ជរាភាពមិនអាចបញ្ចប់បេសកកម្មប្រកាសដំណឹងល្អបានឡើយ

ក្នុងវ័យ ៩០ ឆ្នាំ លោក ថូម៉ា មេណាមប៉ារ៉ាមពីល (Thomas Menamparampil) ដែលជាអគ្គអភិបាលចូលនិរន្តមួយរូប នៅតែបន្តប្រកាសដំណឹងល្អនិងខិតខំកសាងស្ពាននៃសន្តិភាពនៅភាគឦសាននៃប្រទេសឥណ្ឌា។

អស់រយៈពេលជិត ៧ ទសវត្សរ៍មកហើយ ដែលអគ្គអភិបាល បានបម្រើគ្រិស្តបរិស័ទនិងប្រជាជននៅទូទាំងតំបន់ភាគឦសាននៃប្រទេសឥណ្ឌា ដោយបានកសាងសាលារៀន គាំទ្រដល់ក្រុមមនុស្សដែលត្រូវបានគេមើលរំលង ឬខ្វះខាតឱកាស និងជួយសម្របសម្រួលជម្លោះរវាងក្រុមជនជាតិផ្សេងៗគ្នា តាមរយៈការសន្ទនាដោយភាពអត់ធ្មត់ និងការគោរពចំពោះវប្បធម៌ផ្សេងៗគ្នា។

លោកអគ្គអភិបាលបានឈានចូលវ័យ៩០ ឆ្នាំ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ ប៉ុន្តែលោក នៅតែបន្តលះបង់កម្លាំងកាយចិត្តលើការសរសេរ ការពិចារណា និងការកសាងសកម្មភាពនានាដែលរួមចំណែកដល់ការរក្សាសុខនិងសន្តិភាព។

សកម្មភាពទាំងនេះកើតចេញពីបទពិសោធន៍នៃជីវិតជាអ្នកប្រកាសដំណឹងល្អ តាមរយៈការអប់រំ ការចូលរួមសន្ទនាអន្តរសាសនា ការផ្សះផ្សាប្រកបដោយនិរន្តរភាព ។ល។

លោក អគ្គអភិបាលកើតនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៣៦ នៅតំបន់ប៉ាឡា (Pala) រដ្ឋ កេរ៉ាឡា ( Kerala ) ភាគនិរតីនៃប្រទេសឥណ្ឌា។ តាំងពីនៅវ័យក្មេង លោកបានទទួលអារម្មណ៍ថាត្រូវបានអំពាវនាវឱ្យទៅធ្វើការងារ​ប្រកាសដំណឹងល្អ នៅរដ្ឋអាសាម ( Assam ) ភាគឦសាននៃប្រទេសឥណ្ឌា។ លោកបានចូលរួមជាមួយក្រុមសាលេស៊ៀន ដុនបូស្កូ ដោយបានប្តេជ្ញាចិត្តជាលើកដំបូងក្នុងឆ្នាំ ១៩៥៥ និងបានទទួលការតែងតាំងជាបូជាចារ្យនៅឆ្នាំ ១៩៦៥។

បន្ទាប់ពីបានសិក្សាផ្នែកទស្សនវិជ្ជា និងទេវវិទ្យា ព្រមទាំងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ និងភាសាអង់គ្លេស លោកបានបម្រើការងារជាអនុប្រធានគណៈ សាឡេស៊ៀន ប្រចាំតំបន់ ហ្គោវ៉ាហាទី ( Guwahati) និងជានាយកសាលាបច្ចេកទេសដុនបូស្កូ នៅទីក្រុង ស៊ីឡុង ( Shillong ) ក្នុងទីគ្រុង ម៉ីហាឡាយ៉ា ។

នៅឆ្នាំ ១៩៨១ សម្តេចប៉ាប យ៉ូហាន ប៉ូល ទី ២ បានតែងតាំងលោកជាអភិបាល នៃតំបន់ ឌីរូហ្គាហ្វ ( Dibrugarh) រដ្ឋ អាស៊ាម ។ នៅឆ្នាំ ១៩៩២ លោកបានក្លាយជាអភិបាល ដំបូងគេនៃភូមិភាគ ហ្គោវ៉ាហាទី  ដែលទើបបង្កើតថ្មី ហើយនៅឆ្នាំ ១៩៩៥ លោកត្រូវបានតែងតាំងជាអគ្គអភិបាល  រហូតដល់ពេលដែលលោកចូលនិវត្តន៍នៅឆ្នាំ ២០១២។

ក្រៅពីនោះលោកធ្លាប់ធ្វើជាប្រធានគណៈកម្មការផ្នែកអប់រំ និងវប្បធម៌ នៃក្រុម ចក្ខុវិស័យក្នុងការប្រកាស ដំណឹងល្អនៅទូទាំងទ្វីបអាស៊ី ដោយប្រកាន់ខ្ជាប់នូវភាពរសើបនិងការយល់ចិត្ត ត្រូវបានសង្ខេបតាមរយៈឃ្លាថា «ការខ្សឹបប្រាប់ដំណឹងល្អទៅកាន់ដួងព្រលឹងនៃទ្វីបអាស៊ី»។

Daily Program

Livesteam thumbnail
khmer popup image