សេរីភាពខាងសាសនាត្រូវបានរំលោភបំពានមួយភាគបីក្នុងពិពិភពលោក
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា សេរីភាពខាងសាសនានៅលើពិភពលោកគឺត្រូវបានរំលោភបំពានមួយផ្នែក ។
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក អគ្គអភិបាល អេតទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ដោយជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិជាថ្មីដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្សដែលកំពុងបន្តរួមទាំងសេរីភាពខាងសាសនា។
លោកអគ្គអភិបាលបាននិយាយកាលពីថ្ងៃពុធថា សិទ្ធិមនុស្ស រួមទាំងការប្រឆាំងនឹងសេរីភាពនៃការគិត សតិសម្បជញ្ញៈ និងសាសនា បន្តត្រូវបានរំលោភលើកម្រិតគួរឱ្យព្រួយបារម្ភនៅទូទាំងពិភពលោក។
លោកអគ្គអភិបាលបានកត់សម្គាល់ថា ការរើសអើង និងការបៀតបៀនសាសនាកំពុងកើនឡើងនៅទូទាំងពិភពលោក។
លោកបានដកស្រង់ទិន្នន័យពីមូលនិធិជំនួយរបស់ព្រះសហគមន៍ដែលមានឈ្មោះថា Pontifical Foundation Aid to the Church in Need ថា សេរីភាពខាងសាសនាត្រូវបានរំលោភស្ទើរតែមួយភាគបីនៃបណ្តាប្រទេសនៃពិភពលោក ដែលប៉ះពាល់ដល់មនុស្សប្រហែល៤,៩ពាន់លាននាក់។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោកអគ្គអភិបាលដែលជាអតីតឯកអគ្គរាជទូតសម្តេចប៉ាប ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏បានត្អូញត្អែផងដែរថា នៅក្នុងប្រទេសលោកខាងលិចមួយចំនួន ការរើសអើងសាសនា និងការចាប់ពិរុទ្ធភាពកំពុងត្រូវបានប្រព្រឹត្តិជាច្រើនករណី។
លោកអគ្គអភិបាលបានគូសបញ្ជាក់ថា ដំណោះស្រាយគឺត្រូវតែ បន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ មានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននៅក្នុងពិភពលោកពហុប៉ូល ជាពិសេសដើម្បីពង្រឹងការគោរពចំពោះសិទ្ធិមនុស្ស ពោលគឺត្រូវតែរក្សានូវសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព ដូចមានចែងនៅក្នុង សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស៕