ឡាន៤៥កៅអី១គ្រឿងផ្ទុះឆេះនៅមុខប្រាសាទអង្គរវត្ត
នៅថ្ងៃទី០៥ ខែមីនា នេះ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីករណីឆេះផ្ទុះរថយន្តនៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត ដែលឧបទ្ទវហេតុនេះបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត៤៥កៅអីមួយគ្រឿង និងបណ្តាលឲ្យឆេះរាលដាលដល់រថយន្តចតក្បែរនោះចំនួន២គ្រឿងទៀត។
បើតាមរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា៖ នៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី០៥ ខែមីនា មានករណីឆេះផ្ទុះរថយន្តដឹកភ្ញៀវទេសចរ៤៥កៅអី១គ្រឿងនៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។ ដោយរថយន្ត៤៥កៅអីមួយគ្រឿងនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតជាធម្មតាដោយមានរថយន្តចតក្បែរផងដែរ។ ឧបទ្ទវហេតុនេះបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត៤៥កៅអីមួយគ្រឿងដែលមានស្លាកលេខភ្នំពេញ
3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរនោះចំនួន២គ្រឿងទៀត។
រដ្ឋបាលខេត្តបានបន្ថែមថាករណីគ្រោះថ្នាក់នេះមិនបានបង្ក របួសដល់ភ្ញៀវទេសចរនោះទេ តែបាន ខូចខាតរថយន្តចំនួន៣គ្រឿងក្នុងនោះមានរថយន្តប្រភេទ៤៥កៅអី២គ្រឿង រថយន្ត២៤កៅអី១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស២នាក់។
រដ្ឋបាលខេត្តសូមស្នើដល់សារព័ត៌មានជាតិអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចៀសវាងការផ្សព្វផ្សាយព័ត៌មានដោយសន្និដ្ឋាន ឬដោយយល់ឃើញផ្ទាល់ខ្លួនមិនមានមូលដ្ឋានច្បាស់លាស់។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននិងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ៕