កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា លោក Obaid Saeed Obaid Bintaresh Aldhaheri ជួបពិភាក្សាការងារ​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា លោក Obaid Saeed Obaid Bintaresh Aldhaheri វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

​លោកបន្តថា ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។

ការវាយតម្លៃនេះ ធ្វើឡើង​ក្នុង​ជំនួបរវាង​ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៤នេះ។

លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូត​នៅកម្ពុជា លោក​នឹងខិតខំបន្តព​ង្រឹ​ង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ​

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំ​នាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ​ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ​​

ជាមួយគ្នានេះ សម្តេចធិបតី បាន​បញ្ជាក់ថា ៖ «ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាម​ពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបា​លកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអ​ភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន»។

សម្តេចបន្ថែមថា ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្នកម្ពុជា បានស​ម្រេចនូវការប្រើប្រា​ស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំ​រុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំ​ងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគ​ម្រោ​ងអភិវឌ្ឍថាមពលកកើតឡើងវិញ។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបា​នដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើ​យតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត៕