សហរដ្ឋអាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ​

នាព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Lloyd James Austin III រដ្ឋមន្ត្រី​ក្រសួងការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិ​ភា​ក្សាការងារ នៅវិមានសន្តិភាព។​

ក្នុងឱកាសនៃជំនួប លោក Lloyd James Austin III បានថ្លែងអំណរ​គុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា​ដ៏មមាញឹក​អនុ​ញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរ​គុណចំពោះការធ្វើ​បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការពារជាតិ ក៏បានបញ្ជាក់ផងដែរថា ​នេះគឺជា​ដំណើរទស្សនកិច្ចលើកទី២​ របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលលើកទី១ លោកបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ​្តីការពារជាតិអាស៊ាន​បូកកាលពីឆ្នាំ២០២២ ។​​​

ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ លោក​មាន​គោល​បំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការជាមួយ​កម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេស​លើ​វិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួច​ជាស្រេចក្នុង​ការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ ចេញនូវ យន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែ ប្រសើរបន្ថែមទៀត។

លោករដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តី សោម នស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។

បន្ថែមលើនេះ លោក​រដ្ឋ​មន្ត្រីការពារជាតិ ក៏បានសម្តែងនូវការកោតសរសើរ​អំពី​ជំនាញបោស​សម្អាតមីនរបស់កងទ័ពកម្ពុជា ហើយឯកឧត្តមមានជំនឿជាក់ថា សហរដ្ឋ​អាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យ​បោសសម្អាត​មីននេះបន្ថែមទៀត។

លោករដ្ឋមន្ត្រីការពារជាតិ ក៏បានបញ្ជាក់​ពីកា​រ​ផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែ​ម​ទៀត​ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Lloyd James Austin III និងគណៈប្រតិភូ ព្រមទាំងបានអរគុណ និងបាន​វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិ​ច្ចរបស់លោករដ្ឋមន្ត្រី​​មកកម្ពុជានាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើ​វិស័យការពារជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សន​កិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែ​លរួម​មាន​ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរ​គ្រឿងញៀន ជាដើម។

សម្ដេចធិបតី និងរដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានពិភាក្សា និង​ផ្លាស់ប្ដូ​រ​យោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បី​ចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុង​តំបន់ និងអន្តរជាតិ​ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍​ទៅវិញទៅមករវាង​ប្រទេសទាំងពីរ។ ​

សម្ដេចធិបតី ក៏បានស្នើឱ្យ​រដ្ឋមន្ត្រីការពារជាតិ បន្តនូវកិច្ច​សហប្រតិ​បត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់​ប្ដូរនិស្សិត​ផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និងកិច្ចប្រតិបត្តិការលើការធ្វើ​សមយុទ្ធ​យោធា​រវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានជូនពរ​លោករដ្ឋមន្រ្តីការពារជាតិ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្ស​នកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

Daily Program

Livesteam thumbnail