះ បានធ្វើឱ្យជនស៊ីវិលជាច្រើនត្រូវបម្លាស់ទី បាត់បង់ជីវិត និងរងរបួស មានការកើនឡើងជាខ្លាំងនៅទូទាំងខេត្តភាគពាយ័ព្យ និងភាគខាងលិចចំនួន ៧នៃប្រទេសកម្ពុជា រួមមានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង កោះកុង និងសៀមរាប។ ខណៈកុមារប្រឈមមុខនឹងភាពអាសន្ន និងរងគ្រោះធ្ងន់ធ្ងរបំផុត។
បើទោះជារាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមសប្បុរសជននានា បាននិងកំពុងផ្តល់ជំនួយជាចាំបាច់ដល់គ្រួសារភៀសសឹកក៏ដោយ ក៏ប៉ុន្តែទំហំនៃវិបត្តិនេះ ត្រូវបានអង្គការទស្សនៈពិភពលោក មើលឃើញថា គឺលើសពីសមត្ថភាពបច្ចុប្បន្ន ដោយបន្សល់ទុកនូវចន្លោះប្រហោងនៃកិច្ចអន្តរាគមន៍មួយចំនួន ដូចជាទីជម្រក សន្តិសុខស្បៀង ទឹកស្អាត អនាម័យ និងការថែទាំសុខភាព។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនភៀសសឹកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា កំពុងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ពិសេសកុមារក្នុងខេត្តដែលរងផលប៉ះពាល់ រួមមានខេត្តព្រះវិហារ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងឧត្តរមានជ័យ។
អង្គការទស្សនៈពិភពលោក ចង់ឱ្យមានការពង្រីកកិច្ចអន្តរាគមន៍ដល់ជនភៀសសឹកជាង២២០.០០០នាក់ ដើម្បីធានាថាពួកគេ និងកុមារទទួលបានជំនួយសង្គ្រោះជីវិត ដោយអំពាវនាវដល់ម្ចាស់ជំនួយ ដៃគូវិស័យឯកជន និងសាធារណៈជនចូលរួមផ្តល់មូលនិធិបន្ទាន់ និងការគាំទ្រជាសម្ភារៈនានា។ ក្នុងនោះក៏មានទាំងការគាំទ្រផ្នែកចិត្តសាស្រ្ត និងការអប់រំគ្រាមានអាសន្នសម្រាប់កុមារ។
លោក ជេនេស អ៊ីម៉ានូអ៊ែល នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងថា «គ្រួសារដែលត្រូវបានបង្ខំឱ្យផ្លាស់ទីចេញពីផ្ទះសម្បែងរបស់ពួកគេកំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ និងជាបន្តបន្ទាប់ ហើយអង្គការទស្សនៈពិភពលោក កំពុងពង្រីកវិសាលាយ៉ាងសកម្មនូវការការពារកុមារ អនាម័យ និងជំនួយសង្គ្រោះជីវិត ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើង»។ លោកថា ការគាំទ្រទាន់ពេលវេលា និងអាចបត់បែនបានពីដៃគូ និងសប្បុរសជន គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារកុមារ និងជួយសង្គ្រោះជីវិតរបស់ពួកគេ។
តាមតួរលេខរបស់ក្រសួងមហាផ្ទៃគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ចំនួនជនភៀសសឹក ដែលត្រូវបានជម្លៀសទៅមណ្ឌលសុវត្ថិភាព មានចំនួនសរុប ៤៣៨.៩៥៣នាក់៕